មិនខ្វល់ សំខាន់ឈ្នះ!

P
pov
មិនខ្វល់ សំខាន់ឈ្នះ ទោះដោយវិធីណាក៏ដោយ បែបនេះជារឿងគួរឲខ្លាចណាស់។ វិបត្តិនយោបាយនៅកម្ពុជា បន្តមានវត្តមានទៅបានដោយសារអ្នកនយោបាយ មិនមានទឹកចិត្តជាកីឡាករ។ អ្នកនយោបាយចង់ឈ្នះ តែខ្វះការទទួលខុសត្រូវ។ អ្នកនយោបាយ រំលោភលើឆន្ទះខ្លួនឯង និងបាត់បង់គុណជាតិ (សិល សមាធិ បញ្ញា) ពីក្នុងខ្លួន។ អ្នកនយោបាយ គិតតែចង់បានអំណាច មិនខ្លាចប្រើគ្រប់កលល្បិច ដើម្បីចង់ឈ្នះ។ អ្នកនយោបាយ បានភ្លេចការសម្រេចចិត្តរបស់ខ្លួន ពេលចាប់ផ្ដើមចូលតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ពីរបប ប៉ុល ពត ដ៏ខ្មៅងងឹត និងការតស៊ូបណ្ដេញពួកបរទេសជាប់ខាងឲ្យចេញពីកម្ពុជា ក្នុងទសវត្ស ១៩៨០។ ក្រោយការបង្រួបង្រួមជាតិខ្មែរ ប្រជារាស្ត្រខ្មែរទូទាំងប្រទេស និងសហគមន៍បរទេស ក៏បាននាំគ្នាអបអរសាទរជ័យជំនះដ៏ត្រចះត្រចង់មួយនេះ។ តែអកុសល ការបង្រួបបង្រួមជាតិ មិនមានភាពស្មោះត្រង់ជាមួយគ្នា បែជាសម្លាប់អ្នកស្នេហាជាតិល្អៗយ៉ាងច្រើននៅឆ្នាំ១៩៩៧ទៅវិញ តើទាំងនេះបណ្ដាលមកពីមូលហេតុអ្វី? ព្រោះតែឈ្លក់វង្វេងអំណាច អ្នកនយោបាយ ក៏ចាប់ផ្ដើមប្រើវិធីសាស្ត្រដណ្ដើមអំណាច។ អ្នកនយោបាយខ្មែរ ពិតជាគួរឲ្យខ្លាចបំផុត គ្រប់ភាគីក៏បានបង្កើតនូវទស្សនវិស័យចង់តែឈ្នះ ហើយគ្រប់ភាគីទាំងអស់ គឺមិនខ្វល់ពីការខាតបង់ផលប្រយោជន៍ជាតិ ប្រជារាស្ត្រ និងទឹកដីឡើយ។ អ្នកនយោបាយ ចាប់ផ្ដើមបង្កើតគំនុំក្នុងចិត្ត ចេះប្រើវិធីបំប្លែងពណ៌ ពីសទៅខ្មៅ ពីខ្មៅទៅស ធ្វើឲ្យម្ចាស់ឆ្នោត ម្ចាស់ប្រទេស លែងស្គាល់អ្វីល្អ អ្វីអាក្រក់ឲ្យពិតប្រាកដ។ ការបោះឆ្នោតពីរអាណត្តិចុងក្រោយ បានបង្ហាញឲ្យឃើញពីការប្រកួតប្រជែងរបស់គណបក្សធំៗទាំងពីរ។ គណបក្សកាន់អំណាចធ្លាប់ប្រើសារនយោបាយខ្លួនថា៖ ខ្លួនមិនខ្លាចសម្លាប់មនុស្សមួយចំនួន ដើម្បីការពារសន្តិភាពនៅកម្ពុជាឡើយ។ លើសពីនេះទៅទៀត គណបក្សកាន់អំណាច បានប្រើគ្រប់យុទ្ធសាស្ត្រ ដើម្បីរំលាយគណបក្សប្រឆាំង ហើយពួកគេមិនខ្វល់ពីការខាតបង់ ឬផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិច្រើន ឬធំប៉ុណ្ណាឡើយ។ គណបក្សប្រឆាំងវិញ ទទួលបានការគាំទ្រយ៉ាងច្រើន ពីម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីឆ្នាំ២០១៣ មក។ គ្រប់ៗគ្នា សុទ្ធតែទទួលស្គាល់នូវលទ្ធផលមួយនេះ។ ហេតុតែអំណួត គណបក្សប្រឆាំងហាក់ដូចជាភ្លេចមេរៀនប្រវត្តិសាស្ត្រ របស់គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ឈ្នះឆ្នោតឆ្នាំ១៩៩៣ តែមិនចេះការពារជ័យជំនះឲ្យបានគង់វង់។ ដោយសាររវល់តែសប្បាយភ្លេចខ្លួននឹងជ័យជំនះ ធ្វើឲ្យគណបក្សមួយនេះសូន្យកៅអីនៅថ្ងៃនេះ។ យើងមានជំនឿថា ល្បិចបំបែកបំបាក់របស់គណបក្សកាន់អំណាចមិនខ្លាំងទេ មកពីមេដឹកនាំ ថ្នាក់ដឹកនាំមួយចំនួនរបស់គណបក្សប្រឆាំង រវល់តែសង្ស័យគ្នា ដណ្ដើមអំណាចខាងក្នុងគណបក្សគ្នា មិនមានការជឿជាក់លើគ្នាខ្លាំង បើនៅតែដូច្នេះ មិនយូរមិនឆាប់ទេ គណបក្សនេះ ប្រាកដជាមានវាសនាមិនខុសពីហ៊្វុនស៊ិនប៉ិចឡើយ បើនៅតែមានជំហរដូចសព្វថ្ងៃ។ ដំណោះស្រាយមានច្រើនណាស់ ហើយសុទ្ធតែជាជម្រើសល្អៗ តែខ្លួនខ្វះសមត្ថភាពបង្រួបបង្រួមការឯកភាពផ្ទៃក្នុងគណបក្សទៅវិញ។ ការបែកបាក់ គឺនាំឲ្យវិនាសអន្តរាយ ឯការមិនទុកចិត្តគ្នា មិនមានផលល្អសម្រាប់ការបង្រួបបង្រួមនោះទេ៚ ![6656.jpg](https://serey.io/imageupload_data/ed9b11079524ec05f45696383c94cfba8eab8253)

Comments