រឿងបុរសកម្ជិល និងផែនការរបស់ព្រះ
កាលពីព្រេងនាយមានបុរសកម្ជិលម្នាក់ ដែលជាមនុស្សខ្វះការព្យាយាម ក្នុងការរកស៊ីចិញ្ចឹមជីវិតហើយមិនប្រឹងប្រែងធ្វើការងារនោះអ្វីទេ ។ នៅថ្ងៃមួយពេលដែលបុរសកម្ជិលកំពុងស្វែងរកអាហារប្រចាំថ្ងៃ គាត់បានទៅដល់ចម្ការផ្លែឈើមួយដែលមានផ្លែឈើពេញដើម ។ ពេលមិនឃើញមានម្ចាស់នៅចាំចម្ការ បុរសកម្ជិលបានចូលទៅលួចផ្លែឈើ ។

តែនៅពេលគាត់ចូលទៅដល់ក្នុងចម្ការ រួចឡើងបះផ្លែឈើបានបន្តិច ស្រាប់តែ ម្ចាស់ចម្ការបានឃើញបុរសកម្ជិល ក៏ចេញមកបំណងចាប់បុរសកម្ជិលដែលកំពុងលួចផ្លែឈើ ។ បុរសកម្ជិលពេលឃើញម្ចាស់ចម្ការ កាន់ដំបងតម្រង់មករកខ្លួន ក៏ភិតភ័យយ៉ាងខ្លាំង ក៏ស្ទុះលោតចុះហើយរត់ចូលទៅក្នុងព្រៃក្បែរនោះហើយសម្ងំលាក់ខ្លួនពីម្ចាស់ចម្ការ ។

