ចង់ជិះរថភ្លើងមើលទេសភាពនៅស្រុកខ្មែរត្រូវដឹងរឿង៧យ៉ាងនេះ កុំឲ្យវេទនាខ្លួន

O
ounsina
![5b763cb948766_1534475400_large.jpg](https://serey.io/imageupload_data/7a79f0f46517bbaeb2d143757af7c9482aaa0b84) ធ្វើ​ដំណើរ​តាម​រថភ្លើង​គយគន់​ទេសភាព​តាម​ដង​ផ្លូវ​ពី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា៖ កំពត ក្រុង​ព្រះសីហនុ បាត់ដំបង ប៉ោយប៉ែត ពោធិ៍សាត់ កំពង់ឆ្នាំង និង​តាម​ខេត្ត​មួយ​ចំនួន​ទៀត ដែល​ខ្សែ​រថភ្លើង​ឆ្លង​កាត់ កំពុង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ចាប់​អារម្មណ៍​ចង់​សាកល្បង។​​ចំណុច​សំខាន់​ៗ​គួរ​ដឹង : ១. ត្រូវ​ទៅ​ដល់​ស្ថានីយ​ឲ្យ​បាន​មុន​ម៉ោង​យ៉ាង​តិច​កន្លះ​ម៉ោង : ជា​ទូទៅ​រថភ្លើង​ចាប់​ផ្ដើម​វិល​កង់​នៅ​ម៉ោង​៧ ឬ​៧ និង​៣០​នាទី។ ដូច្នេះ​គួរ​ទៅ​រង់ចាំ​មុន​នៅ​ម៉ោង​៦​ព្រឹក ដើម្បី​រង់ចាំ​យក​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ។ សំបុត្រ​ដែល​ត្រូវ​យក​នោះ​មិន​ពិបាក​ទេ គ្រាន់​តែ​ប្រាប់​ភ្នាក់​ងារ​លក់​សំបុត្រ​ថា​ទៅ​ប៉ុន្មាន​នាក់ នោះ​គេ​នឹង​ផ្ដល់​សំបុត្រ​១​សន្លឹក​សម្រាប់​មនុស្ស​មួយ​ក្រុម​តែ​ម្ដង មិន​មែន​គ្នា​១០​នាក់​សំបុត្រ​១០​ឡើយ។ ស្ថានីយ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ គឺ​ទល់​មុខ​អគារ​វឌ្ឍនៈ ក្បែរ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ២. អាច​យក​ម៉ូតូ​កង់​ទៅ​បាន​តែ​មាន​ចំនួន​កំណត់ : បើ​សិន​ជា​មាន​គម្រោង​ចង់​យក​កង់ ឬ​ម៉ូតូ អាច​ដាក់​ទៅ​បាន ប៉ុន្តែ​ត្រូវ​ទៅ​ឲ្យ​បាន​លឿន​ ដើម្បី​បុគ្គលិក​ក្រុមហ៊ុន​រថភ្លើង​ងាយ​ស្រួល​រៀបចំ​ជូន។ បើ​តាម​ការ​បញ្ជាក់​របស់​បុគ្គលិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ប្រាប់​ថា ម៉ូតូ​អាច​ដាក់​ទៅ​តាម​បាន​ជាង​១០​គ្រឿង​ប៉ុណ្ណោះ។ ដូច​នេះ​បើ​ចង់​យក​តាម​គួរ​ទៅ​ឲ្យ​បាន​មុន​គេ។ ៣. គួរ​ដាក់​អាហារ​ទៅ​តាម​ខ្លួន : ដោយ​សារ​រថភ្លើង​មិន​អាច​ឈប់​បាន​ភ្លាមៗ​ដូច​រថយន្ត​ក្រុង​បាន​ឡើយ បើ​ចង់​ឈប់​ទិញ​របស់​ញ៉ាំ​គឺ​ពិបាក។ ម្យ៉ាង​វិញ​ទៀត នៅ​តាម​ផ្លូវ​ជា​តំបន់​វាល​ស្រែ ព្រៃ​ភ្នំ ពុំ​មាន​កន្លែង​លក់​អី​ញ៉ាំ​ឡើយ។ បើ​មិន​ដាក់​ទៅ​មុខ​ជា​យ៉ាប់​ហើយ ព្រោះ​ទម្រាំ​ដល់​កន្លែង​ឈប់​បាយ​ថ្ងៃ​ត្រង់​ត្រូវ​រង់​ចាំ​ដល់​ខេត្ត​ពោធិ៍សាត់​ខ្ទង់​ម៉ោង​២​រសៀល​ជាង​ឯណោះ។ ![5b763cc4f121e_1534475460_large.jpg](https://serey.io/imageupload_data/e8479c171d795925251b4964d6fcaa98d502a46b) ៤. ហាម​ចេញ​ក្រៅ​ទូ​រថភ្លើង​ផ្ដេសផ្ដាស : នៅ​តាម​ទូរថភ្លើង​នីមួយៗ​មាន​អ្នក​ចាំ​រក្សា​សណ្ដាប់​ធ្នាប់​ជូន ជា​សមត្ថកិច្ច​ផង និង​ជា​បុគ្គលិក​ក្រុមហុន​រថភ្លើង​ផង។ ក្នុង​នោះ​គេ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ទូ​រថភ្លើង​ថត​រូប​ផ្ដេសផ្ដាស​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ជា​យថា​ហេតុ។ ៥. ពេល​ឈប់​ដាក់​អ្នក​ដំណើរ​តាម​ផ្លូវ​ហាម​ចុះ​ផ្ដេសផ្ដាស : មាន​ករណី​មួយ​ទៀត​រថភ្លើង​ឈប់​ដើម្បី​ដាក់អ្នក​ដំណើរ តែ​មិនមែន​ឈប់​សម្រាក​រយៈពេល​យូរ​ឡើយ។ ដូចនេះ​ហាម​ចុះ​ដាច់​ខាត ប្រយ័ត្ន​រត់​ភ្លើង​ចេញ​ចោល។ ៦. ហាម​ជក់​បារី​ដាច់​ខាត : ដូច​ដែល​ដឹង​ហើយ​បារី​ហាម​ជក់​ដាច់​ខាត​នៅ​ទីសាធារណៈ នៅ​ភោជនីយដ្ឋាន ឬ​នៅ​លើ​រថយន្ត។ មិន​ខុស​គ្នា​ដែរ​នៅ​លើ​រថភ្លើង​ហាម​បង្ហុយ​ផ្សែង​បារី​ឲ្យ​សោះ ប្រយ័ត្ន​អ្នក​ជិះ​ដទៃ​ទៀត ព្រួត​គ្នា​ថា​ស្ដី​ខ្មាស​គេ​ទៅ។ ៧. ហាម​ចុះ​ភ្លាមៗ​ពេល​ដែល​រថភ្លើង​ពុំ​ទាន់​មាន​លំនឹង : ពេល​រថភ្លើង​ឈប់​ឲ្យ​ចុះ ត្រូវ​រង់ចាំ​កង់​ឈប់​វិល​តែ​ម្ដង​ចាំ​ចុះ។ មាន​ករណី​ខ្លះ​អ្នក​ជិះ​គ្រាន់​តែ​ឃើញ​រថភ្លើង​ឈប់​សន្សឹម​ៗ​នាំ​គ្នា​ចុះ​បាត់។ បែប​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង ជាយថា​ហេតុ៕ ![5b7636c6b4b8b_1534473900_large.jpg](https://serey.io/imageupload_data/2fe337d0c5705e1a487f87420c948f815a2b0308) ប្រភព : ថោ ច័ន្ទឬទ្ធិ

Comments