តើប្លង់រឹងមានប៉ុន្មានប្រភេទ?តើប្លង់រឹងសម័យរដ្ឋកម្ពុជានៅមានសុពលភាពអាចលក់ទិញបានទេ?

កម្មវិធីច្បាប់ និងសេដ្ឋកិច្ចៈ ជំរាបសួរបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម serey!!! នេះគឺជាអត្ថបទដំបូងរបស់ខ្ញុំ ដែលបានចេញផ្សាយនៅក្នុង serey ហើយក៏អរគុណ serey ផងដែរ ដែលបានធ្វើឲ្យខ្ញុំមានឳកាសក្នុងការសរសេរចែករំលែកពីចំណេះដឹងដែលបានមកពីការរៀនសូត្រនៅមហាវិទ្យាល័យ និងបទពិសោធន៏ដោយផ្ទាល់ចេញពីកន្លែងការងារទាក់ទងនឹងវិស័យដីធ្លី។ ហើយវាក៏ ជាការបង្កើតកម្មវិធីច្បាប់ និងសេដ្ឋកិច្ចដំបូងនៅក្នុង serey ដើម្បីបង្កើនអត្ថបទនិពន្ធនៅក្នុង serey ឲ្យកាន់តែច្រើនឡើង និងសំបូរបែបនៅក្នុងបណ្ដាញសង្គមថ្មីរបស់ខ្មែរគឺ serey។
បុព្វហេតុដែលធ្វើឲ្យខ្ញុំសិក្សាស្រាវជ្រាវ និងនិពន្ធអំពីប្រធានបទនេះឡើង ដោយឃើញថាវិស័យអចលនទ្រព្យមានការរីកចំរើន ហើយមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងដោយសង្កេតឃើញថា ចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិតទាក់ទងនឹងវិស័យដីធ្លី ហើយដោយហេតុថាការស្រឡាញ់វិស័យនេះ និងខ្លួនមានជំនាញនេះស្រាប់ផង។ ដូច្នេះហើយបានជាខ្ញុំចង់ចែករំលែកចំណេះដឹងទាំងអស់នេះទៅដល់ប្រជាពលរដ្ឋ និងជាពិសេសទៅដល់អ្នករកស៊ី របរគក់ជេដី ភ្ងាក់ងារអចលនទ្រព្យ អ្នកវិនិយោគដីធ្លី អ្នកទទួលបញ្ចាំ ... ល ។ មុននឹងឈានដល់ការបកស្រាយនៅប្រធានបទខាងលើ ខ្ញុំសូមលើកឡើងនៅ សំណួរមួយចំនូនដែលបានចោទសួរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់តែងតែសួរថា “តើប្លងរឹងមានប៉ុន្មានប្រភេទ? តើប្លង់រឹងតាំងពីសម័យរដ្ឋកម្ពុជានៅមានសុពលភាពដែរ ឬ ទេ?”នៅក្នុងប្រទេសកម្ពុជាតាំងពីសម័យរដ្ឋកម្ពុជា មកដល់បច្ចុប្បន្នយើងឃើញថាប្លង់កម្មសិទ្ធិមានពីរប្រភេទ គឺទីមួយ “ប្លង់រឹង” (ដែលយើងនឹងសិក្សាឥឡូវនេះ) និងទីពីរ “ប្លង់ទន់” (ដែលយើងនឹងសិក្សានៅអត្ដបទបន្ទាប់)។
ប្លង់រឹង គឺជាប័ណ្ណ និងវិញ្ញាបនបត្រដែលបញ្ជាក់ អំពីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិលើដីធ្លី ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត -ក្រុង-រាជធានី ហើយប្លង់រឹងមានចំនួន៥ (ប្រាំ) ប្រភេទ ដូចជា៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប្លង់ស្លាបមាន់(១), វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ (២), ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប្លង់ដាច់ដោយដុំ(៣), វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណកម្មសិទ្ធិរួម (៤), វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប្លង់អិលម៉ែប(L-Map)(៥)។ នៅខាងក្រោមខ្ញុំនឹងបកស្រាយលម្អិតអំពីប្រភេទប្លង់កម្មសិទ្ធិទាំងនោះដូចជា៖
១. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ហៅថាប្លង់ស្លាបមាន់ គឺជាប្លង់បញ្ជាក់ពីសិទ្ធិកាន់កាប់ដែលបាន ផ្ដល់ឲ្យប្រជាពលរដ្ឋដំបូងគេ ក្រោយពីសម័យសង្គ្រាម បន្ទាប់ពីការចេញនូវសេចក្ដីណែនាំអនុវត្ដ លេខ ០៣ សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩ “ស្ដីពីគោលនយោបាយគ្រប់ គ្រង និងប្រើប្រាស់ដីធ្លី”។ ហើយប្លង់នេះចេញឲ្យប្រើប្រាស់នៅចន្លោះឆ្នាំ១៩៨៩ ដល់ ឆ្នាំ១៩៩៣ ដោយអាជ្ញាធរសុរិយោដីរបស់រដ្ឋកម្ពុជា។ ហើយប្លង់នេះផងដែរ គឺនៅមានសុពលភាពអាចកាន់កាប់ ប្រើប្រាស់ ចាត់ចែង លក់ដូរ ផ្ទេរកម្មសិទ្ធិ បានស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

២. វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ។ ប្លង់នេះវាក៏ជាប្លង់បញ្ជាក់ពីសិទ្ធិកាន់កាប់របស់ម្ចាស់ដីធ្លីដែរ ហើយប្លង់នេះភាគច្រើនឃើញចេញឲ្យប្រើប្រាស់នៅក្នុងឆ្នាំ១៩៩២ ដោយអាជ្ញាធរសុរិយោដីរបស់រដ្ឋកម្ពុជាផងដែរ។ ប្លង់ប្រភេទនេះ មិនសូវ ឃើញមានប្រើប្រាស់ទេ ហើយប្លង់នេះ វាជាប្លង់មួយប្រភេទ ដែលចេញសម្រាប់ដីលំនៅដ្ឋានដែលមានសំណង់នៅពីលើ និងមានច្រើនជាន់។ ហើយប្លង់នេះដែរ វាមានចំណងជើងស្រដៀងគ្នាទៅនឹងប្លង់អិលម៉ែប(L-Map) ដែលវានឹងធ្វើឲ្យមានការច្រឡំគ្នា ប្រសិនយើងមិនបានឃើញរូបភាព ប៉ុន្ដែវាមានលក្ខណៈខុសគ្នាពីប្លង់អិលម៉ែប(L-Map)។ ដោយប្លង់នេះ វាមានទម្រង់ជាប័ណ្ណបញ្ជាក់សិទ្ធិកាន់កាប់តែប៉ុណ្ណោះ។

៣. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ ប្លង់ដាច់ដោយដុំ គឺជាប័ណ្ណបញ្ជាក់ពីសិទ្ធិកាន់កាប់មួយប្រភេទដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ-ក្រុង-រាជធានី។ ប្លង់នេះយើងឃើញភាគច្រើនចេញឲ្យប្រើប្រាស់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន។ ប្លង់រឹងប្រភេទនេះវាកើតចេញពីការសើ្នរសុំធ្វើ ដោយម្ចាស់កម្មសិទ្ធិឯកជនដោយឡែកតែម្នាក់ឯង ដើម្បីយកទៅប្រើប្រាស់តាមគោលបំណងរបស់ខ្លួន។
ហើយសោហ៊ុយក្នុងការធ្វើប្លង់នេះជាបន្ទុករបស់ម្ចាស់កម្មសិទ្ធិឯកជន។

៤. វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណកម្មសិទ្ធិរួម គឺជាប្រភេទប្លង់កម្មសិទ្ធិ ថ្មីមួយដែលទើបចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្លង់កម្មសិទ្ធិនេះ គឺជាប្លង់សម្រាប់បញ្ជាក់ពីសិទ្ធិកម្មសិទ្ធិលើចំណែកឯកជនរបស់អ្នកស្នាក់នៅលើអគារសហកម្មសិទ្ធិ(Condominium)។ ហើយប្លង់នេះ គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិហើយអាចអនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន (លើកលែងតែជាន់ផ្ទាល់ដី)។

៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប្លង់អិលម៉ែប(L-Map) គឺជាប្លង់កម្មសិទ្ធិពេញលេង ហើយរឹងមាំជាងប្លង់រឹងផ្សេងទៀតទាំងអស់ និងជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្ដ-ក្រុង-រាជធានី ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋទាំងអស់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហើយប្លង់រឹងនេះ វាជាប្លង់ដែលចេញឲ្យប្រើប្រាស់ចុងក្រោយគេបង្អស់ និងទំនើបជាងគេ។ ថ្មីៗនេះផងដែរ នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីដែលភ្ជាប់នូវបច្ចេកវិជ្ជា(QR Code) នៅលើសន្លឹកប័ណ្ណជំនួសប្លង់កម្មសិទ្ធិចាស់ទាំងអស់ដែលបានចេញពីមុន។

ជារួមមក ប្លង់រឹងដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន ឃើញថាមានប្រាំប្រភេទ ដែលប្លង់ទាំងអស់នោះនៅមានសុពលភាពអាចប្រើប្រាស់បានជាធម្មតា ។ ចំពោះប្លង់រឹងទាំងបួនប្រភេទ លើកលែងតែវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ចាស់ និងថ្មីចេញ ប្រសិនបើប្លង់ទាំងអស់នោះមិនទាន់ដូរទៅជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មីទេនោះ គឺនៅតែមានសុពលភាពជារៀងរហូត។ សូមអរគុណ!!!
រក្សាសិទ្ធិដោយ: @pheaktra


