និយាយពាក្យល្អៗ

P
និយាយពាក្យល្អៗ 

ពាក្យសម្តីមួយម៉ាត់ដែលនិយាយចេញ ពីមាត់របស់អ្នក គឺវាស្តែងចេញពីអារម្មណ៍ដែលអ្នកមាននោះឯង ។ 

     ចូររៀនបើ ពាក្យពិរោះៗទៅកាន់អ្នកដទៃ ព្រោះរាល់ពាក្យសម្តីដែលអ្នកនិយាយចេញមកនេះ វាអាស្រ័យទៅលើអារម្មណ៍អ្នក ។ ពាក្យសម្តីដែលអ្នកនិយាយ វាហាក់ដូចជាមាន ថាមពលអ្វីម៉្យាងដែលអាចធ្វើឱ្យអារម្មណ៍អ្នកប្រែប្រួល ។ ពាក្យសម្តីល្អៗ វាធ្វើឱ្យអ្នក មានអារម្មណ៍ថាមានសេចក្តីសុខ ។ ប្រសិនអ្នកនិយាយពាក្យអាក្រក់ៗ ជេរប្រទេច នោះអារម្មណ៍អ្នកនឹងប្រែជាមួម៉ៅ ក្ដៅក្រហាយទៅតាមការនិយាយរបស់អ្នកដែរ ។ 

     ពាក្យសម្តីអាក្រក់ៗនឹងធ្វើឱ្យដំណើរការសរីរាង្គក្នុងខ្លួនអ្នកដើរមិនស្រួល ។ វាធ្វើឱ្យ អារម្មណ៍ហាក់ដូចជារងសម្ពាធ ធុញថប់ ភ័យខ្លាច ។ ផ្ទុយទៅវិញ ប្រសិនបើអ្នក និយាយតែពាក្យល្អៗ នោះអារម្មណ៍អ្នកនឹង មានភាពស្ងប់សុខ មិនជ្រួលច្របល់ឡើយ ។
     
      ការនិយាយល្អ ឬអាក្រក់ សុទ្ធតែមានឥទ្ធិពលមកលើការគិតរបស់យើង ។ ពាក្យសម្តី នឹងបង្ហាញអំពីការគិតរបស់មនុស្ស ។ ការនិយាយមិនល្អ នឹងធ្វើឱ្យមាន ការគិតមិនល្អ ហើយការគិតមិនល្អយូរៗទៅ នឹងក្លាយជាទម្លាប់ ។ 

      ការពិត អ្វីដែលធ្វើឱ្យ មនុស្សមានការគិត គឺតាមរយៈការនិយាយស្តី ។ ប្រសិនបើអ្នកកំពុងតែជួបសន្ទនាជាមួយនរណាម្នាក់ អ្នកគួរតែពិចារណាជាមុនថា ត្រូវធ្វើបែបណា ទើបអាចបញ្ចូល សាច់រឿងល្អៗចូលក្នុងការសន្ទនា ។ បើអ្នកអាចអនុវត្តន៍ដូច្នេះបាន ការសន្ទនានោះ នឹងមានផ្លែផ្កាជាងមុន ប្រកបដោយភាពផ្អែមល្ហែម និងភាពវិជ្ជមានជានិច្ច ។

Comments