៚ ភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម



ភ្នំប្រុស ភ្នំស្រី
រមណីដ្ឋានភ្នំប្រុស ភ្នំស្រីស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀមមានចម្ងាយ ៧ គ.ម មកពីទីរួមខេត្តកំពង់ចាម និងពីភ្នំពេញ ១១៤ គ.ម បត់ឆ្វេង៥០០ម។ វត្តភ្នំប្រុសមានឈ្មោះថា"វត្តសុវណ្ណគិរីរតនៈភ្នំប្រុស"។ នៅចំទិសខាងជើងមានចម្ងាយ ១០០០ម គេឃើញមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកខាងជើងភ្នំស្រីមានជួរភ្នំកេតរកូតជាច្រើនទៀតដែលមានឈ្មោះហៅថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។
ភ្នំប្រុសជាភ្នំមួយរាងទួល កម្ពស់៣០ម ហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំ។ នៅលើនោះមានព្រះវិហារខ្ពស់មួយដែលមានកំពូល៥យកគំរូតាមប្រាសាទបន្ទាយស្រី។ វិហារនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នាជាមួយវិហារចាស់សងនៅសម័យសង្គមរាស្ត្រនិយមដែលមានកំពូលពីរ និងមួយទៀតកំពុងសាងសង់។ នៅក្រោមព្រះវិហារមានគំនរព្រះចេតីយ៍មួយដ៏ធំដែលមានកម្ពស់ប្រមាណ១៥ម ដែលសាងសង់ដោយព្រះគ្រូចៅអធិការទី១ ព្រះនាមកែវ សូរ។ ចំណែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃ។ ក្រៅពីនេះនៅលើភ្នំប្រុសយើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាម។
ក្នុងឆ្នាំ១៩៧៥-៧៩ ភ្នំប្រុសជាមន្ទីរឃុំឃាំងមួយដ៏ធំសម្រាប់ធ្វើទារុណកម្មប្រជាពលរដ្ឋខ្មែរក្នុងខេត្តកំពង់ចាម។ ចំណែកភ្នំស្រីវិញជាប្រភេទភ្នំដែលខ្ពស់ស្រួចមានជណ្តើរ៣០៨កាំ។ នៅលើកំពូលភ្នំស្រីមានទីតាំងតូចល្មម និងមានសល់វិហារបាក់បែក ដែលពុំទាន់ជួសជុលនៅឡើយ។ នៅទីនោះពុំមានព្រះសង្ឃគង់នៅទេតែដូនជីដែលនៅចាំថែរក្សាបោសសម្អាត និង រកបច្ច័យដើម្បីកសាងវិហារ។ រមណីដ្ឋាននេះគឺសម្បូរទៅដោយភ្ញៀវជាតិ នៅពេលមានបុណ្យទានប្រពៃណីខ្មែរយើង ដូចជាបុណ្យចូលភ្នំ និងភ្ជុំបិញ្ឌដែលមានមនុស្សច្រើនកុះករ៕

