សាសនាព្រះពុទ្ធក្មែរយកបាយដំណើបពូនដុំៗបោះទៅក្នុងទឹក មានប្រយោជន៍ចំពោះត្រីទទួលទាន ចំណែកសាសនាសព្វថ្ងៃគេមានជំនឿបោះលើគោកក្នុងបរិវេណវិហារវត្តអារាម ដោយជឿថាវិញ្ញាណដូនតាធ្លាក់នរកកើតជាប្រែត?យមរាជ្យប្រលែងឱ្យមកទទួលមគ្គផល ដែលកូនចៅខំបោះបាយបិណ្ឌទាំងនោះទៅលើគោក រើសយកទៅធ្វើជាអាហារ ជំនឿបែបនេះមានតាំងពីរាប់រយឆ្នាំមកហើយ គ្មានប្រជាជនក្មែរណាម្នាក់បានឃើញបានជួបប្រែតមុខមាត់យ៉ាងណាឱ្យពិតប្រាកដនៅឡើយទេ ឮសូរតែគេថាតៗគ្នាមកតែប៉ុណ្ណោះ ថែមទាំងធ្វើឱ្យបរិវេណវត្តអារាមប្រឡាក់គគ្រិចខូចបរិស្ថានទៀតផង!!
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្ដុំដុំបាយឱ្យមកជួបជុំគ្នា ក្នុងពិធីឧទ្ទឺសបាយដំណើបពូនជាដុំៗបាចជូនដល់ជីដូនជីតា សាច់ញាតិទាំង៧សណ្ដាន ឬ ឪពុកម្ដាយក្ដី មានទំនាក់ទំនងពីមុនមក និង សាមីខ្លួនដែលនៅរស់ក្ដី ដែលរួចទោសពីឋាននរកទៅចាប់កំណើតកើតជាសត្វត្រី ដើម្បីបានអាហារទាំងនោះក្នុងរយៈពេល១០០ថ្ងៃ ឬ ១០៨ថ្ងៃ មានសូត្រព្រះធម៌ជាកិច្ចចម្លងភោជនាហារនោះទៀតផង ដែលអាចឈោងកំណើតកើតជាមនុស្សបាន។បើតាមការយល់ដឹងផ្នែកពុទ្ធប្រវត្តិព្រះពុទ្ធស្រ្តីក្មែររៀបរាប់ដោយព្រឹទ្ធាចារ្យចៅគាំង គឺថា ពិធីបុណ្យភ្ជុំបិណ្ឌប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា{ព្រះពុទ្ធកោនាគមនោ}របស់ក្មែរនោះឯង កាលពីប្រមាណជាង ៣៥២១ឆ្នាំមុន ដែលមនោគមសាសនារបស់ព្រះអង្គគឺ «ចូលព្រះវស្សា» ដោយសុធម្មបញ្ញត្តិក្នុងគម្ពីររបស់ព្រះអង្គបំបួសយកស្រ្តីជាសាវ័កហៅថា«ព្រះនាងកែវចារិយ៍»។
ហើយស្រ្តីសាវ័កដំបូងរបស់ព្រះអង្គដែលមានព្រះនាមថាព្រះមេនាគល្វោទាំង៥០០អង្គ ជាពូជអម្បូរនាគទាំង៥០០ បានសិក្សារៀនព្រះធម៌បានសម្រេចត្រាស់ដឹងជាសាវ័ក។ ដូចនេះយើងត្រូវដឹងថាព្រះនាងកោនាគ រួមទាំងសាវ័កទាំង៥០០អង្គ ពួកទ្រង់ជាបុព្វការីជនដំបូងរបស់ប្រជាជាតិក្មែរ ដែលបានបង្កើតពិធីបុណ្យជាតិភ្ជុំបិណ្ឌនេះឡើង