លែងសាំចិត្តរឿងឈរចាំជិះឡានក្រុង

កាលពីថ្ងៃសៅរ៍ ធនាគារ អេស៊ីលីដា បានភ្ជាប់ការទូទាត់សាច់ប្រាក់ លើសេវាជិះរថយន្តក្រុង តាមប្រព័ន្ធសេវាអេស៊ីលីដាទាន់ចិត្តតាមរយៈការស្កែន QR Code ដែលនឹងនាំមកនូវភាពងាយស្រួលដល់អតិថិជន សម្រាប់បងប្អូនដែលចង់ធ្វើដំណើរតាមឡានក្រុង លែងបារម្ភរឿងគ្មានលុយរាយ ឬអាប់លុយដែលនាំឱ្យខាតពេលវេលាទៀតហើយ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថារាល់អតិថិជនអេស៊ីលីដាទាន់ចិត្តទាំងអស់ នៅពេលចង់ធ្វើដំណើរតាមឡានក្រុង លែងបារម្ភរឿងគ្មានលុយរាយសម្រាប់បង់សេវាទៀតហើយ។ តាមរយៈការសហការជាមួយរថយន្តក្រុងសាធារណៈ អតិថិជន គ្រាន់តែយកទូរសព្ទដៃលោកអ្នក ដែលមានភ្ជាប់សេវាអេស៊ីលីដាទាន់ចិត្ត ស្កែនជាមួយប្រព័ន្ធ QR Code ដែលមានដាក់នៅតាមរថយន្តក្រុងនីមួយៗរួចស្រេច។

"ឥឡូវនេះមានអតិថិជនជាង ៦៥ម៉ឺននាក់កំពុងតែប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្ត ក៏ដូចជាប្រើប្រាស់សេវារថយន្តក្រុង អ៊ីចឹងហើយនេះជាឱកាសល្អបំផុតដែលពួកយើងបានចាប់ដៃគូគ្នា ដើម្បី បម្រើឱ្យប្រជាពលដ្ឋ ក៏ជូចជាអតិថិជនកាន់តែងាយស្រួលជាមួយសេវាកម្មទាំងនេះ ជាពិសេសបញ្ហារឿងគ្មានលុយរាយហ្នឹងតែម្តង។ ដូច្នេះពេលនេះពួកគាត់ ស្កែន តែ QR Code តាមរយៈអេស៊ីលីដាទាន់ចិត្ត អាចឡើងឡានក្រុង រួចជាស្រេច"។ លោកស្រី សុខ សោភា ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍នេះ។ជាមួយគ្នានេះភាគីខាង អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង លោក អ៊ាន សុឃីម បានថ្លែងឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ការសហការជាមួយធនាគារអេស៊ីលីដា ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធ QR Code នេះពិតជាផ្តល់ផលល្អ និងមានសារសំខាន់ដល់ប្រជាពលរដ្ឋ។

"តែប៉ុណ្ណេះអ្នកដំណើរលែងរង់ចាំយូរហើយ បើសិនពួកគាត់មានសេវាអេស៊ីលីដាទាន់ចិត្ត ព្រោះគ្រាន់តែស្កែន QR Code ពីទូរសព្ទពួកគាត់មកកន្លែង ស្កែនរបស់ឡានក្រុង រួចស្រេចបាច់ លែងចាំហុចលុយ បើមានលុយដុំទៀតរឹតតែពិបាកអាប់ចុះឡើង"។ នេះបើតាមការឱ្យដឹងពីលោក អ៊ាន សុឃីម ។

ដូច្នេះសម្រាប់អ្នកមិនទាន់មានសេវាកម្មនេះនៅលើទូរសព្ទដៃ អាចធ្វើការដោនឡូតតាមរយៈ App របស់ធនាគារអេស៊ីលីដា ឬអាចទំនាក់ទំនងទៅកាន់បុគ្គលិកអេស៊ីលីដា រៀងរាល់ម៉ោងធ្វើការ។ សព្វថ្ងៃ ធនាគារអេស៊ីលីដា មានដៃគូចំនួនជាង ១ម៉ឺន៣ពាន់កន្លែងនៅទូទាំងប្រទេស ដែលទូទាត់សាច់ប្រាក់តាមរយៈសេវាអេស៊ីលីដាទាន់ចិត្តនេះ។

ដោយ : ថា ម៉ាលីដា

