កម្ពុជា កំពុងរៀបចំឲ្យមានការប្រមូលពន្ធ ពីអ្នកលក់តាមអនឡាញ
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរពីវិធីប្រមូលពន្ធ ពីការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (លក់ដូរតាមអនឡាញ) ដែលត្រូវបានអះអាងថា ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើន នៃសង្គមជាតិ។
ការឲ្យដឹងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិក (E-tax) ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា កិច្ចការនេះគឺជាការគិតគូរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងទៀតថា បច្ចុប្បន្នក្នុងប្រទេសកម្ពុជា និន្នាការសេដ្ឋកិច្ចឌីជីថលនេះ បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិនធឺណិត ស្របពេលដែលអតិថិជនកំពុង សម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។ ស្ថិតក្នុងបរិបទនេះ កម្ពុជាមិនទាន់មានយន្តការជាក់លាក់ ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសាកលលោក និងតំបន់៕
ប្រភព៖http://kleykley.sabay.com.kh

