សិស្សវិទ្យាសាស្ត្រសង្គម និងសិស្សវិទ្យាសាស្ត្រពិត

បច្ចុប្បន្នក្រសួងអប់រំយុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងអនុវត្តកម្មវិធីសិក្សាថ្នាក់វិទ្យាសាស្ត្រសង្គម និងថ្នាក់វិទ្យាសាស្ត្រពិតនៅកម្រិតវិទ្យាល័យថ្នាក់ទី១១ ដល់ទី១២ ហើយការអនុវត្តន៍មានផលវិជ្ជមាននិងអវិជ្ជាមាន។ ការអនុវត្តកម្មវិធីសិក្សានេះត្រូវបានគេមើលឃើញថា ថ្នាក់វិទ្យសាស្ត្រសង្គមមានចំនួនភាគរយសិស្សជាប់ខ្ពស់ជាងថ្នាក់វិទ្យសាស្ត្រពិត ហើយបច្ចុប្បន្នថ្នាក់វិទ្យសាស្ត្រសង្គមបាននឹងកើនឡើងជាលំដាប់ នៅគ្រប់វិទ្យាល័យ។ ប្រការនេះហើយបានធ្វើឲ្យសិស្សភាគច្រើនចាប់យកថ្នាក់សង្គម ជាជាងថ្នាក់វិទ្យាសាស្ត្រ។ តើការបែងចែងថ្នាក់វិទ្យសាស្ត្រសង្គម និងថ្នាក់វិទ្យសាស្ត្រពិតមានផលវិជ្ជមាន និងអវិជ្ជាមានអ្វីខ្លះ? ខ្ញុំសូមលើកយកផលវិជ្ជមាន និងអវិជ្ជាមានដូចតទៅ៖
ផលវិជ្ជមាន
សិស្សនាពេលបច្ចុប្បន្នប្រឡងមុខវិជ្ជាតិចជាងមុនគឺប្រឡង៧មុខវិជ្ជា ហើយការប្រឡងតិចធ្វើឲ្យសិស្សងាយផ្តោ្តតលើមុខវិជ្ជាដែលត្រូវប្រឡង។ សិស្សថ្នាក់សង្គម(សិស្សវិទ្យាសាស្ត្រសង្គម) ប្រឡងមុខវិជ្ជាមាន ភាសាខ្មែរ គណិត ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ពលរដ្ឋ ភាសាអង់គ្លេស ហើយមួយមុខវិជ្ជា៣ទៀតត្រូវចាប់ឆ្នោតយកតែមួយ។ មុខវិជ្ជាដែលត្រូវចាប់ឆ្នោតមាន រូបវិទ្យា គីមីវិទ្យា ផែនដីវិទ្យា។ ចំណែកសិស្សថ្នាក់វិទ្យាសាស្ត្រពិតវិញប្រឡង ភាសាខ្មែរ គណិត រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យា ផែនដី មុខវិជ្ជាដែលចាប់ឆ្នោតនោះមាន ប្រវត្តិ ភូមិ និងពលរដ្ឋវិទ្យា។ ជាលទ្ធិផលការប្រឡងកន្លងមកសិស្សជាប់និទ្ទេសA មានការកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១១ មក។ ការសិស្សាមុខវិជ្ជាចំនួនតិចនេះក៏ជាការតម្រង់សិស្ស ដើម្បីងាយស្រួលក្នុងការចាប់យកជំនាញផងដែរ ។
ផលអវិជ្ជាមាន
ការប្រឡងបច្ចុប្បន្នហាក់បីដូចជាមានកំណែប្រែល្អប្រសើរជាលំដាប់ តែក្នុងនោះវាមានផលអវិជ្ជាមានពេលអនាគតច្រើនជាង ជាក់ស្តែងការបែងចែកសិស្សវិទ្យាសាស្ត្រពិត និងសិស្សវិទ្យសាស្តសង្គមបានធ្វើឲ្យកម្រិតការយល់ដឹងរបស់សិស្សមិនទូលំទូលាយ ព្រោះមុខវិជ្ជាដែលសិស្សរៀនហើយមិនយកមកប្រឡង ថ្នាក់ជាតិ ត្រូវបានសិស្សមិនចាប់អារម្មណ៍ ហើយធ្វេសប្រហែល