នៅរៀងរាល់ឆ្នាំពួកទ្រង់តែងតែប្រព្រឹត្តទំនៀមទម្លាប់ប្រពៃណីនេះ នៅថ្ងៃ១កើត ខែស្រាពណ៍ រហូតដល់ ថ្ងៃរនោច ខែកិត្ដិក ដែលជារដូវកាលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញទៅដោយពពកទឹកពេញអាកាស បណ្តាលឱ្យមានភាពស្រអាប់ក្នុងរាត្រីគ្មានពន្លឺព្រះច័ន្ទ ប្រកបដោយភ្លៀងរលឹមរោយស្បៃជាប្រចាំនោះ គឺព្រះនាងកោនាគត្រាស់ថាក្នុងរូបបញ្ចខន្ធរបស់មនុស្សយើង មានព្រលឹងវិញ្ញាណ២ បានកត់ទុកអំពើបាប ហៅថាព្រលឹងអកុសល អំពើបុណ្យ ហៅថាព្រលឹងកុសល របស់រូបយ៉ាងខ្ជាប់ខ្ជួន។បើកាលណាមនុស្សមរណៈភាពទៅ ព្រលឹងវិញ្ញាណទាំង២ មួយសាងអំពើបាបត្រូវចុះឋាននរក មួយសាងអំពើបុណ្យ ត្រូវឡើងទៅឋានសួគ៌។
ហើយព្រលឹងឋានសួគ៌អាចមើលឃើញ ព្រលឹងខ្លួនឯង ដែលកំពុងតែទទួលទារុណកម្មនៅនរកបាន ដោយនៅឋានសួគ៌មាន «កញ្ចក់មាគា៌» មួយផ្ទាំងធំបង្ហាញឱ្យឃើញច្បាស់។លុះវិញ្ញាណបាប បានលាងអំពើបាបដល់ឋាននរកអវចីគ្រប់ជាន់ទទួលតាមកម្មរបស់ខ្លួនធ្លាប់ប្រព្រឹត្តហើយនោះ ស្ដេចមច្ចុរាជ្យត្រូវដោះលែងព្រលឹងរួចទោសឱ្យចាប់កំណើត។វិញ្ញាណសួគ៌ និង វិញ្ញាណនរកក៏អនុញ្ញាតឱ្យជួបគ្នា ជាពេលសប្បាយចិត្តក្តីនឹករលឹកដល់គ្នាជាពន់ពេក ហើយអោបភ្ជាប់គ្នា ទៅជាតែ១ ហើយឈោងកំណើតកើតជាប្រែត្រិយ៍រស់ក្នុងទឹក រយៈពេលឱ្យបានគ្រប់ចំនួន៣ខែកន្លះ ឬ ១០៨ថ្ងៃសិន។ទើបរកវិធីស្លាប់ ខ្លះខំឡើងគោក ខ្លះខំចូលអន្ទាក់ ខ្លះខំទៅជាប់មង ដើម្បីបន្តអាចទៅចាប់ជាតិជាមនុស្សបានពេញលេញ ព្រះពុទ្ធកោនាគមនោបានត្រាស់បញ្ញត្តិថា : ត្រីដែលកើត ចាប់ពីថ្ងៃ១កើត ខែស្រាពណ៍ រហូតដល់ថ្ងៃពេញបរមី ខែកត្តិក យោងតាមដំណើរគោលចរណ៍ ច័ន្ទគតិ ឬ វង្សលក្ខិណានេះ ត្រូវហៅថា «ប្រែត្រិយ៍» មិនមែន "ប្រែត" ទេ។ទាំងព្រះនាងសាវ័ក និង ប្រជារាស្រ្តហៅតាមការកំណត់ព្រះកោរាជ្យរហូតមក។កូនចៅហៅយូរៗទៅក្លាយជា "ប្រែត្រី" យូរៗកម្លាយសល់ត្រឹមពាក្យ "ប្រែត"។សព្វថ្ងៃនេះ ប្រជាជនខ្មែរមិនដឹងថាជាត្រីទាល់តែសោះ ហើយយកពាក្យប្រែតនេះ ទៅគិតថាជាព្រលឹងវិញ្ញាណនរកទៅវិញ។