នៅពេលដែលបុរសកម្ជិលបានដឹងថាម្ចាស់ចម្ការមិនតាមរកខ្លួនទៀត គាត់ក៏បានចេញពីព្រៃ។ ពេលដើរតាមផ្លូវក្នុងចេញពីក្នុងព្រៃបុរសកម្ជិលបានឃើញហេតុការណ៍ចម្លែកមួយគឺ មានសត្វកញ្ជោងមួយក្បាល ដែលពិការជើងមុខទាំងពីរ ហើយមានតែជើងក្រោយពីរ ហេតុអ្វីក៏សត្វនេះអាចរស់បាន ហើយវាបានអាហារ និងការពារខ្លួនដោយរបៀបណាបើមានតែជើងពីរ ។
កំពុងតែនឹកឆ្ងល់ ស្រាប់តែបុរសកម្ជិលបានឃើញសត្វតោមួយក្បាល ដើរតម្រង់មករកកញ្ជោងពិការនោះ ដោយមានពាំសាច់ជាមួយដុំធំនៅក្នុងមាត់មកផងដែរ ។ ពេលឃើញសភាពមិនស្រួល បុរស់កញ្ជិលក៏ឡើងដើមឈើនិងសម្ងំចាំមើល ។ សត្វផ្សេងៗដែលនៅក្បែរកញ្ជោងបានរត់លាក់ខ្លួនអស់នៅតែកញ្ជោងពិការម្នាក់ឯងគត់ វាហាក់ដូចជាមិនភិតភ័យអ្វីទាំងអស់។ ពេលសត្វតោដើរមកក្បែរកញ្ជោងបានទម្លាក់សាច់ចេញពីមាត់ឲ្យកញ្ជោង ហើយក៏ដើរចេញទៅ ។
ពេលបានឃើញរឿងបែបនេះ បុរសកម្ជិលមានអារម្មណ៍អរយ៉ាងខ្លាំង ដោយគិតថាព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាង ហើយទ្រង់បានរៀបចំគំរោងរួចជាស្រេង ដើម្បីការពារអ្វីទាំងអស់ដែលទ្រង់បានបង្កើត ។ បុរសកម្ជិល ក៏បានគិតផងដែរថា បើអញ្ចឹងព្រះជាម្ចាស់ក៏បានរៀបចំគំរោងរួចជាស្រេចហើយសម្រាប់រូបគាត់ ។ ដោយដូចច្នោះហើយ គាត់ក៏ធ្វើដូចកញ្ជោងដោយអង្គុយនៅស្ងៀមរងចាំមនុស្ស ផ្តល់អាហារឲ្យគាត់ដូចសត្វកញ្ជោងដែលត្រូវសត្វតោចិញ្ចឹម ។
ពេលវាលាចេះតែកន្លងទៅ គាត់អង្គុយរងចាំនៅតាមផ្លូវ ដោយសម្លឹងមើលឆ្វេងមើលស្តាំ និងរំពៃនឹកគិតដល់អាហារ ដែលនឹងមានអ្នកយកមកឲ្យគាត់ ។ ចាំបាត់ចាំបាត់ អស់រយៈពេលពីរថ្ងៃកន្លងទៅគាត់នៅតែមិនមានអ្នកណាឲ្យអាហារមកគាត់ ដោយទ្រាំនឹងសេក្តីស្រេកឃ្លានមិនបាន បុរសក៏ចាកចេញទៅ ។
នៅតាមផ្លូវពេលកំពុងធ្វើដំណើរទាំងអត់អាហារ បុរសកម្ជិលមានសភាពទន់ខ្សោយ គាត់បានជួបព្រឹទ្ធាចារ្យម្នាក់ ហើយក៏បានរៀបរាប់ដំណើររឿងកន្លងមកដែលបុរសកម្ជិលនេះបានជួបហេតុការណ៍អស្ចារ្យ ឲ្យព្រឹទ្ធាចារ្យដឹងសព្វគ្រប់ ។ ព្រឹទ្ធាចារ្យ បានឲ្យអាហារនិងទឹកដល់ចៅកម្ជិលបរិភោគ ។ ពេលបរិភោគរួចចៅកម្ជិលសួរលោកព្រឹទ្ធាចារ្យថា ហេតុអ្វីក៏ព្រះជាម្ចាស់លំអៀងម្លេះ ទ្រង់មានរិទ្ធានុភាពអស្ចារ្យអាចបង្កើតសត្វទាំងអស់ ហើយទ្រង់អាចជួយសត្វកញ្ជោងបាន តែចិត្តអាក្រក់មិនជួយខ្លួន ?
ព្រឹទ្ធាចារ្យឆ្លើយដោយញញឹមថា ចៅ! ព្រះបានបង្កើតអ្វីៗមក ហើយក៏បានរៀបចំគំរោងរួចជាស្រេចឲ្យសត្វទាំងអស់ ហើយព្រះក៏បានរៀបចំគំរោងឲ្យចៅដែរ តែអ្វីដែលចៅគិតគឺវាខុសពីបំណងព្រះចង់បង្ហាញ ។ ព្រះចង់ឲ្យចៅប្រព្រឹត្តដូចសត្វតោ មិនមែនដូចសត្វកញ្ជោងនោះទេ តើចៅយល់ឬនៅ ? ។ ចប់ ។
តម្លៃអប់រំក្នុងរឿង
ការគិតខុសនាំឲ្យយើងប្រព្រឹត្តខុស ដូចពាក្យសុភាសិតមួយពោលថា ផលថ្ងៃនេះគឺកើតចេញពី ការគិតរបស់អ្នក ។
មនុស្សយើងមានសក្កានុពលយ៉ាងខ្លាំង បើយើងគិតវិជ្ជមាន យើងកំពុងនាំខ្លួនយើងទៅរកវិថីត្រឹមត្រូវមួយ ហើយយើងអាចប្រើសមត្ថភាពចេញពីខ្លួនឯងផ្ទាល់ ដោយមិនចេះរីងស្ងួត ។ បើយើងមើលខ្លួនឯងក្នុងផ្លូវវិជ្ជមាន ហើយគិតថាខ្លួនឯងមានថាមពលខ្លាំងក្លាក្នុងការរស់នៅ នោះយើងនឹងអាចជាទីពឹងអាស្រ័យរបស់មនុស្សទន់ខ្សោយបាន។
កុំគិតធ្វើអ្វីដែលស្រួលៗពេក ត្រូវធ្វើរឿងលំបាក។ មនុស្សខ្លាំងគឺជាមនុស្សដែលអាចធ្វើរឿងលំបាកឲ្យជោគជ័យ ។

Comments