ទម្លាប់ទាំងនេះ ធ្វើឲ្យអ្នកមានបញ្ហាថប់បារម្ភ
ជំងឺថប់បារម្ភ កំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកដែលធ្វើការច្រើនមិនរកពេលសម្រាក។ តែពេលខ្លះ វាក៏អាចកើតឡើងរវាងដៃគូស្នេហាបែកបាក់ផងដែរ។ ការធ្វើការងារច្រើន និង អារម្មណ៍កើតទុក្ខ បែកបាក់ស្នេហា មិនមែនជាកត្តាតែម្យ៉ាងដែលធ្វើឱ្យមានបញ្ហាថប់បារម្មនោះទេ។
ទម្លាប់ទាំងនេះ ដែលអ្នកតែងតែធ្វើប្រចាំថ្ងៃ ក៏អាចធ្វើឱ្យអ្នកមានបញ្ហានេះផងដែរ មានដូចជា :
១. លេងបណ្តាញសង្គមច្រើនពេក
ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការចំណាយពេលច្រើនលើបណ្ដាញសង្គមអាចធ្វើឱ្យអ្នក ងាយនឹងមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ក៏ដូចជាថប់បារម្ភ។ នោះក៏ព្រោះតែ ពេលខ្លះ ក្រោយឃើញស្ថានភាពជោគជ័យរបស់នរណាម្នាក់ហើយ អ្នកចាប់ផ្ដើមមានអារម្មណ៍គិតថា ខ្លួនឯងអន់ជាងគេខ្លាំង ដែលធ្វើឱ្យក្លាយជាកង្វល់ក្នុងចិត្ត ឬថប់បារម្ភ។
២. ចំណាយពេលនៅតែម្នាក់ឯងច្រើនពេក
ការជ្រើសរើសនៅតែម្នាក់ឯងសឹងគ្រប់ពេល គឺមិនមែនជាគំនិតល្អឡើយ ជាពិសេស ប្រសិនបើអ្នកមានបញ្ហាជំងឺថប់បារម្ភ។ ក្រុមអ្នកជំនាញក៏បានឱ្យដឹងថា ការចំណាយពេលនៅតែម្នាក់ឯងច្រើនពេក គឺមិនល្អសោះឡើយ សម្រាប់អ្នកជំងឺថប់បារម្ភ ដោយវាអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ជំនួសមកវិញ អ្វីដែលអ្នកត្រូវធ្វើ គឺចំណាយពេលជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ ហើយធ្វើសកម្មភាពកំសាន្តផ្សេងៗ ឬសាងការចងចាំល្អៗជាមួយពួកគេ ដើម្បីរក្សាចិត្តឱ្យរវល់ ភ្លេចទុក្ខកង្វល់ ក៏ដូចជាការខ្វល់ខ្វាយហួសហេតុ។
៣. គេងមិនគ្រប់
ការមិនងងុយគេង ជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអរម៉ូនស្ត្រេស ដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ៕

