សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងការពារចិន
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបជុំពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ(WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាង ក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ ផងដែរ។
អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយឧត្តមសេនីយ៍ វៃ ហ្វេហេ (WEI FENGHE) នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចពិជ័យសេនា ទៀ បាញ់បានថ្លែងប្រាប់អ្នកសារពត៌មានក្រោយចប់កិច្ចប្រជុំថា សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលើកនេះ បានបញ្ជាក់ឱ្យឃើញពីកិច្ច សហប្រតិបត្តិល្អរវាងគ្នា នឹងគ្នាទៅវិញទៅមក និងបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែស្អិតរមួតលើវិស័យជាច្រើនផងដែរ។ តែអ្វីដែលសំខាន់បំផុតនៅពេលនេះ គឺផ្តោតទៅលើវិស័យយោធា ដែលជាផ្នែកមួយដ៏ធំ និងសំខាន់បំផុតដើម្បីរួមចំណែកពង្រឹងសុខសន្តិភាព នៅក្នុងប្រទេសនីមួយៗ ដូចជាក្នុងតំបន់ទាំងមូលផងដែរ
ប្រមុខការពារជាតិកម្ពុជា បានថ្លែទៀតថា យើងប្រកាសរួមគ្នានឹងបន្តកិច្ចសហប្រតិបត្តិការសមយុទ្ធនាគមាស បន្តទៀតនៅឆ្នាំក្រោយនេះ ក៏ដូចជាយើងត្រៀមដើម្បីទទួល នូវការសំចតនាវារបស់កងទ័ពជើងទឹករបស់សាធារណប្រជាមានិតចិន ដែលមកសំចត និងទស្សនកិច្ចដើម្បីផ្លាស់ប្តូរបទពិសោធជាមួយគ្នា និងគ្នានៅពេលខាងមុខដែរ។
សម្តេចពិជ័យសេនាបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរ ភាគីចិនបានបន្តប្រកាសផ្តល់ជំនួយឥតសំណងក្នុងវិស័យយោធាជាទឹកប្រាក់ចំនួន៦៤៥លានយ័ន ដើម្បីឱ្យកម្ពុជា យកទៅប្រើប្រាស់ទៅលើវិស័យយោធាដែលចាំបាច់ផងដែរ។ ទទ្ទឹមនឹងនេះ ប្រទេសចិន បានចុះជួយព្យាបាលជំងឺជូនពលរដ្ឋខ្មែរ ក្រីក្រនៅតាមមូលដ្ឋាននានា ទៅតាមអង្គភាពរបស់ខ្លូនផងដែរ។
សូមរំលឹកថា នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា៕

