បើចង់ហោះហើរដូចឥន្ទ្រី កុំប្រឹងរៀនកកាយដូចមាន់

P
phuongsok
![40435381_455079188326368_2896545117156409344_n.jpg](https://serey.io/imageupload_data/62a7e9c1e971b09a2d504a6e91b2df5fe465c9c2) ការកំណត់គោលដៅមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ដឹកនាំជីវិតឲ្យទទួលបានភាពជោគជ័យ។ សំណួរបីដែលត្រូវសួរខ្លួនឯង ហើយអ្នករកឲ្យឃើញចម្លើយចេញពីចិត្ត និងគំនិតរបស់អ្នកផ្ទាល់ ព្រោះថាចិត្តវាជាថាមពលនាំអ្នកទៅដល់គោលដៅ ចំណែកឯគំនិតគិតឃើញវាហាក់ដូចជាផែនទីនាំអ្នកឲ្យទៅដល់គោលដៅដោយសុវត្ថិភាព ចំណេញវេលា និងប្រាក់កាក់ថែមទៀតផង។ សំណួរទាំងបីមានដូចតទៅ៖ ទីមួយសួរថា “តើអ្នកចង់ទទួលបានជោគជ័យឬទេ?” សំណួរនេះបើយើងសួរទៅកាន់់មនុស្សមួយរយនាក់ប្រាកដណាស់ មនុស្សទាំងមួយរយនាក់នោះ នឹងឆ្លើយថា “ខ្ញុំចង់ទទួលបានជោគជ័យ” ។ អ្នកខ្លះចង់ក្លាយជា អ្នកជំនួញដែលជោគជ័យ អ្នកខ្លះចង់ក្លាយជារដ្ឋមន្ត្រីដែលល្អសម្រាប់ជាតិ ហើយអ្នកខ្លះទៀតចង់ក្លាយជាមហាសេដ្ឋី ជាកំពូលអ្នកជួញដូររូបបិយប័ណ្ណអន្តរជាតិ ហើយមានអ្នកខ្លះទៀតចង់ក្លាយជាតារាចម្រៀង តារាសម្តែង ដែលល្បីជាគេក្នុងស្រុក និងចង់ក្លាយជា អ្នកដែលប្រសើរគ្រប់រឿងផ្សេងៗទៀត។ ការរកឲ្យឃើញថាតើអ្នកចង់បានអ្វីនេះហើយ វាជាថាមពលចេញពីចិត្តនាំឲ្យអ្នកធ្វើការមិនហត់ មិនខ្លាច មិនរាថយ មិនបាក់ទឹកចិត្ត ព្រោះអ្នកបានប្រមូលថាមពលបាញ់ឆ្ពោះទៅរកក្តីសុបិន្ត។ នៅពេលអ្នកមានក្តីសុបិន្ត អ្នកឃើញរូបភាពនោះក្នុងខួរក្បាលរបស់អ្នក អ្នកនឹងរីករាយទោះពេលនេះ អ្នកហត់ អ្នកត្រូវរងភាពឈឺចាប់ខ្លះក៏ដោយ តែអ្នកនៅតែបន្តដំណើរទៅមុខមិនរាថយ។ ![exito-1132x670.jpg](https://serey.io/imageupload_data/c8c90b33fa65bb4fb1b4dee65273ab4890d58754) សំណួរទីពីរ “សួរថាតើអ្នកចង់ក្លាយជាអ្វី?” រកឲ្យឃើញថាអ្វីជាក្តីប្រាថ្នានៅក្នុងជីវិតរបស់អ្នក តើជីវិតមួយនេះប្រើទៅលើរឿងអ្វី? ព្រោះថាអ្នកមិនអាចរស់នៅរហូតបាននោះទេ ពេលវេលាមានកំណត់ នៅថ្ងៃមួយមកដល់អ្នកនឹងត្រូវចាកចេញពីពិភពលោកនេះហើយ។ កំណត់ផែនការជីវិតសម្រាប់មួយឆ្នាំ ពីរឆ្នាំ ប្រាំឆ្នាំ និងដប់ឆ្នាំ ឲ្យបានច្បាស់លាស់ ព្រោះអ្នកចង់ក្លាយជាអ្វីក្នុងពេលពីរឆ្នាំខាងមុខ ។ ជីវិតមានកំណត់ ព្រោះយើងត្រូវគោរពច្បាប់ធម្មជាតិ (កើត ចាស់ ឈឺ ស្លាប់) ។ មុននឹងចាកចេញទៅអ្នកត្រូវតែសម្រេចគោលដៅដែលអ្នកប្រាថ្នា អ្វីដែលអ្នកអាចបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយជាផលប្រយោជន៍មនុស្សជាតិ ដូចពាក្យចាស់ពោលថា “ទូកទៅកំពង់នៅ”។ ![success.jpg](https://serey.io/imageupload_data/fe443a2e13003051e6fb8abfbef52b4579db835c) សំណួរទីបី “តើអ្នកត្រូវសម្រចគោដៅដោយរបៀបណា?” បើចង់ហោះហើរដូចសត្វឥន្ទ្រី កុំប្រឹងទៅរៀនកកាយដូចសត្វមាន់។ រកឲ្យឃើញនូវមធ្យោបាយដែលអាចនាំឲ្យអ្នកទៅដល់គោលដៅ។ តើសមត្ថភាព ជំនាញ ចំណេះដឹងដែលអ្នកមាន ហើយសកម្មភាពបច្ចុប្បន្នរបស់អ្នកបាននឹងកំពុងនាំអ្នកឲ្យទៅដល់គោលដៅឬទេ? មានរឿងមិនសំខាន់ខ្លះអ្នកត្រូវបោះបង់ ហើយអ្នកផ្តោតទៅលើគោលដៅតែមួយមុខគត់ គឺសកម្មភាពថ្ងៃនេះ អាចកំណត់អ្នកនៅថ្ងៃស្អែក រស់ក្នុងបច្ចុប្បន្ន គិតក្នុងបច្ចុប្បន្ន សកម្មភាពក្នុងបច្ចុប្បន្ន វាគ្រប់គ្រាន់ហើយកុំរវើរវាយ ព្រោះអ្នកកើតមកដើម្បីភាពជោគជ័យ ភាពជោគជ័យកើតមានបានលុះត្រាតែមានផែនការជោគជ័យ ប្រាកដនិយម អាចធ្វើទៅរួច ជាក់ស្តែង រួមទាំងមានរបៀបជោគជ័យ និងក្តីសង្ឃឹមយ៉ាងមុតមាំដើម្បីភាពជោគជ័យ។ សរុបមក កត្តាទាំងបីយ៉ាងខាងលើពិតជារឿងដែលអ្នកត្រូវតែមានដើម្បីឲ្យទទួលបានជោគជ័យមិនអាចខ្វះបាន។ ដ៏រាបណាអ្នកមានក្តីស្រមៃថាអ្នកចង់ក្លាយជាអ្វី អ្នកនឹងធ្វើរឿងដែលអ្នកចង់បាននោះជាមិនខាន គ្មានថ្ងៃដែលអ្នកបោះបង់ឡើយ ទោះសេចក្តីស្លាប់ខិតជិតមកក៏ដោយ។ ដូចពុទ្ធសុភាសិតមួយពោលថា អ្នកថ្ងៃនេះគឺជាផលនៃគំនិតរបស់អ្នក ដែលបានគិត!។ @ដោយខ្ញុំបាទ ភួង សុខ

Comments

sarith71
គោលដៅដែលត្រូវឆ្ពោះទៅបានកំណត់រួចហេីយ តែ១០ឆ្នាំក្រោយមកនៅតែមិនអាចទៅដល់ទៀត តេីត្រូវធ្វេីយ៉ាងមិចទៀតបង?​
wondercury
តែកុំធ្វើជាឥន្ទ្រីយ៍ដែលធុញនឹ្សំលេងរំខានអ្នកផង នោះឥន្ទ្រីយ៍នឹងធ្លាក់ស្លាប់ដោយសារយកស្លាបទាំងពីរទៅបិទត្រចៀកកុំអោយលឺសំលេងអ្នកផង។
mianfahad
Really inspirational post keep it up