កសិកម្មស្រុកខ្ញុំ
កម្ពុជា ជាប្រទេសកសិកម្ម តែកសិកម្មបច្ចុប្បន្នរបស់កម្ពុជា ត្រូវដើរថយក្រោយជាច្រើនជំហ៊ាន ដោយកសិផលមានទីផ្សារកម្រិតទាប តម្លៃក៏មិននឹងនរ ហើយខ្វះការយកចិត្តទុកដាក់ពីអ្នកដឹកនាំជំនាញ។
ការរិះគន់ មិនមែនជាការប្រឆាំងទេ ត្រូវគិតថា ការរិះគន់ជាការចែករំលែកការយល់ដឹងរវាងគ្នាទៅវិញទៅមក ដើម្បីការស្ថាបនាទាំងអស់គ្នា។ ការពិតទៅ បន្លែ ត្រី សាច់ គ្រប់ប្រភេទនៅកម្ពុជា មិនខ្វះទេ ហើយអ្វីដែលខ្វះ គឺកិច្ចគាំពារទីផ្សារ និងតម្លៃកសិផលដ៏សមរម្យមួយពីរាជរដ្ឋាភិបាល។
សូម្បីតែបរទេសជិតខាង ក៏មើលឃើញនូវចំណុចអន់ថយរបស់កម្ពុជាយើងដែរ ដូច្នេះហើយបានគេខំរកប្រាក់បោះទុន ធ្វើការវិនិយោគលើវិស័យនេះនៅកម្ពុជាដោយត្រង់។ គេមើលឃើញថា៖ យើងអត់គំនិត ទើបគេគិតជំនួសយើង តែបែជាយើងយល់ថា គេជាអ្នកមានគុណយើងទៅវិញ។ ត្រូវរស់ដោយខ្លួនឯង ចេះជួយខ្មែរគ្នាឯង កុំយកខ្មែរគ្នាឯងជាសត្រូវតទៅទៀត បើឈប់បាន ឈប់ទៅ ល្មមស្គាល់ និងផ្ដល់តម្លៃឲ្យខ្លួនឯងហើយ។

សម្រាប់ទស្សនៈផ្ទាល់ខ្លួនខ្ញុំ យល់ឃើញថា៖ ប្រទេសជិតខាងខ្មែរមួយនេះ បានឆ្លុះបញ្ចាំងពីភាពអន់ថយរបស់ក្រសួងកសិកម្មខ្មែរ និងការដឹកនាំគ្មានចក្ខុវិស័យវែងឆ្ងាយ។ ចំណុចទាំងនេះ សូមមេដឹកនាំក្នុងវិស័យនេះ គួរចាប់អារម្មណ៍ និងយកចិត្តទុកដាក់ ធ្វើការពិចារណាសារឡើងវិញ ឲ្យបានហ្មត់ចត់ ដោយកំណត់នូវគោលការណ៍ជាយុទ្ធសាស្ត្រមួយ ជួយស្ដារសេដ្ឋកិច្ចកសិកម្ម ឲ្យផុតពីគ្រោះអាសន្នមួយនេះ៚

@pov


