អាយុ 20 ឆ្នាំជាង ជ្រើសធ្វើការ ឬ ចេញរកស៊ី?
បើអ្នកបានជាសួរសំណួរបែបនេះទៅហើយ ខ្ញុំលើកទឹកចិត្តឱ្យអ្នកចេញរកសុី!
អាយុ 20 ឆ្នាំជាង គេថាយើងក្មេងពេក មិនសក្ដិសមនឹងចេញរកស៊ីទេ ចាំដល់ 30 ឬ 40 ឆ្នាំ មានបទពិសោធ មានទំនាក់ទំនងល្អហើយ ចាំចេញរកស៊ី!
តែខ្ញុំគិតថា អាយុ 20ឆ្នាំជាង ទើបជាវ័យដែលត្រូវចេញរកស៊ី ជាវ័យដែលកំពុងពេញកម្លាំង ខ្លួនមួយ គ្មានសម្ពាធ អ្វីដែលសំខាន់ គឺយើងមានពេលគ្រប់គ្រាន់ ដើម្បីសាកល្បង និងសាងបទពិសោធថ្មីៗ ហួសពីនេះទៅ ជាវ័យសាងគ្រួសារ ក្រោមបន្ទុកមានកូន និងឪពុកម្តាយ ថែមទាំងត្រូវប្រឈមនឹងការបង់រំលោះផ្ទះ រំលោះឡាន មានពេលឯណាមកសាកល្បងរឿងដែលមានហានិភ័យបែបនេះនោះ។
ខ្លះនិយាយថា គ្មានលុយផង ចេញរកស៊ីយ៉ាងម៉េច?
រកស៊ី គឺរកលុយនេះឯង បើអ្នកមានលុយទៅហើយ គ្រប់គ្រងលុយខ្លួនឯងឱ្យល្អទៅ ឬក៏យកទៅវិនិយោគក៏បាន។ កុំគិតថា ចាំដល់ពេលមានការងារធ្វើល្អ ចំណូលថេរហើយចាំចេញរកស៊ី ដល់ពេលនោះ អ្នកមិនហ៊ានយកភាពស្រណុកសុខស្រួលរបស់អ្នក មកប្តូរនឹងការប្រថុយទៅនឹងហានិភ័យឡើយ!

