បើមិនកែប្រែទេ បន្តិចទៀតមន្ត្រីពុករលួយនិងអស់លក្ខណ៍ ឆាប់ៗនេះហើយ
ជាទូទៅមនុស្សតែងចង់បានជីវភាពធូរធារ ចង់រស់ស្មើមុខស្មើមាត់នៅក្នុងសង្គម មនុស្សចេះគោរពគ្នាទៅវិញទៅមកក្នុងភាពជាមិត្ត និងជាជាតិសាសន៍តែមួយដូចគ្នា។
ការចង់បាន គឺមិនចេះគ្រប់គ្រាន់ទេ តែក៏មានមនុស្សភាគច្រើនដែរ ដែលគ្រាន់តែចង់ឲ្យខ្លួនឯង និងគ្រួសារមានហូបចុកគ្រប់គ្រាន់ តែអកុសលវាសនា និងទង្វើរបស់មនុស្សខ្សត់ទ្រព្យ និងខ្វះចំណេះដឹង ស្ទើតែត្រូវបានបាត់បង់នូវសិទ្ធិរបស់ខ្លួន តាមរយៈការរំលោភបំពាន ពីក្រុមមនុស្សមានអំណាច បុណ្យសក្តិ និងអ្នកមានឥទ្ធិពល តែងតែកិបកេងប្រវ័ញ្ច រឹបអូបដីធ្លី គ្មានស្រណោះជីវិតគ្នាដែលតោកយ៉ាក គ្មានញញើតច្បាប់បន្តិចសោះឡើយ។

មេដឹកនាំគ្រប់រូប គ្រប់ប្រទេសតែងចង់ឲពលរដ្ឋម្ចាស់ឆ្នោតទទួលបានសុខសុភមង្គល មានសេដ្ឋកិច្ចល្អធូរធារ មានសន្តិសុខល្អ និងទទួលបានផលស្មើៗគ្នាពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ តែរឿងទាំងនេះត្រូវបានបំផ្លាញទៅវិញ ដោយសារមន្ត្រីពុករលួយមួយចំនួន ពិតជាគួរឲ្យសោកស្ដាយ ចំពោះទឹកចិត្តសប្បុរសរបស់មេដឹកនាំដែលស្រឡាញ់ជាតិពិតប្រាកដណាស់។
មន្ត្រីដឹងខុសចេះកែ ជារឿងល្អសម្រាប់ជាតិនឹងប្រជាជន តែបើមន្ត្រីមិនចេះកែ ហើយចេះតែកិន ចេះតែផ្គើននឹងបទបញ្ជា បទបញ្ញត្តិនៃច្បាប់ គួរត្រូវបានអនុវត្តតាមច្បាប់ដែលមានជាធរមាន កុំឲ្យមានការលើកលែង កុំបណ្តោយធ្លោយជាគំរូអាក្រក់ឲ្យសោះ។ ចង់ឲ្យរាស្ត្របានសុខសប្បាយ ត្រូវពង្រឹងវិន័យ សិលធម៌ សមត្ថភាព និងលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោម ដែលមានស្នាដៃ និងត្រូវតែលុបបំបាត់បក្ខពួកនិយម និងក្រុមគ្រួសារនិយមចោល ទើបជាតិរីកចម្រើនទៅមុខជាបន្តបន្ទាប់ប្រកបដោយសមភាព សមធម៌ និងមានវឌ្ឍនភាពជាស្វ័យប្រវត្តិ៚
@pov


