រស់ជាពន្លឺបំភ្លឺអ្នកដទៃដែលកំពុងងងឹត

P
រស់ជាពន្លឺបំភ្លឺអ្នកដទៃដែលកំពុងងងឹត

      កាលៈទេសៈខ្លះ បង្ខំឲ្យមនុស្សដើរទាល់ច្រក រកផ្លូវចេញមិនឃើញ ។ ទើបសម្រេចចិត្តគិតអ្វីឆ្កួតៗ រហូតដល់បាត់បង់សតិស្មារតី ធ្វើតែសកម្មភាពខុស ព្រោះតែគំនិតអាក្រក់វាបានគ្របសង្កត់ចិត្ត ឲ្យកាន់តែធ្ងន់ធ្ងរទៅ ។ ដូច្នេះហើយ ពេលនៅម្នាក់ឯងឲ្យប្រយ័ត្នគំនិត ពេលនៅជុំមនុស្សច្រើនឲ្យប្រយ័ត្នពាក្យសម្តី ។ ដោយសារគំនិតយើងបែបណា ជីវិតរបស់យើងនឹង ដើរទៅដល់ផ្លូវនោះជាមិនខាន ។

      ពេលខ្លះ យើងមិនមែនគេ យើងមិនអាចដឹងរឿងគេបានច្បាស់លាស់ឡើយ ។ ម្ល៉ោះហើយ កុំស្តីបន្ទោសថា ឲ្យគេបែបនេះ ឬ បែបនោះ ។ ព្រោះបញ្ហាក្នុងជីវិតមនុស្សយើងម្នាក់ៗ សុទ្ធតែមានសាច់រឿងខុសៗពីគ្នា ។ អ្វីដែលយើងគួរធ្វើ គឺជួយលើកទឹកចិត្តគ្នា ដោយសារមនុស្សខ្លះ តែងតែលាក់បាំងការឈឺចាប់ ភាពនឿយព្រួយ ទុក្ខវិបត្តិ មិនឲ្យអ្នកណាដឹងឡើយ ។ ដូច្នេះ ត្រូវចេះថែរក្សាគ្នា ទាន់មានឳកាសនៅក្បែរគ្នា ទាន់មានពេលវេលាអាចជួយបាន គួរតែជួយគ្នា ។ ពាក្យចាស់លោកពោលថា "សាមគ្គីជាកម្លាំង" ។

     បើចង់ជួយអ្នកដទៃ ត្រូវរៀនសង្កេតមើលឲ្យធ្លុះដល់ខាងក្នុង កុំមើលត្រឹមអ្វីដែលភ្នែកមើលឃើញ ។ ព្រោះបញ្ហារបស់មនុស្សម្នាក់ៗ វាកើតចេញពីខាងក្នុងចិត្ត ពុំមែនជាបញ្ហាខាងក្រៅខ្លួនឡើយ ។ ហើយមិនប្រាកដថា "មានលុយ មានឡាន មានវីឡា មានជីវិតហ៊ឺហា ពិតជា មានសេចក្តីសុខក្នុងចិត្ត ជីវិតពេញលេញដោយអត្ថន័យទេ !" ដូច្នេះហើយ កុំមើលមនុស្សត្រឹមសម្បកខាងក្រៅ ប៉ុន្តែ គួរចូលឲ្យជ្រៅទៅដល់ខាងក្នុងនៃជម្រៅចិត្ត ។ ព្យាបាល ដោយការនិយាយ ពាក្យក្នុងចិត្តចេញមកក្រៅឲ្យអស់ ព្រោះរឿងទាំងឡាយ នឹង អាចដោះស្រាយបាន គ្រាន់តែវាត្រូវការពេលវេលា ដើម្បីសម្រួល ។

Comments