ចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋ49គ្រួសារនៅសង្កាត់ទួលសង្កែ២
អភិបាលខណ្ឌឫស្សីកែវចុះចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋ49គ្រួសារនៅសង្កាត់ទួលសង្កែ២
ដោយៈ សាវរក្ស
ភ្នំពេញ៖ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋរស់នៅក្នុងបុរីកូមែលសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវចំនួន៤៩គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិសម្គាល់កាន់កាប់អចលនាវត្ថុពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និងពីលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌឫស្សីកែវកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
លោក ជា ពិសី បានលើកឡើងក្នុងពេលប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ៤៩គ្រួសារថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជន បានផ្ដល់ឱកាសជាអត្ថប្រយោជន៍យ៉ាងច្រើន ជូនកម្មករកម្មការិនីនាពេលបច្ចុប្បន្ន និងមានគុណបំណាច់ធ្វើឲ្យប្រទេស ដែលមានដោយភ្លើងសង្គ្រាម ចាកចេញក្លាយទៅជាប្រទេសអច្ឆរិយៈមួយ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសគណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្ដុំសម្បូរទៅដោយធនធានមនុស្ស ដោយគ្មានគណបក្សនយោបាយណាមួយប្រៀបបាននោះទេ។

សូមជម្រាបថា នាពេលកន្លងមកនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋជាម្ចាស់ដី-ផ្ទះ ប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបង់ពន្ធប្រថាប់ត្រាឲ្យបានរួសរាន់ឡើង ដោយមានការលើកលែង និងអនុគ្រោះពន្ធ (ពោល គឺលក់ទិញពីមួយទៅមួយជាច្រើនកង់ បង់ត្រឹមតែមួយដងប៉ុណ្ណោះ) ជាការស្រេច ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ៕

