ផ្លាស់ប្តូរ
#កូនសេដ្ឋី
និទានព្រេងមួយអំពីកូនប្រុសសេដ្ឋីពីរនាក់ក្រោយពេលឪពុកម្តាយស្លាប់ ម្នាក់មានប្រពន្ធស្រស់សោភា រីឯម្នាក់ទៀតបានប្រពន្ធមិនសូវស្អាត និងជាមេម៉ាយទៀត។
កូនសេដ្ឋីដែលមានប្រពន្ធស្អាតធ្លាក់ដុនដាបទៅៗ ក្រោយពេលមានប្រពន្ធដោយមិនដឹងមូលហេតុ។ ចំណែកឯកូនសេដ្ឋីដែលមានប្រពន្ធមេម៉ាយក៏កាន់តែសល់ទ្រព្យកើនជាលំដាប់។
ដោយខ្លួនឆ្ងល់កាន់តែខ្លាំង និងធ្លាប់រៀនពីគ្រូអំពីរឿងនាងកញ្ជើធ្លុះផង ក៏សាកល្បងបបួលកូនសេដ្ឋីម្នាក់ទៀតដូរប្រពន្ធតាមរឿងព្រេង។ ប៉ុន្តែក្រោយពេលដូរហើយ
កូនសេដ្ឋីដែលរីកចម្រើន នៅតែបន្តរីកចម្រើន ឯកូនសេដ្ឋីដែលធ្លាក់ចុះនៅតែបន្តធ្លាក់ចុះដដែលហើយកើនសម្ពាធជាងមុនដែលប្រពន្ធត្រូវរាប់រងជាមួយកូនចាស់របស់គេ និងភាពខ្ជះខ្ជាយពីទម្លាប់ការប្រើប្រាស់នៃគ្រួសារគេដែលបង្រៀនដល់អ្នកនៅក្នុងផ្ទះ។
រហូតដល់ថ្ងៃមួយគេទើបយល់ថា ពាក្យសំណាបយោងដី ស្រីយោងប្រុស ជាពាក្យដែលចោទបន្ទុកដាក់លើស្ត្រីទាំងអយុត្តិធម៌!
+ សំណាបឯណាដែលទៅយោងដីខ្សាច់កើតនោះ?
+ ហេតុអ្វីបានជាត្រូវចោទគ្រួសារដែលក្រមិនមានភាពរីកចម្រើន មកពីប្រពន្ធគ្មានគំនិត?
តាមពិតទៅបើយើងមិនផ្លាស់ប្តូរខ្លួនឯងឲ្យល្អត្រឹមត្រូវ តើអ្វីដែលនៅជុំវិញខ្លួនយើងអាចល្អបានដោយវិធីណា? បើយើងជាមនុស្សដែលមានសមត្ថភាពយើងជាអ្នកផ្លាស់ប្តូរស្ថានភាព កែប្រែមនុស្សដែលនៅក្បែរ ទោះជាអាចម៍គោក៏អាចទុកប្រើជាជីបានដែរ។
👉ចង់ផ្លាស់ប្តូរអ្វីមួយត្រូវផ្លាស់ប្តូរចេញពីខ្លួនឯងជាមុន!
#ប្រឡាយទឹក
និទានពីកុលសម្ពន្ធមួយដែលតែងផ្លាស់ប្តូរភូមិខ្លួនទៅរកប្រភពទឹកគ្រប់ទីតាំងដើម្បីរស់នៅ តែពួកគេហាក់បីដូចជាព្រងើយកណ្តើយជាមួយការសាមគ្គីគ្នាក្នុងក្រុម។ មានមនុស្សម្នាក់លើកយោបល់ថាជីកប្រឡាយពីទន្លេមកយើងនឹងមានទឹកប្រើដោយមិនចាំបាច់រើទីតាំងបន្ត។ តែម្នាក់ៗខ្ជិលក្នុងការប្តូរទម្លាប់របស់ខ្លួនដែលចូលចិត្តបម្លាស់ទីជាងការប្រើកម្លាំងទៅជីកប្រឡាយមកនាំតែហត់។
ចុងក្រោយពួកគេក៏វិលមកដល់កន្លែងដើម និងកន្លែងធ្លាប់បម្លាស់ទីកន្លងមករបស់គេវិញ ប៉ុន្តែសុទ្ធតែជាកម្មសិទ្ធរបស់កុលសម្ពន្ធថ្មីដែលបានបោះទីតាំងជាកម្មសិទ្ធ និងមានអណ្តូងទឹក ព្រមទាំងប្រឡាយទឹកនៃកុលសម្ពន្ធទាំងនោះវិញអស់ទៅហើយ។
