គ្រប់គ្រងខ្លួនឯង ហ៊ានទទួលបរាជ័យ ក៏ដើម្បីបានជោគជ័យត្រលប់មកវិញ
ម្នាក់ៗតែងមានគោលបំណងដើម្បីទៅឲដល់គោលដៅ ហើយគោលដៅរបស់មនុស្សមិនដូចគ្នាទេ ព្រោះចិត្តមនុស្ស មិនដូចគ្នាដែរ តែគ្មានអ្នកចង់បរាជ័យនោះឡើយ។
ទោះបីជាមនុស្សមិនពេញចិត្ត ឬមិនចូលចិត្តបរាជ័យក៏ដោយ បរាជ័យមិនទៅណាឆ្ងាយពីខ្លួនអ្នកឡើយ។ បរាជ័យ ជាកំពូលអ្នកឆក់យកឱកាសលេខ១លើលោក ឲ្យតែយើងប្រហែសតែបន្តិច វាចាប់ផ្ដើមចាប់យកភ្លាម គ្មានរើសមុខឡើយ។
តើលោកអ្នកយល់ថា បរាជ័យ គួរឲ្យខ្លាចដែរ ឬទេ?
ខ្ញុំយល់ថា ការបរាជ័យ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់ នៅពេលដែលយើងមិនមានការជឿជាក់លើខ្លួនឯង។ តែការបរាជ័យក៏មិនគួរឲ្យខ្លាចដែរ នៅពេលដែលយើងចេះគ្រប់គ្រងវា និងចេះប្រើប្រាស់វាបានស្ទាត់ជំនាញ។ មនុស្សពូកែអាចយកបរាជ័យ ធ្វើជាល្បិច (ជោគជ័យក្នុងបរាជ័យ) ព្រោះមនុស្សដែលពូកែ គឺជាអ្នកដែលអាចស្រាយបញ្ហា និងបត់បែនតាមកាលៈទេសៈនៅចំពោះមុខបាន ដោយគ្មានការស្ទាក់ស្ទើរ ឬភ័យខ្លាច។ ចូរចាំថា ការខ្លាចមុខ ខ្លាចក្រោយ តែងជៀសមិនផុតពីបរាជ័យនោះទេ។
គ្រប់ជំហ៊ាននៃការគិតមិនប្រាកដថា ជោគជ័យគ្រប់កាលវេលានោះដែរ។ បរាជ័យ ជាបទពិសោធន៍ តែក៏ជាឃាតករដ៏គួរខ្លាចផងដែរ។ មនុស្ស ដែលមិនចេះគ្រប់គ្រងការបរាជ័យ អាចត្រូវបានធ្វើឃាតដោយសារការបរាជ័យ។ ចំពោះការបរាជ័យ រឿងតូចៗ គឺមិនជាពិបាកគ្រប់គ្រងទេ តែបើរឿងធំៗវិញ ក៏មិនជាងាយគ្រប់គ្រងដែរ ព្រោះខ្លាចវាជាដំណាក់កាលចុងក្រោយ នៃការបរាជ័យ។ ការបរាជ័យនៅក្នុងដំណាក់កាលចុងក្រោយ គឺពិតជាពិបាកគ្រប់គ្រងសតិអារម្មណ៍ខ្លាំងណាស់។ បើមិនឈ្នះទេ គឺចាញ់ហើយ។ ខ្លាចចាញ់រហូតជារឿងធំជាងគេ គឺខ្លាចតែមិនមានឱកាសស្ដារឡើងវិញ ឬក៏អាចនិយាយបានថា៖ "អស់ឱកាសនៅក្នុងជីវិត"។
បរាជ័យ មិនគួរឲ្យខ្លាច តែគួរឲ្យខ្លាច ព្រោះខ្លាចមិនជោគជ័យ ឬមិនដឹងថា ត្រូវធ្វើឲ្យជោគជ័យតាមវិធីសាស្ត្រណា។
និយាយដូចអត់និយាយ គិតដូចអត់គិត បរាជ័យដូចអត់បរាជ័យ ការគិតបែបវិជ្ជមាន ជាកម្លាំងចិត្តដ៏ធំ ក្នុងការជម្រុញខ្លួនយើងឲ្យបន្តដំណើរទៅមុខទៀត។ គ្រប់គ្រងខ្លួនឯងបាន មានន័យថា ការបរាជ័យ បានឃ្លាតឆ្ងាយពីយើងបន្តិចទៀតហើយ តែមិនត្រូវប្រហែសដាច់ខាត ព្រោះបរាជ័យ ចាំឃ្លាំមើលយើងគ្រប់ជំហ៊ាន បើមិនប្រយ័ត្ន ច្បាស់ជាជាប់អន្ទាក់បរាជ័យទៀតជាក់ជាមិនខានឡើយ។៚
@pov


