មនុស្សឆ្លាតត្រូវមានជំនាញបត់បែន ក្នុុងផែនការនយោបាយជាតិ
មនុស្សឆ្លាត តែងមានជ័យជម្នះ ឈ្នះមនុស្សល្ងង់។ មនុស្សបើចេះ គួរចេះឲ្យគេកោត តែបើឆោត គួរឆោតឲ្យគេអាណិត។
មនុស្សគួរតែរៀនសូត្រពីចំណុចល្អៗពីគ្នាទៅវិញទៅមក។
មនុស្សបង្រៀនមនុស្ស តែមនុស្សមិនគួរទទួលយកគំរូអាក្រក់ៗមកដាក់ក្នុងខ្លួននោះទេ ដូចពាក្យទូន្មានចាស់បុរាណមួយឃ្លាពោលថា "ពុតគ្រូកុំឲ្យត្រាប់ ច្បាប់គ្រូសឹមទទួលយកជាប់ខ្លួនជាដរាប"។
អ្នកនយោបាយខ្មែរ គួររៀនសូត្រពីអ្នកនយោបាយបម្រើជាតិ បម្រើប្រជារាស្ត្រ បម្រើដោយភាពស្មោះត្រង់ មិនកេងចំណេញនយោបាយបែបអគតិ ឬអគុណធម៌។
នៅលើលោកយើងនេះ មិនខ្វះទេ វីរជននយោបាយដែលល្អៗសម្រាប់ឲ្យយើងយកជាគំរូ ដូច្នេះអ្នកនយោបាយ មិនគួរដើរផ្ទុយពីនេះទេ។ ខ្ញុំនៅតែរម្លឹករឿងដដែលៗថា អ្នកនយោបាយខ្មែរ គួរធ្វើនយោបាយល្អ គិតដល់ផលប្រយោជន៍ជាតិ និងប្រជារាស្ត្រជាធំ ហើយកុំសូវវង្វេងធ្វើរឿងរ៉ាវណាដែលអាក្រក់ៗ ក្បត់ជាមួយនិងឧត្តមគតិខ្លួនឯង និងប្រជារាស្ត្រម្ចាស់ឆ្នោតច្រើនពេក។
ប្រជារាស្ត្រខ្មែរ បានស្គាល់នូវរស់ជាតិពិបាកៗច្រើនគ្រប់គ្រាន់ណាស់មកហើយ រហូតដល់ខ្លាចមិនចង់ឲ្យកើតមានម្ដងទៀត នៅក្នុងសង្គមខ្មែរ។
កម្ពុជាធ្លាប់បានឆ្លងកាត់នូវសង្គ្រាមស៊ីវិល ជាច្រើនទសវត្ស ហើយវាមិនបានផ្ដល់នូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជារាស្ត្រនោះទេ។ ប្រជារាស្ត្រខ្មែរ ត្រូវការសន្តិភាព និងការអភិវឌ្ឍ។ សន្តិភាព គឺគ្មានសង្គ្រាម និងគ្មានអំពើហឹង្សា ខ្មែរចេះរួបរួមសាមគ្គីគ្នា ខ្មែរចេះស្រឡាញ់រាប់អានគ្នា មិនមែនចាប់ដៃគ្នា លួចជាន់ជើង នោះទេ។
ដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍទៅមុខបានល្អ លុះត្រាណាតែសង្គមមានសន្តិភាពជាមុន។
ការអភិវឌ្ឍ ត្រូវធ្វើដោយមានតម្លាភាព មិនមែនបំផ្លាញធនធានជាតិ រួចខំប្រមូលទ្រព្យធន់ចូលក្នុងហៅប៉ៅមួយភាគធំ និងនៅសល់ដាក់ចូលឃ្លាំងជាតិ ហើយអួតអាងលើសការពិតនោះទេ។
ខ្ញុំគិតថាប្រជារាស្ត្រខ្មែរ មិនល្ងង់ពេកទេ នៅក្នុងពេលជាងមួយទសវត្សចុងក្រោយនេះ ដូច្នេះអ្នកនយោបាយ ត្រូវចេះបត់បែនតាមចរន្តម្ចាស់ឆ្នោត ហើយបើម្ចាស់ឆ្នោតស្អប់អំពើពុករលួយ ស្អប់អំពើបំផ្លាញធនធានធម្មជាតិហើយ គួរតែឈប់ធ្វើទៅ រួចត្រូវងាកមកលុបបំបាត់អំពើពុករលួយ និងការពារអភិរក្សធនធានធម្មជាតិទាំងអស់នោះឲ្យបានល្អឡើងវិញ ពេលនោះម្ចាស់ឆ្នោតមិនភ្លេចគុណរបស់អ្នកនយោបាយស្នេហាជាតិនោះឡើយ ខ្ញុំតែងមានជំនឿបែបនេះ៚


