លោក រ៉ុង ឈុន ស្នើ​សុំ​បង់​ប្រាក់​សំណង​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ជា​ដំណាក់កាល

L
lay512

លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​មួយ​អះអាង​ថា ​លោក​នឹង​បង់​ប្រាក់​សំណងទៅ​ឱ្យគណៈ​កម្មា​ធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក៏​ប៉ុន្តែ​លោក​ស្នើសុំបង់​ប្រាក់​សំណង​ជំងឺចិត្ត​នោះ ​ជា​ដំណាក់​កាល​ៗ​។

លោក រ៉ុង ឈុន បញ្ជាក់​បែបនេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មានមួយ នៅ​ទីស្នាក់​ការ​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ដែល​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ នៅ​ថ្ងៃ​ពុធ។

លោក​បញ្ជាក់​ថា៖ «​១០ម៉ឺន​ដុល្លារ​សម្រាប់បីនាក់ សម្បើម​ណាស់​សម្រាប់ពួកខ្ញុំ។ យើង​គ្មាន​ចំណូល​ ​គ្មាន​មុខ​របរ​ពី​ព្រោះ​ធ្វើ​កិច្ចការងារ​សង្គម​រហូត​មក ​ដូច្នេះយើង​អត់​មាន​លទ្ធភាព»។

លោកបន្ថែមថា៖ «បើសិន​ជា​តុលាការ​ប្រកាន់​ជំហរ​ថា ត្រូវ​តែ​គ្រប់​ ឬ​មួយ​ថាឥឡូវ​គិត​ម្នាក់ៗត្រូវ​តែ​គ្រប់ ​បើ​ម្នាក់​ៗ​យើង​ប្រមាណ​ជា​ជាង ​៣​ម៉ឺន​ដុល្លារ​...​។ ទោះ​បី​ជា ​៣ម៉ឺន​ជាង ​ក៏​យើង​អត់​មាន​លទ្ធ​ភាព​បង់​ដែរ។ បើ​តុលាការ​នៅតែ​ទាម​ទារ​យក​គ្រប់ ​អាហ្នឹង​អត់​មាន​ទេ ហើយ​ធ្វើ​បែបហ្នឹង​មាន​ន័យ​ថា​អា​ក​ខ្យង​យក​ឈាម​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ លោក រ៉ុង ​ឈុន ថា ​លោក​នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ។ ​លោក​ថា​ លោក​អាច​ប្រឈម​នឹង​ការ​រឹបអូស​ផ្ទះ ឬ​ជាប់​ពន្ធនាគារ ប្រសិន​បើ​តុលាការ​មិន​យល់​ព្រម​តាម​ការ​ស្នើ​សុំ​របស់​លោក។​

លោក​ថ្លែង​ថា​៖ «ខ្ញុំបាន​ជម្រាប​ហើយ​ថា​ ពន្ធនាគារ​ដូច​ជា​ផ្ទះសំ​ណាក់​របស់​ខ្ញុំ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ​។ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​រដ្ឋា​ភិបាល​ក៏​គេ​មិន​ជ្រើស​រើស​យក​ករណី​ហ្នឹង​ដែរ»។

កាល​ពីខែ​កុម្ភៈ ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក​ យី សុខ​វួច បាន​ចេញដីកាបង្គាប់​ឱ្យ​លោក ​រ៉ុង ឈុន កញ្ញា ​ស​ កណិការ ​និង​លោក ​តុន និមល ​រួមគ្នា​សង​សំណង​ការ​ខូច​ខាត​ប្រមាណ​ជា​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក​ ឱ្យទៅ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែននៅ​ក្នុងរយៈ​ពេល ​១​ខែ។ ក្នុង​ករណី​មិន​អនុវត្ត​តាម​ នោះ​តុលាការ​នឹង​បន្ត​អនុ​វត្ត​តាម​នីតិ​វិធីច្បាប់។

សំណុំ​រឿង ​«ញុះញង់» ​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-វៀត​ណាម​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០​២០។

បើ​តាម​លោក រ៉ុង ឈុន ការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ១០ ​ម៉ឺន​ដុល្លារ​នេះ ក៏​ជា​ការដាក់​សម្ពាធ​ដ៏​ធំ​សម្រាប់រូបលោក។ លោក​នៅ​តែ​ចាត់​ទុក​ថា ​ការ​ចោទ​ប្រកាន់​រូបលោក​ក្នុង​សំណុំ​រឿង ​«ញុះញង់» ដែល​និយាយ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​នោះ​ថា​ជារឿង​អយុត្តិធម៌​ បើ​ទោះ​បីជា​លោក​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រួច​ហើយ​ក្តី។

ស្រប​ពេលដែល​តុលាការ​ចេញ​ដី​កា​បង្គាប់​បែប​នេះ ​អ្នក​គាំទ្រ​របស់​លោក​បានធ្វើ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់ឱ្យលោក ​ដើម្បី​បង់​សំណង​ការ​ខូច​ខាត​នោះ​។ លោក រ៉ុង ឈុន ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាន​នោះ​ថា ​រហូត​មក​ដល់​ពេលនេះ លោក​ទទួល​បាន​ប្រាក់​ជាង ២​ម៉ឺន ​៣ពាន់​ដុល្លារ​អាមេរិក ​ពី​ប្រជា​ពល​រដ្ឋ​ជាង ​២.០០០ ​នាក់​។

​ជាមួយ​គ្នានេះ លោក ជា មុនី អនុ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ និង​ជា​ប្រធាន​ស្តីទី​ទទូច​សុំ​ឱ្យ​តុលាការ​ពិចារណា​ឱ្យ​លោក រ៉ុង ឈុន បង់​សង​សំណង​ជំងឺ​ចិត្ត​ជា​ដំណាក់ៗ។

Comments