បងប្អូនមានចាំទេបុរាណសុភាសិតខ្មែរមួយបានពោលថា «ទីណាមានទឹក ទីនោះមានត្រី» បណ្តាំដូនតា នេះគឺបង្កប់អត្ថន័យសំខាន់ជ្រាលជ្រៅណាស់ ទ្រង់ចង់ឱ្យយើងដឹងថាត្រូវបង្កើតទឹកដើម្បីឲ្យត្រីមានជម្រក ខ្មែរយើងពីដើមគោរពបណ្តាំនេះណាស់ តាមផ្ទះនីមួយៗតែងជីកស្រះ រួចព្រលែងពូជត្រីចូលទៅរស់នៅកើតកូនកើតចៅ តាមដងស្ទឹង ទន្លេ បឹងបួរ អូរ ព្រែក ប្រឡាយនានា ត្រូវតែរកវិធីឱ្យមានត្រីគ្រប់ប្រភេទ ក្នុងនោះ។ពេលចាប់យកធ្វើម្ហូបមិនឱ្យលើសពីការហូបចុកប្រចាំថ្ងៃទេ នេះជាបុណ្យកុសលធំ ក្នុងការឱ្យប្រែត្រីយ ទាំងឡាយ បានកើតមកមានសេរីភាព មានការការពារ សប្បាយនឹងហែលទៅហែលមក ក្នុងទឹកល្អស្អាត ដែលដូនតាបានព្រលែងចូលទៅ ហើយចិញ្ចឹមដាក់ចំណីរាល់ចំនួនខែដែលប្រែត្រីយ៍កើត។ រហូតធ្វើឱ្យនគរខ្មែរពីដើម សម្បូរត្រី ជាងគេក្នុងពិភពលោក ក៏ជានគរមានកុសលជាងគេផងដែរ។
បរិយាយសម័យពុទ្ធកាលព្រះនាងកោនាគគង់មានព្រះជន្ម ឱ្យតែថ្ងៃ១កើត ខែស្រាពណ៍បានមកដល់ តាមផ្ទះព្រះនាងៗមានក្លិនឈ្ងុយឈ្ងប់ណាស់ បានសាយភាយពេញទូទាំងនគរបាភ្នំទឹកមុខព្រះនាងៗជួបជុំគ្នា រីករាយ អង្គខ្លះរួមគ្នា ខ្ចប់ នំ ក្នុងស្លឹកចេក អង្គខ្លះទៀតលីងបាយដំណើប លាបប្រែងល្ង នំចំណី នំគោម នំបត់ នំអន្សម មានខ្លាញ់ប្រេងសណ្តែក ប្រេងលាបពីលើនំទាំងនោះ យកទៅទុកដាក់ចំណីឲ្យប្រែត្រិយ៍ ដើម្បីជួយចិញ្ចឹមឲត្រីកើតនោះរស់រានបាន គ្រប់៣ខែកន្លះ។ តែទ្រង់មិនខ្ជះខ្ជាយអាហារដាក់ឲ្យរហូតត្រីទទួលទានមិនអស់ទេ គឺដាក់តែល្មមនឹងត្រីស៉ីឆ្អែតប៉ុណ្ណោះ។ដោយព្រះនាងៗក៏បើកប្រជុំគ្នា មូលមតិយោបល់ព្រះញ្ញាតិព្រះនាងនាគល្វោទាំងឡាយ ក្នុងការធ្វើចំណីចំណុកចិញ្ចឹមប្រែត្រិយ៍ទាំងនេះ យើងត្រូវមានឈ្មោះមួយមកដាក់ដើម្បីកូនចៅបានហៅ ងាយស្រួល ព្រះនាងគ្រប់អង្គបានសម្រេចដាក់ឈ្មោះបាយពំនូតនោះថា «រតនព័ន្ធុបច្ច័យៈ» មានន័យថា បាយបិតត្បូង ដែលទុកធ្វើទានទៅប្រែត្រិយ៍ ព្រោះបាយនោះ មានល្ងរោយពីលើ ដូចត្បូងចឹង ក៏សម្រេចយកចម្លើយនេះ។បាយនេះ ជាបាយបុណ្យពិតប្រាកដ បាយដែលបាចតាមមណ្ឌលទឹកនានា មានអត្ថន័យច្បាស់លាស់ក្នុងការធ្វើបុណ្យជូនដូនតា។
