វិធីសាស្ត្រធម្មជាតិ ជួយដោះស្រាយរោគរលាកក្រពះ
រោគរលាកក្រពះ គឺជាការរលាកនៃជាលិកាដែលមាននៅតាមផ្នែកខាងក្នុងបង្អស់នៃសរីរាង្គក្រពះ។ បញ្ហាឈឺក្រពះនេះជាទុក្ខកង្វល់មួយដ៏ខ្លាំងរបស់ប្រជាជនខ្មែរយើង ព្រោះភាគច្រើននៃអ្នកកើតជំងឺនេះច្រើនតែរ៉ាំរ៉ៃ ត្រូវការរយៈពេលយូរក្នុងការព្យាបាលហើយត្រូវចំណាយថវិកាយ៉ាងច្រើនទៅលើថ្នាំទៀតផង។
ភាពព្រងើយកន្តើយ និងការមិនយកចិត្តទុកដាក់ទៅលើរោគសញ្ញាដែលសរីរាង្គក្រពះមានបញ្ហា អាចបង្កជាជំងឺកាន់តែធ្ងន់ធ្ងរដូចជាវិវឌ្ឍទៅរកជំងឺខ្ទុះរលាកក្រពះ ជាពិសេសជំងឺមហារីកក្រពះតែម្តង។
ដូច្នេះខាងក្រោមជាចំណេះដឹងខ្លះទាក់ទងនឹងប្រភេទរោគសញ្ញា មូលហេតុ និងវិធីសាស្ត្រក្នុងការបង្ការជំងឺនេះដែលលោកអ្នកគួរចងចាំ និងដឹង៖
ក. ប្រភេទ
១. រោគរលាកក្រពះរយៈពេលខ្លី៖ ជំងឺនេះកើតត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺត្រឹម ៧ទៅ១០ថ្ងៃ ហើយពេលខ្លះអាចបាត់ទៅវិញដោយខ្លួនឯង។ ភាគច្រើននៃជំងឺនេះ មានអាការឈឺខ្លាំងភ្លាមៗហើយក៏បាត់ទៅវិញ។ បើដឹង និងព្យាបាលទាន់ពេល វាអាចព្យាបាលជាសះស្បើយ។
២. រោគរលាកក្រពះរយៈពេលវែង៖ វាមានលក្ខណៈខុសពីជំងឺរលាកក្រពះរយៈពេលខ្លី ត្រង់ថាជំងឺនេះពុំងាយនឹងព្យាបាលឡើយ ហើយចំណាយរយៈពេលយូរខ្លាំង ព្រោះវាមានលក្ខណៈរ៉ាំរ៉ៃ ហើយរោគសញ្ញារបស់វាមានអាការឈឺល្មមៗ ដែលច្រើនធ្វើឲ្យយើងពុំចាប់អារម្មណ៍។
ខ. រោគសញ្ញា
រោគសញ្ញានៃជំងឺរលាកក្រពះទាំងពីរប្រភេទនេះក៏ពុំសូវជាខុសគ្នាប៉ុន្មានឡើយ៖
១. មានអាការដូចជាឈឺស្ទំៗនៅចុងដង្ហើម
២. ញ៉ាំអាហាររួច ចេះតែក្អួត និងមានអារម្មណ៍ឆ្អល់ពោះ
៣. ស្រកទម្ងន់គ្មានមូលហេតុ និងបាត់បង់ចំណង់អាហារ
៤. លាមកមានពណ៌ខ្មៅ
៥. ចេះតែវិលមុខ ឈឺក្បាល អស់កម្លាំង
គ. មូលហេតុ
ដូចបានរៀបរាប់ខាងលើ រោគរលាកក្រពះមិនថារយៈពេលខ្លី ឬ រ៉ាំរ៉ៃនោះទេ សុទ្ធតែ បង្កឡើងពីការរលាកនូវជាលិកាខាងក្នុងរបស់ក្រពះដូចគ្នា។ ហើយឬសគល់នៃមូលហេតុរលាកនៃជាលិកាទាំងនេះក៏ពុំសូវខុសគ្នាដែរ។
១. មូលហេតុចំបង៖
* ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំបំបាត់អាឡែកស៊ី ញឹកញាប់
* បង្កឡើងដោយបាក់តេរី បង្កជំងឺរលាកប្រព័ន្ធរំលាយអាហារ (Helicobacter pylori)
* ការពិសាគ្រឿងស្រវឹងលើសកម្រិត និងញឹកញាប់ពេក
