ភាពសុចរិតរបស់មនុស្ស

បុរសម្នាក់ទៅទិញឱសថបុរាណចិនមួយកញ្ចប់តម្លៃ ៨០$ ហើយបានហុចក្រដាសប្រាក់ ១០០$ ទៅឱ្យអ្នកលក់។ ដោយសារតែរវល់មានភ្ញៀវច្រើនពេក អ្នកលក់ច្រលំដៃអាប់លុយ ៥០$ ទៅបុរសនោះវិញ ដែលលុយត្រូវអាប់ពិតប្រាដកតែ ២០$ ប៉ុណ្ណោះ។ បុរសនោះដឹង តែមិននិយាយអ្វីទាំងអស់ ហើយក៏ប្រញាប់ប្រញាល់ដើរចេញពីហាង។
មួយសន្ទុះក្រោយមក អ្នកលក់ក៏រត់តាមបុរសនោះ ហើយក៏ហុចកញ្ចប់ឱសថ និងនិយាយថា"លោក! លោកភ្លេចយកថ្នាំហើយ"។
បុរសនោះក្តុកក្តួលក្នុងចិត្តដោយភាពស្មោះត្រង់របស់អ្នកលក់ ហើយបាននិយាយថា "តាមពិតទៅ មីងអាប់លុយឱ្យខ្ញុំ ៥0$។ នេះខ្ញុំសង ៣០$ ទៅមីងវិញ។"
ភ្លាមនោះអ្នកលក់ក៏ចាប់ផ្តើមមានអារម្មណ៍ក្តុកក្តួលផងដែរដោយសារភាពស្មោះត្រង់របស់បុរសនោះ ហើយក៏បន្លឺឡើងថា "អ្នកពិតជាអតិថិជនដ៏ស្មោះត្រង់មែន។ ចាំខ្ញុំប្តូរកញ្ចប់ថ្នាំថ្មីឱ្យ ថ្នាំមួយកញ្ចប់នេះក្លែងក្លាយទេ។"
នៅពេលដែលអ្នកលក់យកកញ្ចប់ថ្នាំពិតឱ្យទៅបុរសនោះ បុរសក៏និយាយថា "មីងពិតជាមនុស្សល្អមែន ឱ្យលុយក្រដាស ១០០$ ក្លែងក្លាយនោះមកខ្ញុំវិញមក ហើយនេះក្រដាសប្រាក់ពិត។"
- បកប្រែជាភាសាខ្មែរដោយ អាឡាដាំង ចេញពីសៀវភៅ Navigating Relationship របស់ Mei Ling NG Liu

