យុវតីខ្មែរ១ក្រុម មិនទាន់ចប់បាក់ឌុបផង តែមានស្នាដៃគួរឲ្យសរសើរ

ជារឿងដ៏រំភើប ដែលសិស្សស្រីខ្មែរ វ័យក្មេង១ក្រុម សមត្ថភាពខ្លាំងមិនធម្មតា អាចផលិតមនុស្សយន្ត ១ប្រភេទ ចូលប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក។ ស្នាដៃមនុស្សយន្តដ៏កម្រនេះ ថ្វីបើមិនសូវមានអ្នកដឹងក្នុងស្រុកមែន ប៉ុន្តែវាបានបំពេញលក្ខខណ្ឌសំខាន់ នៃកម្មវិធីអន្តរជាតិ និងមានការទទួលស្គាល់ជាសកល។
ក្រុមយុវតីអះអាងថា មានការលំបាកច្រើន ទម្រាំបង្កើតបានជាមនុស្សយន្ត ដែលជាឧបករណ៍សំខាន់ មានមុខងារច្រើន ដើម្បីជួយដល់សង្គម និងពិភពលោក ដែលយើងនឹកស្មានមិនដល់។តំណាងក្រុមសិស្សស្រីខ្មែរម្នាក់ ដែលបានផលិតមនុស្សយន្ត បានប្រាប់ថា កញ្ញាឈ្មោះ លី រ៉ាសា បច្ចុប្បន្នជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។

រលឹកដល់ការចូលរួមប្រកួតនៅបរទេស កញ្ញា លី រ៉ាសា បានប្រាប់ថា កម្មវិធីនោះ ជាវេទិកាប្រជុំសុទ្ធតែជើងខ្លាំងទូទាំងពិភពលោក មកពី ១៩៣ប្រទេស មានរយៈពេល ៣ថ្ងៃ នៃខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសម៉ិកស៊ីកូ។ប្រធានបទ ចូលរួម កាលនោះ គឺទាក់ទងនឹងលើថាមពល ដែលជាបញ្ហា១ របស់ពិភពលោក។ លី រ៉ាសា បន្តថាកម្មវិធីនេះរៀបចំ និងឧបត្ថម្ភដោយ First Global របស់សហរដ្ឋអាមេរិក។អតីតបេក្ខជនរូបនេះបន្តថា អ្វីដែលធ្វើឲ្យអ្នករៀបចំកម្មវិធីសរសើរស្នាដៃ គឺមនុស្សយន្តនេះ ជាស្នាដៃរួមគ្នារបស់ក្មេងស្រី ពីប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ។ មនុស្សយន្តនេះ មានឈ្មោះថា Cambot។ ចំណុចពិសេសនៃ Cambot គឺអាចប្រើបានតាំងពីការល្បងនៅថ្ងៃទី១ នៃការផ្ដើមកម្មវិធី ដោយគ្មានឧបសគ្គរំខាន។លើសពីនេះ វាមានភាពសាមញ្ញ ងាយប្រើប្រាស់ រឹងមាំ និងចំណាយពេលផលិតខ្លី ប្រមាណតែ៣សប្ដាហ៍ តែប៉ុណ្ណោះ។ សារសំខាន់ នៃមនុស្សយន្ត គឺអាចប្រើប្រាស់ជាជំនួយច្រើនយ៉ាង សម្រាប់ជួយមនុស្សចាស់ជរា ជនពិកា និងសម្រាប់អភិវឌ្ឍសង្គមតាមផ្នែកខុសៗគ្នា។

កញ្ញា លី រ៉ាសា បញ្ជាក់ថា មុនទទួលសមិទ្ធផលនេះ គឺអាស្រ័យដោយមាន សមាជិកសរុបចូលរួម មាន៣នាក់ផ្សេងទៀត រួមនឹងការផ្ដល់យោបល់ពីអ្នកគ្រូបង្វឹក១រូប និងបានដឹកនាំទៅកម្មវិធីផងដែរ ។អ្នកគ្រូ ទេព ច័ន្ទ សូលីកា ជាគ្រូបង្រៀន នៃសាលា E-2 Stem Education Cambodia បានរួមដំណើរជាមួយក្រុមរបស់ កញ្ញា លី រ៉ាសា ទៅកាន់ប្រទេសម៉ិកស៊ីកូ។គ្រូបង្វឹករូបនេះ បានប្រាប់ថា ថ្វីបើលទ្ធផល កម្ពុជាមិនទទួលបានលេខ១ក៏ពិតមែន ប៉ុន្តែនេះជាការចាប់ផ្ដើមដំបូង ដែលក្រុមក្មេងស្រីខ្មែរ អាចធ្វើមនុស្សយន្ត ជាប់តាមលក្ខខណ្ឌតម្រូវ នៃកម្មវិធីសកល។នេះជាមោទនភាព ១សម្រាប់ក្មេងស្រីកម្ពុជា ដែលបានសហការគ្នាល្អ ផលិតជាមនុស្សយន្តដែលមានរាងយ៉ាងសាមញ្ញ តែមានលក្ខណៈប្រើប្រាស់ដ៏ល្អ។
សូមបញ្ជាក់ថា វត្តមានបេក្ខជនចូលរួមពីប្រទេសកម្ពុជា គឺជាលើកទី២ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក First Global។ លើកទី១ ឆ្នាំ ២០១៧ បេក្ខជនកម្ពុជា បានទៅចូលរួម ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រធានបទ ទឹកស្អាត។
ចំណែកលើកទី២នេះ ក្នុងឆ្នាំ២០១៨ គឺបានប្រារព្ធនៅប្រទេសម៉ិកស៊ីកូ ប្រធានបទ ថាមពល ដែលសមាជិកចូលរួមចំនួន ១៩៣ប្រទេស លេខ១ បានលើប្រទេស រ៉ូមានី ហើយប្រទេសកម្ពុជាបានទទួលលទ្ធផល លេខ២២។

https://youtu.be/QRp5tUE-vo4
ដោយ : ពៅ រក្សា

