សួង សាខារ៉ានីត មិនអស់ចិត្តនឹងខ្លួនឯងសោះព្រោះគេហៅថតតួម៉ែរហូត
សួង សាខារ៉ានីត មិនអស់ចិត្តនឹងខ្លួនឯងសោះតែឆ្ងល់ថា ម៉េចបានផលិតករចូលចិត្តហៅថតតួម៉ែ
ដោយៈ វីរៈ
ភ្នំពេញ៖ តារាស្រីរាងស្រលូននិយមលេងដើមទ្រូងសិចស៊ី កញ្ញា សួង សាខារ៉ានីត បានទម្លាយចេញដោយភាពងឿងឆ្ងល់ថា មិនអស់ចិត្តនឹងខ្លួនឯងសោះ មើលទៅមិនចាស់ខ្លាំងប៉ុន្មានទេ តែឆ្ងល់ថា ម៉េចបានជាគេចូលចិត្តហៅថតតួម៉ែ បើគិតចូលខែនេះ មិនទទួលធ្វើតួម៉ែ ចូល ៥ រឿងហើយ ។
តារាសម្ដែងស្រីសាច់ស ខ្ចី មានវ័យ ៣៣ ឆ្នាំ ប្រាប់មូលហេតុផលមិនចង់ដើរតួអ្នកម្ដាយថា និយាយមែន អាណិតអូនផង ជួយឲ្យអូនដើរតួត្រឹមវ័យរបស់ខ្ញុំផង ស្រួលអូនថតចប់ សម្ភារដែលអូនចំណាយទិញខ្លួនឯងនេះ អាចប្រើខាងក្រៅបាន បើថតតួម៉ែ ថតចប់ត្រូវទុកចោលទាំងអស់។ ចង់និយាយថា អូនថតឡើងក្រខ្លួនហើយ។ នេះជាហេតុផលពិតរបស់អូន ។

ចំពោះការបដិសេធតំណែងតួម្ដាយជាច្រើនផលិតកម្ម តារាស្រី ដែលល្បីសិចស៊ី កញ្ញាសាខារ៉ានីត បានសំណូមពរដល់ផលិតករទាំងឡាយ ផ្ដល់ឱកាសសម្ដែងនូវតួអង្គមានវ័យស្របាលនាងផង ដើម្បី កុំឲ្យនាងខ្ជះខ្ជាយត្រូវធីបចោលខោអាវ និង សម្ភារប្រើប្រាស់នានា ក្រោយពេលបញ្ចប់ការថតភាពយន្តនោះ។ នាងក៏បានសុំការអធ្យាស្រ័យពីសំណាក់ផលិតករនានាផងដែរ។ ដោយ កញ្ញា សួង សាខារ៉ានីត បានលើកឡើងផងដែរថា «អូនសូមអរគុណគ្រប់ផលិតករទាំងអស់ ដែលចូលចិត្តខ្ញុំ និងសូមទោសផង ដែលខ្ញុំបដិសេធមិនបានទទួល»។
សូមជម្រាបថា តារាសម្ដែងប្រឡូកក្នុងវិស័យសិល្បៈជាង ១០ ឆ្នាំ កញ្ញា សួង សាខារ៉ានីត ដែលបានសាងកេរ្តិ៍ឈ្មោះជាតារាសម្ដែងល្បីខ្លាំងគួរសម បែរជាពោលមិនអស់ចិត្តនឹងខ្លួនឯងថា ហេតុអ្វីបានជាផលិតករកុនឧស្សាហ៍ផ្ដល់តំណែងតួអ្នកម្ដាយដល់រូបនាង ទាំងអាយុ និងសម្រស់របស់នាងហាក់ពុំទាន់ជ្រេទាល់តែសោះនោះ៕

