មនុស្សគិត ធម្មជាតិកត់
គ្មានរឿងអីធំគួរខ្លាចលើសពីក្តីស្លាប់ តែក៏មិនមានន័យថាមនុស្សទាំងអស់ សុទ្ធតែខ្លាចស្លាប់នោះដែរ។
ក្រៅតែពីសេចក្ដីស្លាប់ គឺវាគ្មានវត្ថុអ្វីអាចហាមឃាត់ចិត្តមនុស្សបានទេ។

មនុស្ស គឺអាចសម្រេចចិត្តធ្វើអ្វីក៏បានដែរ ឲ្យតែខ្លួនគិតថា "របស់អស់ទាំងនោះ ត្រូវតែជារបស់ខ្លួនតែម្នាក់គត់"។ ជីវិតមនុស្ស គឺវាខ្លីណាស់ តែមនុស្សចង់រស់នៅឲ្យបានយូរ តែភាគច្រើនការចង់បានបែបនេះ មិនអាចស្របតាមចិត្តខ្លួនឯង ឬអាចឈ្នះលើច្បាប់ធម្មជាតិបានឡើយ។ ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលមានយុត្តិធម៌ និងសច្ចៈធម៌ល្អខ្លាំងបំផុតគ្មានពីរ។
មនុស្សគិត មិនដូចធម្មជាតិគិតទេ។ ហេតុតែមនុស្សយើងចង់រស់នៅឲ្យបានសុខស្រួល ពេលខ្លះហ៊ានប្រព្រឹត្តិល្មើសជាមួយច្បាប់ធម្មជាតិ និងក្បត់ទាំងឧត្តមគតិខ្លួនឯង ដោយគ្មានការខ្លាចញញើតសូម្បីតែបន្តិច។
ផលប្រយោជន៍លោភលន់ គឺជាមូលហេតុចម្បងជាងគេ ដែលនាំឲ្យមនុស្សបាត់បង់សតិសម្បជញ្ជៈ និងគ្មានការខ្លាចក្រែងអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ។ ភាពលោភលន់ អាចបំផ្លាញអ្វីៗគ្រប់យ៉ាងបាន បើអ្នកនោះ លែងមានធម្មជាតិជាមនុស្សបន្តទៅទៀតហើយ។
ធម្មជាតិ គឺជាអ្នកមានគុណដ៏ធំ ហើយបានផ្ដល់នូវបរិស្ថានដ៏សាកសមមួយ សម្រាប់ជួយដល់ការរស់រានមានជីវិត នៃអស់មនុស្ស-សត្វ ទាំងពួងដែលមាននៅលើភពផែនដីនេះ។
"ធម្មជាតិ" គឺវាមិនចេះទាមទារការតបស្នងពីមនុស្ស-សត្វទេ តែមនុស្សក៏មិនគួរណា រមិលគុណខ្លាំងចំពោះធម្មជាតិវិញដែរ។ ធម្មជាតិ បានជួយដល់យើង ដូច្នេះយើងគួរតែជួយដល់ធម្មជាតិវិញ ហើយការជួយគ្នាទៅវិញទៅមក គឺជាគុណធម៌ដ៏ល្អមួយរបស់មនុស្ស។ មនុស្សជាសត្វដែលធម្មជាតិបង្កើតមក ដើម្បីឲ្យជួយមើលថែ និងការពារភពផែនដីជាមួយគ្នា។
ការពិតមនុស្សយើងគិតអ្វីក៏មិនចេះខុសដែរ ព្រោះរាល់ការគិតរបស់មនុស្សម្នាក់ៗ គឺដើម្បីបំពេញសេចក្ដីត្រូវការ ឬស្របតាមគោលដៅណាមួយរៀងៗខ្លួន ឬក្រុម។ ធម្មជាតិនៃមនុស្ស មិនអាក្រក់ទេ ហើយគ្រប់គ្នាដែលបានកើតចេញមក គឺជាមនុស្សល្អស្អាតជាទីបំផុត។ ការអប់រំ ជាអ្នកបង្រៀនមនុស្ស ឲ្យស្គាល់ពីតម្លៃខ្លួនជាមនុស្ស។ សង្គមជាតិ បានអប់រំមនុស្ស ឲ្យស្គាល់ពីតម្លៃតថភាពនៃភាពជាមនុស្ស។ មានតែខ្លួនឯងទេ ទើបដឹងថា "ខ្លួនចង់បានអ្វី? ខ្លួនចង់ធ្វើអ្វី?" វាសនារបស់មនុស្សម្នាក់ៗ គឺមិនស្ថិតលើកណ្ដាប់ដៃអ្នកដទៃទេ ដូច្នេះសូមខំប្រឹងខ្លួនឯង ជម្នះគ្រប់ឧបស័គ្គក្នុងផ្លូវសុចរិត និងស្របតាមច្បាប់ធម្មជាតិ ហើយសូមកុំបង្ខំខ្លួនឯង ធ្វើតាមចិត្តលោភលន់គ្មានហេតុផលឲ្យសោះ៚

@pov

