ឈ្នះចាញ់ជារឿងធម្មតា តែសូមអង្វររក្សាកិត្តិយសផង

យប់យន់សុបិន្តយូរ គិតរួចហើយ ត្រូវសម្រេចចិត្ត ធ្វើវា ឬមិនធ្វើវា? ។
គ្រប់កិច្ចការដែលគួរធ្វើ ត្រូវតែមានផែនការច្បាស់លាស់ និងមានវិធីសាស្ត្រ ឬយុទ្ធសាស្ត្រនៅក្នុងប្រតិបត្តិការ។ ការងារដែលមានក្នុងផែនការ ត្រូវដឹងថា ត្រូវធ្វើនៅពេលណា? តើត្រូវធ្វើយ៉ាងដូចម្ដេច? តើមានអ្នកណាខ្លះត្រូវចូលរួម? តើមានអ្នកជំនាញប្រភេទម៉េចខ្លះ? និយាយជារួម ត្រូវសិក្សាឲ្យបានលម្អិត ស៊ីជម្រៅ និងសព្វជ្រុងជ្រោយជាមុន។
ផែនការសកម្មភាព ត្រូវតែលម្អិត និងច្បាស់លាស់ បើការងារគ្មានផែនការ មិនទទួលបានលទ្ធផលគាប់ប្រសើរទេ បរាជ័យច្រើនជាងជោគជ័យ។ ត្រូវរួបរួមសហការណ៍គ្នាធ្វើការ ហើយទទួលខុសត្រូវតាមជំនាញ។ ជួយប្រឹក្សាយោបល់គ្នា និងចេះយោគយល់អធ្យាស្រ័យគ្នា កុំចាំតែមើលបំណាំគ្នា រួចហើយចាប់កំហុសគ្នាឯង ត្រូវចងចាំថា "ខ្លួនយើងគ្រប់ៗគ្នា កំពុងជិះទូកតែមួយ ស្ថិតនៅកណ្ដាលសមុទ្រដូចគ្នា រួបរួមគ្នាចែវទៅ អំុទៅតាមសមត្ថភាព ដើម្បីជីិវិតរស់ គេចពីគ្រោះស្លាប់បាន។
តែទង្វើរសព្វថ្ងៃ គេបែជានាំគ្នាបង្ហាញពីភាពបែកបាក់ប្រេះឆា ខ្លាំងតែភាគីម្ខាង ឈ្នះតែភាគីម្ខាង ពោលគឺមិនមានតុល្យភាពបន្តិចសោះ។ អ្នកឈ្នះមានឈ្មោះថា ជាអ្នកស្នេហាជាតិ រីឯអ្នកចាញ់ឈ្មោះថាក្បត់ជាតិ តើនេះសមជាបែបអ្វីទៅ? ឈាមខ្មែរតែមួយដូចគ្នា តែមានចរិតលក្ខណៈមិនស្រប ចូលចិត្តតែផ្ទុយគ្នារហូតពីមួយជំនាន់ទៅមួយជំនាន់ ហើយបន្តបាត់បង់រហូត។ ឥរិយាបថអួតអាង ប្រជាភិថុតិ និងមិនមានក្រមសិលធម៌សាកសមជាអ្នកចាស់ទុំ សម្រាប់ជាគំរូល្អដល់យុវជនជំនាន់ក្រោយៗទាល់តែសោះ។
កីឡាប្រភេទនេះ គឺគេយកបញ្ញា និងវិជ្ជាជីវៈច្បាស់លាស់តាមជំនាញ ដើម្បីប្រកួតប្រជែងគ្នាដណ្ដើមអំណាចជាកាពីតែននាំនាវាកម្ពុជាត្រាច់ទៅយ៉ាងស្វាហាប់និងមោទនៈ គេមិនដែលប្រើកម្លាំងបាយ ឬកម្លាំងប្រដាប់អាវុធ ឬក៏គម្រាមកំហែង យកប្រៀបលើដៃគូរប្រកួតប្រជែងគ្នា ដោយអំពើបែបអគុណធម៌ណាមួយនោះទេ។
លទ្ធផល បើឈ្នះៗឲ្យគេកោត តែបើចាញ់ៗឲ្យមានកិត្តយស ព្រោះម្នាក់ៗកើតមកជាកូនខ្មែរ ជាពូជពង្សអ្នកជា និងជាពូជពង្សថ្លៃថ្នូរក្នុងសកលលោក កុំស្រឡាញ់អំណាច ភ្លេចកំណើតពូជពង្សអ្នកកសាងអង្គរឲ្យសោះ។ តើពាក្យថានយោបាយឈ្នះៗ ដែលតែងតែពោលរលាយបាត់ហើយឬ
សូមខ្មែរ ឈប់យកខ្មែរគ្នាឯងជាសត្រូវទៀតទៅ ហើយត្រូវស្រឡាញ់គ្នា ក្នុងនាមជាកូនខ្មែរដូចៗគ្នា។
ហើយខ្ញុំក៏ជាអ្នករួមលើនាវានេះដែរ សុំស្នើចិត្តសូមអង្វរ..៚

