កម្លាំងនគបាលចម្រុះចុះពិនិត្យទីតាំងផលិតតៅហ៊ូក្នុងភូមិគ្រឹះមួយ
កម្លាំងនគបាលចម្រុះចុះពិនិត្យទីតាំងផលិតតៅហ៊ូក្នុងភូមិគ្រឹះមួយកន្លែងនៅខណ្ឌមានជ័យសង្ស័យថា ប៉ះពាល់ដល់សុខភាពអ្នកហូប
ដោយៈ វីរៈ
ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែង ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផលិតតៅហ៊ូ ដ៏ធំមួយស្ថិតក្នុងភូមិគ្រឹះស្កៃស្កៃមួយកន្លែង ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ។
ការចុះត្រួតពិនិត្យទីតាំងផលិតតៅហ៊ូ ដ៏ធំមួយស្ថិតក្នុងភូមិគ្រឹះស្កៃស្កៃ ខាងលើ គឺដឹកនាំដោយនាយឧត្តមសេនីយ៍ មាជ សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណះកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែង ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។
ប្រភពពីមន្ត្រីខាងលើបានឲ្យដឹងថា ការចុះពិនិត្យទីតាំងខាងលើ គឺដើម្បីពិនិត្យមើលទៅលើគុណភាពតៅហ៊ូ ថាជាទំនិញដែលមានគុណភាព ឬគ្មាន ឬមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ ដំណើរការចុះពិនិត្យខណៈមន្ត្រីជំនាញកាំកុងត្រូលកំពុងពិនិត្យលើគុណភាពទំនិញដែលមានក្នុងទីតាំងខាងលើផងដែរ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរនោះលួចបង្ហើបថា សង្ស័យទីតាំងភូមិគ្រឹះស្កៃស្កៃដែលធ្វើតៅហ៊ូមួយកន្លែងខាងលើនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយសារទីតាំងធ្វើតៅហ៊ូនេះគ្មានស្លាកយីហោត្រឹមត្រូវនោះទេ ហើយពេលកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផលិតតៅហ៊ូក៏មានការលាក់បាំងបិទទ្វាចាក់សោរទ្វាររបងយ៉ាងតឹងរឹង។
ទោះយ៉ាងណាយើងមិនទាន់ទទួលបានរបាយការណ៍លម្អិតពីការពិនិត្យមើលទៅលើគុណភាពតៅហ៊ូ ថាជាទំនិញដែលមានគុណភាព ឬគ្មាន ឬមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ រឺយ៉ាងណានោះទេ ៕

