ហិនហោច ឬរុងរឿងរបស់ប្រទេសជាតិ កត្តាសាមគ្គីត្រូវតែមាន រវាងខ្មែរនឹងខ្មែរ

អនាគតល្អ គឺជាសេចក្ដីប៉ងប្រាថ្នារបស់មនុស្សគ្រប់ៗរូប។ តើអនាគតល្អប្រភេទយ៉ាងម៉េចដែលអ្នកត្រូវការ? បើនិយាយពីវា យើងត្រូវស្គាល់វាឲ្យច្បាស់ ហើយបើមិនស្គាល់វាឲ្យបានច្បាស់ទេ កុំសង្ឃឹមថា វាចង់មករស់នៅជាមួយយើង។ អនាគតនោះយ៉ាងម៉េច គឺយើងមិនច្បាស់ទេ តែច្បាស់ត្រង់ថា បើយើងមានគោលដៅច្បាស់លាស់ ហើយបន្តបំពេញគោលដៅនោះរហូត យើងប្រាកដជាទទួលបានលទ្ធផលដ៏ល្អមួយមិនខាន។
គិតអំពីអនាគតរបស់យើង អនាគតគ្រួសារយើង និងអនាគតប្រទេសជាតិយើង គឺស្ថិតនៅលើយើងម្នាក់ៗ។ បើយើងមិនគិតខ្លួនឯង យើងប្រាកដជាចាញ់ តែបើចាញ់អ្នកដទៃ យើងអាចនិយាយបានថា យើងនៅមានឱកាសឈ្នះលើកក្រោយៗ តែបើយើងចាញ់ខ្លួនឯងហើយ គឺចាញ់រហូត។ ការយកឈ្នះខ្លួនឯងបាន នោះអនាគតច្បាស់ជាល្អ ព្រោះយើងជាម្ចាស់នៃវាសនាអនាគតនោះ។
អនាគតគ្រួសារយើង គឺត្រូវការការចូលរួមមួយចំណែកពីខ្លួនយើង។ យើងជាសមាជិកម្នាក់ក្នុងគ្រួសារ ដូច្នេះគ្រួសារ គឺជាជីវិត និងក្ដីសង្ឃឹមរបស់យើង។ ការរួមចំណែករបស់យើងក្នុងគ្រួសារ គឺជាកាតព្វកិច្ច មិនមែនជាភារកិច្ចទេ។ កុំចង់ធំតែឯងក្នុងគ្រួសារ កុំចង់មានតែឯងក្នុងគ្រួសារ ព្រោះការធំតែឯង ឬការមានតែឯង គឺជាបន្ទុកដ៏ធ្ងន់របស់ខ្លួនឯងនៅថ្ងៃអនាគត។ សុភមង្គលគ្រួសារ ទាំងអតីតកាល ទាំងបច្ចុប្បន្ន និងតទៅថ្ងៃអនាគត ត្រូវតែល្អ ហើយការបែកបាក់គ្រួសារ ឬមានទំនាស់ក្នុងគ្រួសារ អនាគតគ្រួសារយើង ច្បាស់ជាធ្លាក់ចូលក្នុងរណ្ដៅនៃអពមង្គលវិញជាក់ជាមិនខាន។

ចំណែកអនាគតប្រទេសជាតិយើងវិញ រិតតែមានសារសំខាន់ទៅទៀត ព្រោះជាតិយើង ជាអាយុជីវិតយើង បើជាតិជួញទុក្ខ ខ្លួនយើង និងគ្រួសារយើងច្បាស់ជាជួញទុក្ខ។ បើជាតិរលាយហើយ គ្មានអនាគតសម្រាប់ខ្លួនយើង និងគ្រួសារយើងអាចមានបន្តរស់ដោយរបៀបណា? ដូច្នេះបងប្អូនជនរួមជាតិខ្មែរ មេត្តាភ្ញាក់ពីដំណេកលាភយស កុំស្ថិតក្រោមអំណាចមាសប្រាក់ យើងជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិ ភាពហិនហោចឬរុងរឿងអនាគតភ្លឺស្វាង តោងតែចេះស្រលាញ់ការសាមគ្គីមេត្តាកុំយកអនាគតជាតិ មកធ្វើរបរ ឬរបស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រួសារខ្លួន ឬបក្ខពួកខ្លួនជាដាច់ខាត។៚
[ ឬស្សីពឹងបន្លា រក្សាខ្លួន ប្រាជ្ញពឹងច្បាប់ក្បួន ការពារខុស
សាមគ្គីគ្នារស់ បែកបាក់គ្នា ស្លាប់ ]៕

ដោយគោរពនិងភក្តីភាព
@pov

