EU បន្តគាំទ្រកម្ពុជាលើកម្មវិធីមួយចំនួន គិតជាទឹកប្រាក់ជាង ១៣០លានដុល្លារ
លោក George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញពីសុឆន្ទៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការបន្តគាំទ្រកម្ពុជា លើកម្មវិធីមួយចំនួនដែលគិតជាទឹកប្រាក់សរុបប្រមាណ ១១៥លានអឺរ៉ូ (ជាង ១៣២លានដុល្លារ)។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងលោក George Edgar និងលោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចស្តីពីលទ្ធផលនៃជំនួបខាងលើនេះ បានឱ្យដឹងថា កម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល EU ប្តេជ្ញាបន្តគាំទ្រនោះរួមមានដូចខាងក្រោម៖
កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ពីឆ្នាំ២០២០-២០២១ ប្រមាណ ២២លានអឺរ៉ូ (ជាង ២៥លានដុល្លារ)
កម្មវិធីសម្រាប់កំណើនប្រកបដោយនិរន្តភាព និងបរិយាប័ន្ននៅកម្ពុជា លើវិស័យជលផលប្រមាណ ៨៧លានអឺរ៉ូ (ជាង ១០០លានដុល្លារ)
និងកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ប្រមាណ ៦លានអឺរ៉ូ (ជិត ៧លានដុល្លារ)។
ក្នុងជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EU ទាំងជំនួយជាហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយជោគជ័យ និងចីរភាព។ លោកបានគូសបញ្ជាក់ថា នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា និង EU៕
អត្ថបទ៖ សំភី
ប្រភព http://kleykley.sabay.com.kh