២. មូលហេតុដែលកម្រ៖
* ប្រព័ន្ធភាពស៊ាំរាងកាយអន់ថយ ដែលធ្វើឲ្យពពួកអតិសុខុមប្រាណបង្កនូវបញ្ហារលាកក្រពះ
* បញ្ហាស្ត្រេសជាប្រចាំ
* ការបរិភោគអាហារមិនទៀងទាត់
* បញ្ហានៃតម្រងនោម
* បញ្ហាទឹកប្រម៉ាត់
* ការប្រើប្រាស់កូកាអ៊ីន (ថ្នាំញៀន)
ឃ. ដំណោះស្រាយ
១. ការកែប្រែទម្លាប់
ដើម្បីកាត់បន្ថយនូវហានិភ័យ នៃការបង្ករោគរលាកក្រពះទាំងពីរប្រភេទនេះ វាជាការចាំបាច់និងសំខាន់បំផុតដែលយើងត្រូវកាត់បន្ថយនូវបរិមាណនៃការពិសាគ្រឿងស្រវឹងលើសកំណត់ បញ្ឈប់ការជក់បារី ចេះគ្រប់គ្រងនិងកាត់បន្ថយបញ្ហាស្ត្រេស និងព្យាយាមពិសាទឹកឲ្យបានកាន់តែច្រើនកាន់តែល្អ (យ៉ាងតិចណាស់ឲ្យបាន ២លីត្រក្នុងមួយថ្ងៃ)។ ក្រៅពីនេះយើងត្រូវកាត់បន្ថយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ឬ ថ្នាំអាឡែកស៊ី និងពុំគួរប្រើប្រាស់ថ្នាំផ្តេសផ្តាសដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់រាល់ពេលដែលយើងមានអាការឈឺនោះទេ។
២. វីធីសាស្ត្រធម្មជាតិ
ដូច្នេះខាងក្រោមជាអាហារធម្មជាតិពីរប្រភេទ ដែលអាចជួយកាត់បន្ថយអាការនិង អាចព្យាបាលជំងឺរលាកក្រពះទាំងពីរប្រភេទនេះ៖
ក. ការប្រើប្រាស់ខ្ញី
យើងអាចប្រើប្រាស់ខ្ញី លាយជាមួយទឹកក្តៅអ៊ុនៗជារៀងរាល់ព្រឹកដើម្បីបង្ការ និង ប្រឆាំងនឹងជំងឺរលាកក្រពះ ពីព្រោះ ៖
* ខ្ញី ជាប្រភពនៃសារធាតុប្រឆាំងនឹងការរលាកដោយធម្មជាតិ ដែលថ្នាំយើងប្រើប្រាស់ទិញពីឱសថស្ថានសុទ្ធតែដកយកនូវសារធាតុពិសេសនេះមកធ្វើជាថ្នាំព្យាបាល
* ខ្ញី ក៏សំបូរទៅដោយសារធាតុប្រឆាំងនឹងបាក់តេរីផងដែរ ដែលជាអត្ថប្រយោជន៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងបាក់តេរី បង្កជំងឺរលាកក្រពះ
* ជួយកាត់បន្ថយការបញ្ចេញទឹកអាស៊ីតក្រពះ
* ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ប្រឆាំងនឹងមេរោគ
ខ. ទឹកឃ្មុំធម្មជាតិ
ការហូបទឹកឃ្មុំធម្មជាតិសុទ្ធល្អមួយស្លាបព្រាបាយ នៅពេលព្រឹកព្រលឹមដោយពោះទទេរ អាចមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការជួយបន្ថយអាការ និងព្យាបាលជំងឺរលាកក្រពះ ដោយសារសារធាតុពិសេសៗមួយចំនួន អាចមានឥទ្ធិពលក្នុងការព្យាបាលកោសិកាដោយធម្មជាតិ៕ប្រភព៖www.khmerload.com

