#កុំរង់ចាំអី...

M
mouy-len
មនុស្សមិនទាន់ចួបនឹងគូជីវិតពិតមើលមកជីវិតរបស់ខ្លួននៅពេលខ្លះគឺឯកាខ្លាំង ប៉ុន្តែសុភមង្គលពិតប្រាកដរបស់មនុស្សយើងមិនបានកំណត់ទៅលើជីវិតរៀបការ ឬជីវិតគូអ្វីឡើយ។ អ្នកដែលដើរចូលទៅក្នុងជីវិតអាពាហ៍ពិពាហ៍ខ្លះ ពួកគេកំពុងតែលំបាកជាមួយបញ្ហាដ៏ស្មុគស្មាញក្នុងជីវិតគ្រួសារ។ បើនៅម្នាក់ឯងមិនអាចស្វែងរកសេចក្ដីសុខផ្លូវចិត្តខ្លួនឯងបានផង តើនឹងទៅរកក្ដីសុខក្នុងជីវិតគូបានដោយរបៀបណា?
ភាពសមបំណងនៃជីវិត ត្រូវដើរទៅទន្ទឹមគ្នានឹងភាពខក បំណងដោយចៀសមិនផុតឡើយ។ បើយើងរង់ចាំរហូតដល់យើងមានអាយុ២៥ឆ្នាំទើបយើងព្រមធ្វើខ្លួនឱ្យរីករាយ អីុចឹងយើងនឹងខាតពេល២៤ឆ្នាំ ដោយការដេកត្រាំនៅក្នុងសេចក្ដីទុក្ខ។ ថ្ងៃស្អែកនឹងនៅតែមានរហូត ប៉ុន្តែយើងក៏មិនមែនត្រូវនៅទីនេះរហូតដើម្បីរង់ចាំថ្ងៃស្អែកមកដល់នោះទេ។ ថ្ងៃដែលយើងនៅមានដង្ហើមគឺជាថ្ងៃដែលយើងប្រឹងដោយក្ដីសង្ឃឹម និងចិត្តអំណត់។ ថ្ងៃដែលយើងល្វើយហត់ក៏ជាថ្ងៃដែលយើងត្រូវអត់ធ្មត់ខ្លាំង។
ថ្ងៃណាក៏ជាថ្ងៃដែលយើងត្រូវប្រឈមមុខជាមួយនឹងស្ថានភាពប្រែប្រួលក្នុងជីវិតដែរ។ ដូច្នេះភាពភ័យខ្លាចវាមិនមែនជាអាវុធដើម្បីប្រើជាមួយស្ថានភាពប្រែប្រួលទេ ប៉ុន្តែគឺចិត្តនឹងធឹងរបស់យើងឯណេះទៅវិញទេ ដែលអាចទប់ទល់ជាមួយស្ថានភាពប្រែប្រួលទាំងនោះបាន។ បទពិសោធជីវិតបានមកពីការសន្សំ ហើយយើងសន្សំបានបទពិសោធ ព្រោះតែយើងបានឆ្លងកាត់វាដោយផ្ទាល់។ យើងមិនឈរមើលភាពលំបាកពីចម្ងាយ រួចសន្មតថានោះជាបទពិសោធលំបាកទេ។

Comments