មនុស្សជោគជ័យក៏ព្រោះគាត់ស្គាល់ប្រយោជន៍នៃពេលវេលា ហើយធ្វើការចាត់ចែងដោយមិនប្រមាទ

P
pov
![Screenshot_2018-11-13-23-01-20.png](https://serey.io/imageupload_data/86f8e75b3f790047a216bc55d80503024c43d3fa) មានរឿងរ៉ាវខ្លះនៅក្នុងលោកយើងនេះ ទោះបីជាចង់ជឿ ឬមិនចង់ជឿក៏ដោយ ចូរកុំប្រមាថជ្រុលពេក។ ចាប់តាំងពីមានការមិនជឿ រហូតដល់មានការជឿ គឺត្រូវការពេលវេលាមួយដែរ។ ពេលវេលាអាចផ្លាស់ប្ដូរអ្វីៗបាន ដូច្នេះពេលវេលាជាវត្ថុទិព្វដ៏មានឥទ្ធិពលមហិមា និងអំណាចធំធេងបំផុត ហើយក៏គ្មានអ្វីអាចមករារាំងពេលវេលាបានដែរ។ មនុស្សអាចប្រឆាំងជាមួយអ្វីៗក៏បានដែរ តែមិនអាចប្រឆាំងជាមួយពេលវេលា ឬព្រហ្មលិខិតបានដែរ។ ពេលវេលា គឺជាអ្នកកំណត់ និងសម្រេចនូវជោគវាសនារបស់មនុស្ស ដូច្នេះមនុស្សត្រូវស្គាល់ឲ្យច្បាស់ពីពេលវេលា ទាំងការចេះប្រើប្រាស់ពេលវេលា និងការគ្រប់គ្រងពេលវេលាបានល្អត្រឹមត្រូវ ព្រមជាមួយគុណតម្លៃដ៏ប្រពៃថ្លៃថ្លា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងអនាគតរបស់មនុស្សម្នាក់ៗ។ ពេលវេលាមិនស្ថិតក្នុងកណ្ដាប់ដៃជនណាម្នាក់ឡើយ កុំយល់ច្រលំថា ពេលវេលាស្ថិតនៅក្នុងកណ្ដាប់ដៃខ្លួនឲ្យសោះ។ ចូរចាំថា "មនុស្សពូកែ" គឺស្គាល់ច្បាស់ពីពេលវេលា ចេះគ្រប់គ្រងពេលវេលា និងអាចប្រើប្រាស់ពេលវេលាបានល្អ ឲ្យសមស្របទៅតាមកាលៈទេសៈ និងយល់តាមស្ថានការណ៍ជាក់ស្ដែង។ មនុស្សដែលមិនចេះគ្រប់គ្រងពេលវេលា ប្រាកដជាបរាជ័យមិនខាន និងគ្មានថ្ងៃណាបានស្គាល់ពីភាពជោគជ័យ នៃជីវិតឡើយ។ រឿងរ៉ាវអ្វីក៏ដោយ ធ្វើជាមនុស្សត្រូវចេះគិតគូរឲ្យបានល្អិតល្អន់ និងសព្វជ្រុងជ្រោយ ចូរកុំចេះតែយល់តាមចំណង់ និងការគិតដែលគ្មានហេតុផល។ មនុស្សល្ងង់ គឺមិនស្រឡាញ់ពេលវេលា ហើយក៏មិនដែលចេះខ្វល់ពីពេលវេលាដែរ។ មនុស្ស គឺរស់នៅជាមួយពេលវេលា បើមិនចេះស្រឡាញ់ពេលវេលា នោះរាល់អ្វីៗច្បាស់ជាត្រូវរលាយសាបសូន្យទៅតាមនោះដែរ។ មនុស្សដែលចេះស្រឡាញ់ខ្លួន គឺត្រូវចេះស្រឡាញ់ពេលវេលា ដូច្នេះចូរកុំយកពេលវេលាឲ្យមកបំផ្លាញខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិឲ្យសោះ៚ @pov

Comments

imnarasa
ចា៎ បំភ្លឺបានល្អ !