ពិធីបុណ្យនេះមិនមានក្នុងសាសនាព្រះពុទ្ធសមណគោតមនោះទេ ប៉ុន្តែដោយឃើញថាខ្មែរមានប្រពៃណីនេះជាយូរមកហើយ ព្រោះពីដើមខ្មែរគោរពតាមសាសនាព្រះកោនាគមនោ ជាព្រះពុទ្ធស្រ្តី មុនសាសនាព្រះពុទ្ធសមណគោតមត្រូវបាននាំចូលមកដោយថៃក្នុងសតវត្សទី១៦នេះ ហើយក៏យកពិធីនេះដាក់បញ្ចូលក្នុងសាសនាខ្លួនទាំងមិនដឹងថា ពីដើមគេប្រារព្ធពិធីយ៉ាងមិច មានន័យបែបណាឱ្យពិតប្រាកដផងទេ ក៏ប្រឌិតយកបាយទៅបោះចោលលើគោកធ្វើមួយកន្លែងមិនគ្រប់ត្រូវធ្វើច្រើនកន្លែង ហើយមាតាបិតាក្លាយជាសត្វប្រែតខ្ពស់ៗ គួរឱ្យខ្លាច គួរឱ្យខ្ពើមបែបនេះទៅវិញទៅ។ តែគេមិនខ្វល់នោះទេឱ្យតែបន្លាចប្រជាពលរដ្ឋ រកបច្ច័យបានច្រើន នោះមិនខ្វល់ពីការយល់ដឹងរបស់អ្នកជឿនោះទេ ព្រោះជាឱកាសមាសក្នុងមួយឆ្នាំ អ្នកណាមិនទៅមានទោសថា អកត្តញ្ញូចំពោះដូនតា អាចត្រូវបណ្តាសារកសុីមិនឡើងអ៊ីចឹងទៅ។
ពីសម័យមុនពិធីនេះប្រព្រឹត្តឡើងយ៉ាងល្អ គ្មានភាពស្អុយពាសវាលពាសកាល និង ខ្ជះខ្ជាយនោះទេ ហេតុអ្វីទៅ? ព្រោះអាហារទាំងនោះដែលមានដូចជា បាយរតនៈព័ន្ធុបច្ច័យៈ ឬ បាយបិណ្ឌ នំសណ្តែក នំគម នំបត់ ឬ អំបុកក្តី សុទ្ធតែត្រូវបាចចូលទឹកទាំងអស់សម្រាប់ជាចំណីត្រី ហើយគេធ្វើតែល្មមប៉ុណ្ណោះ មិនមែនធ្វើខ្លាចតែមិនបានបុណ្យនោះទេ មិនថាត្រីណាសុីនោះទេ សុទ្ធតែបុណ្យបានដល់មាតាបិតាទាំងអស់ មិនបាច់ទៅដល់បួនដប់កន្លែងខ្លាចដូនតាមិនបានទទួលរកមិនឃើញនោះទេ។ទោះជាយើងមិនបានទៅបោះក៏ពួកគាត់អាចបរិភោគរបស់ដែលគេផ្សេងបាចចូលទឹកអោយនោះដែរ តែបើបោះលើគោកគឺចប់ហើយ ទោះជាពួកគាត់ខំរុលឡើងគោកក៏ត្រូវក្រៀមស្រការស្លាប់មិនខាន។ពិធីនេះធ្វើឡើងដើម្បីរំលឹកមនុស្សឱ្យចេះនឹករលឹកគុណមាតាបិតា និងចេះរក្សា មច្ឆាក្នុងរដូវត្រីពង ដែលព្រលឹងរួចទោសពីឋាននរកត្រូវឈោងកំណើតមកកើតជាប្រែត្រិយ៍ឱ្យយល់ដឹងពីការវិលកើតវិលស្លាប់ និង ព្យាយាមសាងកុសលធម៌។

