
មនុស្សគ្រប់រូបតែងប្រាថ្នាចង់ឲ្យអ្នកនៅជុំវិញខ្លួនជាមនុស្សស្មោះត្រង់ហើយសេចក្តីស្មោះត្រង់ពិត ជាមានតម្លៃណាស់សម្រាប់ មនុស្សគ្រប់ជាតិសាសន៍គ្រប់ស្រទាប់វណ្ណៈ។ មាសប្រាក់ពិតជាមានតម្លៃ ហើយតម្លៃរបស់វាយើងអាចកំណត់ និងរកបាន តែភាពស្មោះត្រង់ មិនមែនយើងអាចកំណត់ថាបុគ្គលនេះមានសេចក្តីស្មោះត្រង់ ហើយរាល់មនុស្សសុទ្ធតែស្មោះនិង អ្នកនោះដែរ ព្រោះសេចត្តីស្មោះត្រង់វាជាសន្តានពីធម្មជាតិ និងកើតចេញពីសុច្ចរិតក្នុងដួងចិត្ត។ ទាក់ទងនិងភាពស្មោះត្រង់ខ្ញុំសូមលើកយករឿងមួយដែលខ្ញុំចាំកាលរៀនថ្នាក់បឋមមានចំណងជើងថា
ចៅមាណព និងពូថៅ មកនិទានដូចតទៅ៖

កាលពីព្រេងនាយមានចៅមាណពម្នាក់រស់នៅក្នុងភូមិតូចមួយ ហើយគាត់រកស៊ីចិញ្ចឹមជីវិត ដោយកាប់អុស ក្នុងព្រៃលក់។ គាត់ជាមនុស្សស្មោះត្រង់ និងឧស្សហ៍ព្យាយាមក្នុងការងាណាស់។ ជារឿងរាល់ថ្ងៃគាត់តែងតែចេញទៅ កាប់អុស ក្នុងព្រៃក្បែរភូមិ។ គាត់តែងតែកាប់អុសលក់ឲ្យអ្នកភូមិ ដើម្បីយកប្រាក់ចិញឹ្ចមជីវិត។ គាត់រកប្រាក់បាន សម្រាប់តែមួយរស់ៗ តែប៉ុណ្ណោះ តែគាត់នៅតែសប្បាយចិត្តនិងជីវភាពរស់។
ថ្ងៃមួយពេលគាត់បានចេញទៅកាប់ឈើនៅក្បែរមាត់បឹងមួយ ។ ពេលកំពុងកាប់អុសក្បែរមាត់បឹងស្រាប់តែ ពូថៅរបស់គាត់បានធ្លាក់របូតចូលក្នុងទឹកបឹងបាត់ គាត់មិនអាចចុះទៅយកពូថៅនោះបានឡើយ ព្រោះ គាត់មិនចេះហែលទឹកសោះ។ ចៅមាណពមានអារម្មណ៍សោកស្តាយពូថៅរបស់ខ្លួនជាពន់ពេក អង្គុយគិត កើតទុក្ខមិនដឹងថាត្រូវទៅធ្វើអ្វីទៀតទេដើម្បីចិញ្ចឹមជីវិត ព្រោះគាត់មានតែពូថៅនេះហើយដែល អាចឲ្យគាត់មានប្រាក់តាមរយការកាប់អុសលក់ ។
ខណៈពេលដែលចៅមាណពកំពុងស្រែកយំសោកសៅ ស្រាប់តែមានតាបសម្នាក់ចេញមកហើយសួរថា “តើចៅកើតអ្វីបានជាអង្គុយយំសោកសៅបែបនេះ” ។ ចៅមាណពឆ្លើយនឹងរៀបរាប់ប្រាប់ពីមូលហេតុចប់សព្វគ្រប់ តាបសប្រាប់ចៅមាណពថា “កុំព្រួយចៅ ចាំតាចុះទៅយកពូថៅនោះមកឲ្យចៅវិញមិនខាន”។
ថាហើយភ្លាមតាបស បានលោតចូលទឹកប្រូង មួយសន្ទុះក្រោយមកតាបសងើបចេញពីទឹក ហើយលើពូថៅប្រាក់មួយ មកបង្ហាញចៅមាណព ហើយស្រែកសួរថា “នេះឬពូថៅចៅ” ។ ចៅមាណពឆ្លើយថា “មិនមែនទេ វាមិនមែនជារបស់ខ្ញុំទេ” ។ តាបសក៏មុជក្នុងទឹកម្តងទៀត ហើយងើបមក វិញដោយលើកពូថៅមាសបង្ហាញ ចៅមាណដូចមុន ហើយស្រែកសួរថា “នេះឬពូថៅចៅ” ។ ចៅមាណពឆ្លើយថា “មិនមែនទេ វាមិនមែនជារបស់ខ្ញុំទេ” ។ តាបសសួរបញ្ជាក់ “ចៅប្រាកដហើយឬពូថៅមាសនេះវាមិនមែនជារបស់ចៅ” ។ ចៅមាណពឆ្លើយថា “ខ្ញុំមិនមានពូថៅមានតម្លៃយ៉ាងនេះ យកមកកាប់អុសឡើយ” ។
តាបសញញឹមហើយក៏មុចចូលក្នុងទឹក ហើយម្តងនេះជាលើកទីបីហើយ គាត់បានលើពូថៅមានមុចសស្ញាញ ហើយសួរចៅមាណពថា “នេះឬពូថៅចៅ?” ចៅមាណពឆ្លើយទាំងត្រេចអរថា “បាតលោកតា នេះហើយពូថៅខ្ញុំ” ។ ចៅមាណពសប្បាយចិត្តណាស់ពេលរកឃើញពូថៅខ្លួនវិញ។
តាបសបានប្រគល់ពូថៅឲ្យទៅចៅមាណព ហើយដោយឃើញពីភាពស្មោះត្រង់ សុច្ចរិតរបស់ចៅ តាមាណពក៏បានប្រគល់ពូថៅមាស និងប្រាក់ឲ្យចៅមាណពសម្រាប់ជារង្វាន់នៃភាពស្មោះត្រង់។
តម្លៃអប់រំក្នុងរឿង៖ ត្រូវមានសេចក្តីស្មោះត្រង់ ហើយសេចក្តីស្មោះត្រង់នឹងនាំឲ្យមានផលតបស្នងមកវិញ គឺសេចក្តីទុកចិត្ត។ ទំនុកចិត្តមានតម្លៃណាស់សម្រាប់មនុស្សទូទៅ ហើយភាពជោគជ័យនឹងកើតមានពេល អ្នកប្រកបជំនួយ នឹងបំពេញការងារដោយសេចក្តីស្មោះត្រង់។
@Pen Kunthea