កម្ពុជា-រុស្ស៊ី បើកកិច្ចប្រជុំពិភាក្សាអំពី "ការសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរ"

កម្ពុជា-រុស្ស៊ី បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំង២ ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ» នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ទិន ពន្លក ប្រធានក្រុមការងារថ្នាក់ជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងលោក GONCHARUK Artem ប្រធានគណៈប្រតិភូក្រុមហ៊ុន Rosatom (សហព័ន្ធរុស្ស៊ី) នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។គោលបំណងនៃកិច្ចប្រជុំនេះ បានផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំពិភាក្សាគ្នាអំពី ការដឹកជញ្ជូននិងការលើកលែងពន្ធសម្ភារៈបរិក្ខារសាងសង់ ផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការនៃការផ្សារភ្ជាប់ទំនាក់ទំនងគ្នារួម។

ក្នុងដំណើរពង្រាងខ្លឹមសារក្នុងកិច្ចព្រមព្រៀង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា ត្រូវបានចងក្រងឡើងរហូតដល់ ១៨ប្រការ។ ក្នុងនោះមានខ្លឹមសារសំខាន់ៗដែលពាក់ព័ន្ធនឹងការដឹកជញ្ជូន រួមទាំងការលើកលែងពន្ធផងនោះ ភាគីទាំង២បានពង្រាងសេចក្តីដោយធ្វើកំណែខ្លឹមសារខ្លះៗតាមប្រការនីមួយៗ បន្ទាប់ពីកំណត់បង្ហាញយោបល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួររំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជា និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងទ្វេភាគីលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅលើទឹកដីកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងអំឡុងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីមីឌ្រី មេដវេដេវ មកកាន់កម្ពុជា។
លោក Sergei Kirienko ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានបញ្ជាក់ក្រោយការចុះកិច្ចព្រមព្រៀងនេះថា៖ «រដ្ឋាភិបាលកម្ពុជាកំពុងតែគិតគូរចង់បានការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយនៅពេលអនាគតខាងមុខ»។ លោកបានបន្តថា ស្ថិតក្រោមកិច្ចព្រមព្រៀងទ្វេភាគីនេះ រុស្ស៊ីនឹងផ្តល់នូវជំនួយបច្ចេកទេស ការស្រាវជ្រាវ និងការបណ្តុះបណ្តាលនានាដល់កម្ពុជាផង ដើម្បីជួយដល់កម្ពុជាក្នុងការឈានទៅសាងសង់រោងចក្រថាមពលនេះ៕
ដោយ : រាជបណ្ឌិត្យសភាកម្ពុជា

