អាជ្ញាធរកូឡុំប៊ីចាប់ខ្លួនជនចាប់ជំរិតអ្នកសារព័ត៌មានជនជាតិអេក្វាឌ័រ
អាជ្ញាធរកូឡុំប៊ីចាប់ខ្លួនជនចាប់ជំរិតអ្នកសារព័ត៌មានជនជាតិអេក្វាឌ័រ
ក្រុមអាជ្ញាធរនៅក្នុងប្រទេស កូឡុំប៊ី បានចាប់ខ្លួនមនុស្សម្នាក់ទៀតក្នុងករណីចាប់ជំរិតអ្នកសារព័ត៌មានជនជាតិ អេក្វាឌ័រ បីនាក់ ដែលក្រុមអ្នកស៊ើបអង្កេតនិយាយថា ក្រោយមកត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមប្រឆាំងឆ្វេងនិយម។

កាលពីថ្ងៃពុធ ប៉ូលីសបានប្រកាសអំពីការចាប់ខ្លួនឈ្មោះ ហ្គាស្តូវ៉ា អានហ្គូឡូ អាបូឡេដា ហើយនិយាយថា ជននេះជាអ្នកបញ្ឈប់រថយន្តមួយគ្រឿងដែលអ្នករាយការណ៍ព័ត៌មាន អ្នកថតរូបនិងអ្នកបើកបរកំពុងធ្វើដំណើរ។

ជនសង្ស័យរូបនេះត្រូវបានគេកំណត់អត្តសញ្ញាណបានដោយសារប្រើឈ្មោះក្លែងក្លាយ ឆឺរី ហើយត្រូវបានចាត់ទុកថា ជាមនុស្សជំនិតរបស់មេដឹកនាំក្រុមឧទ្ទាមចោរព្រៃឈ្មោះ វ៉លធើ អារីហ្សាឡា។
ក្រុមមន្ត្រីបានអះអាងថា ក្រុមឧទ្ទាមរបស់ វ៉លធើ ក៏ទទួលខុសត្រូវផងដែរលើការសម្លាប់មន្ត្រីស៊ើបអង្កេតតុលាការកូឡុំប៊ី ចំនួន៣រូបកាលពីពេលថ្មីៗនេះ នៅតាមបណ្តយព្រំដែនដ៏អសន្តិសុខនាភាគខាងត្បូងជាមួយប្រទេស អេក្វាឌ័រ។

ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា ក្រុមបុគ្គលិករបស់សារព័ត៌មាន អ៊ែល កូមើស្យូ ត្រូវបានចាប់ជម្រិតនៅក្នុងប្រទេសអេក្វាឌ័រ និងក្រោយមកត្រូវបានបញ្ជូនចូលមកក្នុងប្រទេសកូឡុំប៊ី។
ក្រុមអាជ្ញាធរកូឡុំប៊ីបានចាប់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់ ប៉ុន្តែមេដឹកនាំឈ្មោះ វ៉លធើ នៅកំពុងលាក់ខ្លួននៅឡើយ៕

