[ ចិត្តរបស់មនុស្សខ្លះ ]
មនុស្សខ្លះ ចូលមកក្នុងជីវិតយើង ពេលយើងមានទ្រព្យសម្បត្តិ យើងជោគជ័យ យើងអាចផ្តល់ប្រយោជន៍ឲ្យគេបាន ។
ហើយក៏បានចាកចេញពីយើងទៅវិញ ដោយគ្មានអាល័យយើងទេ នៅពេលដែលយើងធ្លាក់ខ្លួនបរាជ័យ យើងធ្លាក់ខ្លួនគ្មានការងារធ្វើ គ្មានចំណូល យើងមិនអាចផ្តល់ប្រយោជន៍អ្វីដល់គេបន្តទៀត ។ បើយើងជួបមនុស្សបែបនេះ កុំខឹង ស្អប់គេអី ព្រោះមនុស្សប្រភេទនេះ បានផ្តល់មេរៀនជីវិតឲ្យយើងចេះរាប់អានមនុស្ស ដោយការប្រុងប្រយ័ត្នជាងមុន ។
មនុស្សខ្លះទៀត ចូលមកក្នុងជីវិតពេលយើងបរាជ័យ យើងបាក់ទឹកចិត្ត យើងត្រូវការជំនួយ អំឡុងពេលនោះហើយ ពួកគេដើរតួនាទីជាអ្នកជួយសង្គ្រោះយើងចេញពីជីវិតដែលខ្មៅងងឹតទៅរកជីវិតដែលមានពន្លឺស្រស់ត្រកាលសាជាថ្មីឡើងវិញ ។
ទន្ទឹមគ្នានោះ យើងក៏អាចជួបមនុស្សមាត់ផ្សេងចិត្តផ្សេង ដែលធ្វើដូចជាពេញចិត្តយើងណាស់ ប៉ុន្តែ នៅក្នុងចិត្តរបស់គេវិញ តែងតែរំពឹងចង់ឲ្យយើងអន់ជាងគេ ។