និងអាចជាលេស មិនខិតខំរៀនសូត្រ។ ប្រការនេះកើតមានឡើងលើសិស្សថ្នាក់សង្គម ភាគច្រើនពួកគាត់ធ្វេសប្រហែលក្នុងការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយកម្រិតយល់ដឹងលើវិស័យវិទ្យាសាស្ត្រគឺខ្សោយខ្លាំង ។ ការបែងចែកនេះមិនត្រូវបានកម្រិតមុខវិជ្ជាសិស្សាអាចបន្តថ្នាក់ឧត្តមឡើង គឺសិស្សាថ្នាក់វិទ្យាសាស្ត្រក៏មានអាចរៀនសង្គម ហើយសិស្សសង្គមក៏អាចរៀនមុខវិជ្ជាវិទ្យាសាស្ត្រ។ ការធ្វើបែបនេះនាំឲ្យសិស្សខ្លះដែលចង់បានជាប់បាក់ឌុប(ជាប់មធ្យមសិក្សាទុតិយភូមិ) ដល់ចង់រៀនថ្នាក់វិទ្យាសាស្ត្រពិបាកខ្លាំង ហើយសូម្បីការប្រឡងនានាក៏ទាមទាប្រឡងមុខវិជ្ជាវិទ្យាសាស្ត្រដែរ ហេតុនេះសិស្សសង្គមមិនអាចប្រគួតប្រជែងបាន ។ លើសពីនេះទៀតនៅថ្ងៃអនាគតសង្គមយើង និងខ្វះអ្នកបច្ចេកទេសច្រើនថែមទៀត ហើយប្រទេសអភិវឌ្ឍន៍គឺជាប្រទេសដែលមានវិស័យវិទ្យាសាស្ត្ររីកចម្រើន តែនិយាយបែបនេះ មិនមែនថាមុខវិជ្ជាសង្គមមិនសំខាន់នោះទេ គឺសំខាន់ដូចគ្នា តែសូមឲ្យមានសមតុល្យ ។
តាមការអង្គេតរបស់ខ្ញុំផ្ទាល់ភាគច្រើនសិស្សចាប់យកមុខវិជ្ជាសង្គម គាត់គិតថាខ្លួនគាត់ខ្សោយមុខវិជ្ជាវិទ្យា ហើយខ្លះទៀតគឺមិនចង់គិតច្រើនធ្វើម្តេចឲ្យតែជាប់បាក់ឌុប។ ការយល់ឃើញបែបនេះហើយសិស្សសង្គមមានសមត្ថភាពកាន់តែខ្សោយជាងសិស្សវិទ្យាសាស្ត្រពិត ជាក់ស្តែង សិស្សសង្គមពិបាកនិងយកនិទេ្ទស A ណាស់ ហើយភាគច្រើនខ្សោយលើការវិភាគ គន្លិះតក្កវិជ្ជា។
ជាសរុប ការបែងចែកសិស្សមុខវិជ្ជាវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម មានផលវិជ្ជាមាន និងអវិជ្ជាមាន ហើយផលអវិជ្ជមានច្រើនថ្ងៃអនាគត គឺចំនួនសិស្សសង្គមបាននឹងកើនឡើង ហើយអាចជាផលប៉ះពាល់ដល់សង្គមព្រោះ ជនជាតិយើងនឹងមិនមានអ្នកជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រច្រើន (វិស្វករ ពេទ្យ ...)។ ជាទីបញ្ចាប់តាមទស្សនៈខ្ញុំផ្ទាល់ ការឲ្យសិស្សរៀនច្រើនមុខ និងប្រឡងគ្រប់មុខជាការល្អ ព្រោះដើម្បីពួកគាត់មានសមត្ថភាពចំណេះដឹងទូលំទូលាយទាំង មុខវិជ្ជាសង្គម និងវិទ្យាសាស្ត្រ នៅកម្រិតចំណេះទូទៅ ហើយកម្រិតចេះដឹងសកលវាជាការសំខាន់ លុះដល់ពេលពួកគាត់ចាប់យកជំនាញនៅថ្នាក់ឧត្តម សឹមគាត់សម្រួចជំនាញដែលគាត់គាត់ពេញចិត្តក៏មិនយឺតពេលដែរ។
ធនធានដ៏សំខាន់បំផុតរបស់ប្រទេសមួយគឺធនធានមនុស្ស!!!

@phuongsok

