ធ្វើជាឪពុកម្តាយគេ មិនគួរវិនិច្ឆ័យកាត់ទោសកូនបែបស្តង់ពីរនោះទេ

P
pov
![Screenshot_2018-11-15-14-41-21.png](https://serey.io/imageupload_data/d2fc12b442845d72899e8639c57b0db14d354dba) ការពិតទៅ "មនុស្សល្អ" និង "មនុស្សអាក្រក់" ដូចតែគ្នាហ្នឹង គឺ "មនុស្ស"។ មនុស្សល្អ មិនមែនល្អគ្រប់យ៉ាង ហើយមនុស្សអាក្រក់ ក៏មិនអាក្រក់គ្រប់យ៉ាងនោះដែរ ដូច្នេះមុនពេលយើងធ្វើការវិនិច្ឆ័យ ឬវាយតម្លៃលើមនុស្សណាម្នាក់ ថាគេយ៉ាងនេះ ឬថាគេយ៉ាងនោះ សូមពិចារណា និងស្វែងយល់អំពីឫសគល់នៃដើមហេតុទាំងឡាយនោះឲ្យបានស៊ីជម្រៅ និងច្បាស់លាស់ (បង្ហាញភស្តុតាងបញ្ជាក់) ជាមុនសិន។ ចូរចាំអំពីការពិតមួយ ការបង្កើតកំហុស គឺងាយ រីឯការបង្កើតនូវរឿងដ៏ត្រឹមត្រូវវិញ វាពិបាក។ ការគ្រប់គ្រងគ្រួសារមួយឲ្យបានល្អ គឺជារឿងពិបាកមួយរបស់មនុស្ស។ ការនឹកឃើញ ឬការចង់បាន គឺមិនមែនបានដូចចិត្តគ្រប់រឿងនោះទេ មានរឿងខ្លះ និយាយស្រួល តែពិបាកធ្វើ។ មេគ្រួសារល្អ មានកូនចៅសឹងតែទាំងអស់ គឺល្អ។ ការដឹកនាំគ្រួសារមួយឲ្យបានល្អ និងមានសុភមង្គល គឺជាសេចក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប។ ចង់បានឲ្យគ្រួសារល្អ សមាជិកគ្រួសារ ទាំងចាស់ ទាំងក្មេង ត្រូវចេះរួបរួមសាមគ្គីគ្នា ជួយជ្រោមជ្រែងគ្នា ជួយលើកទឹកចិត្តគ្នា កាន់ដៃគ្នាជម្នះនូវគ្រប់ឧបស័គ្គដែលកើតមាននៅចំពោះមុខជាមួយគ្នា កុំចុះចាញ់ដោយងាយៗពេក។ ការមិនបោះបង់ចោលគ្នា ជាសញ្ញានៃភាពជោគជ័យ។ ធ្វើជាមេដឹកនាំសង្គមជាតិល្អម្នាក់ ក៏ដូចជាធ្វើមេគ្រួសារដ៏ល្អម្នាក់ដែរ។ បើបង្កើតវប្បធម៌ក្នុងគ្រួសារឲ្យមានសុភមង្គលល្អ មួយបាន ក៏ត្រូវតែបង្កើតវប្បធម៌សង្គមជាតិមានសុភមង្គលល្អមួយបានដូចគ្នាដែរ មិនមែនមេដឹកនាំសង្គមជាតិ បង្កើតស្ដង់ដារពីរខុសគ្នា រវាងស្ដង់ដារគ្រួសារផ្សេង ស្តង់ដារសង្គមជាតិផ្សឹងនោះទេ។ ![Screenshot_2018-11-15-14-41-50.png](https://serey.io/imageupload_data/15fce036ab62b73a35782d141888f6eb32878bdd) មេដឹកនាំជាតិ គឺជាគំរូល្អរបស់មនុស្សជាតិ។ ឥរិយាបថល្អរបស់មេដឹកនាំជាតិ ជាចក្ខុវិស័យ នៃសន្តិភាព និងការអភិវឌ្ឍជាតិ។ មេដឹកនាំល្អ ត្រូវធ្វើល្អគ្រប់យ៉ាង ដើម្បីជាតិ ប្រជារាស្ត្រ និងទឹកដី។ សម្ដីមេដឹកនាំជាតិ ជាសម្ដីពិត និយាយដូចម្ដេច ត្រូវធ្វើអញ្ចឹង។ កុំចេះតែគ្រលាស់អណ្តាត និយាយឲ្យរួចតែពីមាត់ ដូចមនុស្សអត់បានការ ចេះតែនិយាយ តែមិនចេះធ្វើ មិនចេះទទួលខុសត្រូវ។ មេដឹកនាំគ្រប់ស្ថាប័ណគ្រប់និន្នាការ ត្រូវធ្វើជាគំរូដល់អ្នកជំនាន់ក្រោយ កុំចេះតែចង់ឲ្យគេធ្វើនេះ គេធ្វើនោះ ធ្វើដើម្បីខ្លួនឯងរក្សាអំណាចបន្តបានយូរឲ្យសោះ។ កិត្តិយសសង្គមជាតិថ្លៃថ្នូរមួយ ត្រូវរៀបចំឡើងសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែក្រុមគ្រួសារខ្លួន បក្ខពួកខ្លួននោះទេ។ ធ្វើជាគំរូមេដឹកនាំល្អរបស់សង្គមជាតិ ទើបជាកិត្តិយសពិត កេរ្តិ៍ឈ្មោះក៏ក្រអូបសាយ និងថ្លៃថ្នូរជាដរាប។ ចូរបោះបង់រាល់អំពើអាក្រក់ ចាប់យករាល់អំពើល្អ ដើម្បីជាតិ ប្រជារាស្ត្រទាំងអស់គ្នា៚![Screenshot_2018-11-15-14-42-13.png](https://serey.io/imageupload_data/135876b1e7009c716b62275a0cdabb94b7476bb4) ពីខ្ញុំបាទ ស្រលាញ់គ្រួសារខ្មែរណាស់ @pov

Comments