មីស៊ីលថ្មីរបស់ចិន អាចបាញ់ដល់ដែនដីអាមេរិក និងកម្ទេចនាវាដឹកយន្តហោះចម្បាំង
DF-26 ជាប្រភេទមីស៊ីលថ្មី ដែលផលិតឡើងដោយរដ្ឋាភិបាលចិន ហើយត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់កងកម្លាំងទ័ពរ៉ុកកែត នៃកងទ័ពរំដោះប្រជាជនចិន កាលពីដើមខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយ The National Interest។
វាមានសមត្ថភាពអាចបាញ់នៅរយៈចម្ងាយពី ៣០០០ ទៅដល់ ៤០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលធម្មតាដល់ទម្ងន់ពី ១២០០ ទៅ ១៨០០គីឡូក្រាម។ បើនិយាយក្នុងន័យប្រតិបត្តិការជាក់ស្ដែង DF-26 អាចបាញ់ដល់កោះ Guam ដែលជាមូលដ្ឋានទ័ពអាកាសអាមេរិក ឬក៏កម្ទេចនាវាបានគ្រប់ប្រភេទនៅលើផ្ទៃសមុទ្រ ដូចជា នាវាដឹកយន្តហោះចម្បាំង Nimitz និង Gerald R. Ford របស់អាមេរិក ជាដើម។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងកាលពីថ្ងៃទី២៦មេសាថា មីស៊ីល DF-26 មានឈ្មោះពេញហៅថា "Dongfeng- 26" ដែលមានទម្ងន់សរុប ២ម៉ឺនគីឡូក្រាម ជាប្រភេទមីស៊ីលខ្នាតមធ្យម តែអាចបាញ់រយៈចម្ងាយឆ្ងាយ។ លោក Wu ថា លក្ខណៈពិសេសចំនួន ៤ របស់មីស៊ីល DF-26 មានដូចជា៖
១. វាត្រូវបានស្រាវជ្រាវ អភិវឌ្ឍ និងផលិតដោយចិនតែម្នាក់ឯង ហើយចិនមានកម្មសិទ្ធិបញ្ញាពេញលេញទៅលើ DF-26។
២. វាអាចបំពាក់ទាំងក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពប្រឆាំង និងវាយប្រហារ ក្នុងរយៈចម្ងាយមធ្យម ឬឆ្ងាយទៅតាមការចង់បាន។
៣. វាអាចវាយប្រហារបានទាំងគោលដៅនៅលើដី និងនៅលើផ្ទៃទឹក។
៤. បច្ចេកវិទ្យាថ្មីៗមួយចំនួន ត្រូវបានបំពាក់នៅលើមីស៊ីល DF-26 ដែលជួយបង្កើនសមត្ថភាពផ្ដល់ព័ត៌មាន និងការធ្វើសមាហរណកម្មរបស់វា៕
ប្រភព៖ National Interest និង http://kleykley.sabay.com.kh ប្រែសម្រួល៖ ឈាង.

