ពាក្យពេចន៍ដ៏មានអត្ថន័យរបស់ BTS ថ្លែងនៅអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ២៤ ខែកញ្ញានេះ ក្រុមចម្រៀងកូរ៉េដ៏ល្បី BTS បានបង្ហាញវត្តមាននៅការិយាល័យកណ្ដាលនៃអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយឱកាសវិនិយោគសម្រាប់ក្មេងៗ និងយុវវ័យដែលមានវ័យចន្លោះពី ១០ ទៅ ២៤ឆ្នាំដែលមានឈ្មោះថា "Generation Unlimited”។
ក្នុងកម្មវិធីនោះដែរ មេក្រុម BTS តារាចម្រៀង RM បានតំណាងឲ្យក្រុមរបស់លោកទាំងមូល ឡើងថ្លែងសន្ទរកថារយៈពេលជាង ៣ នាទី ដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ជាចំណេះដឹង និងបទពិសោធជូនក្មេងៗយុវវ័យសម័យថ្មីនេះ។ អំឡុងពេលថ្លែងសន្ទរកថានោះដែរ តារាចម្រៀងរូបនេះ បានជំរុញ និងលើកទឹកចិត្តយុវវ័យក្មេងៗ តាមរយៈរឿងជីវិតពិតរបស់ពួកគេ និងអត្ថន័យដែលបង្កប់ក្នុងបទចម្រៀង "Love Yourself”។
តារាចម្រៀង RM និងរាល់សមាជិកក្រុម BTS ចង់ឲ្យក្មេងៗយុវវ័យទាំងអស់លើពិភពលោកនេះ ឲ្យមានការជឿជាក់លើខ្លួនឯង កុំខ្វល់ពីអ្វីដែលសង្គមសម្លឹងមកយើង។ ជាងនេះទៅទៀត ពួកគេចង់ឲ្យពិភពលោកចៀសឆ្ងាយពីអំពើហិង្សា និងការរើសអើង៕
https://www.facebook.com/unicef/videos/2049931161698324/?t=0
ប្រភព : អន សុភក្ត្

