ញាក់សាច់កម្លាំងនគរបាលចុះឆែកឆេរផ្ទះមួយកន្លែងនៅមានជ័យរកឃើញថ្នាំញៀន11កញ្ចប់ធំ

ដោយៈសាវរក្ស
ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនរកឃើញក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ការចុះឆែកឆេរលំនៅស្ថានខាងលើដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុំ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ណៃ ផារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ។
ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានចាប់យកវត្ថុតាងរួមមាន ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និង ជញ្ជីងអេឡិចត្រូនិចចំនួន ០១ គ្រឿង ។
ចំពោះជនសង្ស័យ និង វត្ថុតាង បានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