👉បើអ្នកមិនផ្លាស់ប្តូរទម្លាប់របស់អ្នកដែលងាយស្រួល ខ្ជិលច្រអូស និងខ្លូនឯងដែលមិនល្អ មិនថាទោះជាអ្នកផ្លាស់ទីតាំងជីវិត(ការសិក្សា កាងារ ស្នេហា) ឬគោលដៅជីវិតប៉ុន្មានដងនោះទេ អ្នកក៏នៅតែគ្មានការរីកចម្រើន ឬកែប្រែស្ថានភាពជីវិតរបស់អ្នកនោះបានដែរ ព្រមទាំងបាត់បង់រាល់ឱកាស និងពេលវេលាជាច្រើនក្នុងគំនរវិប្បដិសារីថែមទៀតផង។
#ផល
ដោយសារតែផលដំណាំត្រូវបានធ្លាក់តម្លៃយ៉ាងគំហកក្នុងភូមិមួយ ទើបប្រជាជនលែងលក់ជូនអ្នកដែលមកប្រមូលទិញ! ដោយផ្លាស់ប្តូរការលក់ដុំទៅទីប្រជុំជនលក់រាយវិញ។ ប៉ុន្តែផ្លូវរទេះដែលបរពោរពេញទៅដោយកន្លុកធ្វើឲ្យជាំកសិផល និងខូចខាតខ្លះហើយត្រូវរកទីផ្សាដើម្បីលក់ដោយបង់ប្រាក់ជាប្រចាំឲ្យពួកយកថ្លៃកាពារ ហើយត្រូវចំណាយពេលលក់ចេញយ៉ាងយូ។
ទីបញ្ចប់ការចំណេញបានច្រើនជាងលក់ដុំតែ១០%ប៉ុណ្ណោះ។ ប៉ុន្តែពេលវេលា ភាពនឿយហត់ ការចាយវាយត្រូវផាត់ចោលខ្លះ ហើយអ្វីដែលសំខាន់គឺដំណាំចាស់ៗនៅទីតាំងមិនមានការថែរដិតដល់ និងផុតពេលដែលត្រូវបណ្តុះដំណាំមួយចំនួននៅរដូវកាលក្រោយទៅវិញ។
👉គ្មានការផ្លាស់ប្តូរណាដែលបង្កើតភាពងាយស្រួល និងចំណេញតែមួយមុខឡើយ! គ្រប់យ៉ាងនៃការផ្លាស់ប្តូរអាចទទួលបានផលមួយដែលល្អជាមួយស្ថានភាពដែលគិត តែវានឹងត្រូវខាតបង់នូវស្ថានភាពមួយទៀតដែលយើងនឹងបាត់បង់ជាថ្នូរនៃការផ្លាស់ប្តូរ!
#កម្មករផ្នែក
កម្មករក្រុមកទទួលបានប្រាក់កម្រៃតិចជាងកម្មករក្រុមខស្ថិតក្នុងការដ្ឋានអណ្តូងរ៉ែជាមួយគ្នា ដែលធ្វើឲ្យមានការតវ៉ាចង់បានប្រាក់កម្រៃស្មើរគ្នា។ មេការអណ្តូងសម្រេចប្តូរកាងារចូលក្រុមខទាំងអស់ តែអ្វីៗបានធ្វើឲ្យកម្មករក្រុមកបានដឹងថា សម្ពាធកាងារស្មើរនឹងការធ្វើរបស់គេជិតទ្វេដង ហើយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ពេល។ ទើបធ្វើឲ្យពួកគេសុំវិលមកក្រុមកវិញ។
👉គ្មានការផ្លាស់ប្តូរនូវតម្លៃណាមួយ ដោយមិនប្តូរសម្ពាធរបស់អ្នកនោះទេ!
#សន្យា
មេភូមិបានដាក់សំណើរទៅប្រជាជនឲ្យជួយចូលរួមថវិការដើម្បីទិញសម្ភារៈសាងសង់សាលាឲ្យក្មេងៗក្នុងភូមិ។ តែប្រជាជនមិនព្រមចូលរួមជួយទេដោយស្នើរឲ្យផ្លាស់ប្តូរមេភូមិចេញព្រោះអសមត្ថភាព ក៏ព្រោះមានមេភូមិមួយទៀតគាត់អាចធ្វើបានចំពោះភូមិរបស់គេ។
ក្រោយបានប្តូរមេភូមិថ្មី គេក៏ចេញច្បាប់ឲ្យដកពន្ធគ្រប់យ៉ាងលើការរកសីុបង្កបង្កើនផល នេសាទលើសមេភូមិចាស់ចំនួនបីដងរហូតគ្រប់ប្រាក់ដើម្បីសាងសង់សាលាដូចសន្យាមែន។
👉នៅលើលោកនេះគ្មានការផ្លាស់ប្តូរណាមួយ ដោយមិនផ្លាស់ប្តូរនោះទេ! គ្រាន់តែការផ្លាស់ប្តូរនូវមធ្យោបាយថ្មីនៃសភាពចាស់ក្នុងច្រវ៉ាក់តាមបែបផែនកាន់តែមិនអាចរើបម្រាស់ ឬតវ៉ាបានបន្តទៀត៕

