​គុណភាព​ខ្យល់​​កម្ពុជា​ល្អ​ធម្មតា ទោះបី​នៅ​ថៃ វៀតណាម ទទួលរង​ឥទ្ធិពល​ខ្យល់​កខ្វក់​ក៏ដោយ​

K
![CEEDAF03-1D01-49E9-94F1-C64C408F3572.jpeg](https://serey.io/imageupload_data/7e30c336bbcd811cafd3bb037d2f7160312f8e4a) ![61009510-DE49-4402-8F2E-9A6EF37B747F.jpeg](https://serey.io/imageupload_data/30a1eeb7f726a3601fa8b93af276c2efdbfe66d6) ![4DA4913D-A459-4D8D-BEDF-9F3F47BA4FA7.jpeg](https://serey.io/imageupload_data/30a1eeb7f726a3601fa8b93af276c2efdbfe66d6) ដោយ​: ម៉េង​ឆៃ​,​មុនី​រ័ត្ន / ភ្នំពេញ​: ទោះបីជា​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​បញ្ហា​ខ្យល់​កខ្វក់​កើតឡើង រហូតដល់​មានការ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​យ៉ាងណាក៏ដោយ ក៏​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ក៏ដូចជា​ខេត្ត​នៅជាប់​ព្រំដែន គឺ​មិនមាន​ផលប៉ះពាល់​អ្វី​ទេ​។ ទន្ទឹមនឹងនេះ មន្ត្រី​ជំនាញ​កម្ពុជា​ក៏បាន​បន្ត​តាមដាន​ឧបករណ៍​វាស់​ស្ទង់​ខ្យល់ ហើយ​វាយតម្លៃ ២៤​ម៉ោង​ម្តង​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បញ្ជាក់​។​ ​លោក នេត្រ ភក្ត្រា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១​ខែកុម្ភៈ​ថា ទោះបីជា​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែលជា​ប្រទេសជិតខាង​យើង កើតមាន​បញ្ហា​ខ្យល់​កខ្វក់​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​យើង មិន​ទទួលរង​ឥទ្ធិពល​នោះ​នៅឡើយ​ទេ​។ ជាមួយគ្នា​នោះ ទោះបីជា​នៅ​រដូវប្រាំង​នេះ មាន​ប្រជាកសិករ​មួយចំនួន បាន​កាប់​គាស់​ឆ្ការព្រៃ ដុត​ព្រៃ បង្កើតជា​ខ្យល់​ផ្សែង តែ​មិន​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ទេ​។ មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់​ខ្យល់​រៀងរាល់ ២៤​ម៉ោង ម្រ​តង ហើយ​លទ្ធផល បញ្ជាក់ថា ខ្យល់​នៅ​ប្រទេស​កម្ពុជា​យើង ល្អ​បរិសុទ្ធ ទាំង​នៅ​ភ្នំពេញ និង​ទាំង​នៅតាម​បណ្តា​ខេត្ត​ដទៃទៀត ទូទាំងប្រទេស​។​ ​លោក នេត្រ ភក្ត្រា បាន​បន្ថែមថា ទោះបីជា​ពេលនេះ នៅ​កម្ពុជា​យើង មិនទាន់​ទទួលរង​ឥទ្ធិពល​ខ្យល់​កខ្វក់​ដូច​នៅ​ប្រទេស​ថៃ​និង​វៀតណាម​ក៏ពិតមែន ប៉ុន្តែ​មន្ត្រី​ជំនាញ​របស់​ក្រសួងបរិស្ថាន បាន​បន្ត​តាមដាន​ជាប្រចាំ និង​វាយតម្លៃ​រៀងរាល់ ២៤​ម៉ោង​ម្តង លើ​បរិយាកាស​ខ្យល់អាកាស​។ លទ្ធផល​ជា​បន្តបន្ទាប់​របស់​អ្នកជំនាញ បញ្ជាក់ថា បរិយាកាស​ខ្យល់អាកាស​នៅ​ប្រទេស​កម្ពុជា​យើង មានគុណ​ភាពល្អ​ធម្មតា​។​ ​ការគូសបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ខាងលើនេះ​បានធ្វើ​ឡើង ខណៈដែល​នៅ​ប្រទេស​វៀតណាម ពិសេស​នៅ​ប្រទេស​ថៃ​ឥទ្ធិពល​ខ្យល់​កខ្វក់ បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដោយមាន​កម្ទេចធូលី​ជាច្រើន ដែល​គេ​ស្គាល់​ឈ្មោះថា PM2.5 ដែល​ភាគល្អិត​នៃ​ធូលី មាន​ទំហំ​តូច​ជាង ២.៥ មីក្រូ​ម៉ែត្រ ហើយ​ត្រូវបាន​ចាត់ទុកថា មាន​គ្រោះថ្នាក់​បំផុត ដោយសារ​ទំហំ​ដ៏​តូច​របស់​វា អាច​ចូល​ជ្រៅ​ទៅក្នុង​សួត​និង​ប៉ះពាល់​សរីរាង្គ​ផ្សេងទៀត​។ ខ្យល់​កខ្វក់​ទាំងនោះ កើតឡើង​ដោយសារតែ​ផ្សែង​ចេញពី​រោងចក្រ និង​មធ្យោបាយ​ដឹកជញ្ជូន​។​ ​ទាក់ទង​នឹង​បញ្ហា​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​វត្ត​មាននៅ​ក្នុងប្រទេស​ថៃ​ទាំងអស់​មេត្តា​ថែរក្សា​សុខភាព និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ពាក់​ម៉ាស​ការពារ​ប្រភេទ N95 ដោយសារ​បញ្ហា​ខ្យល់​កខ្វក់​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​។​ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់ថា ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់ PM2.5 នៅ​តំបន់​មួយចំនួន​នៅ​ប្រទេស​ថៃ មានការ​កើន​ឡើងជា​លំដាប់​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ខ្យល់​កខ្វក់​នៅ​ក្រុង​បាងកក និង​ខេត្ត​ជាច្រើន ដូចជា ខេត្ត​សាមុទ្រ​ប្រា​កាន ខេត្ត​សមុទ្រសា​ខន ខេត្ត​ន​ន្ទ​បុរី ខេត្ត​ណា​ខន​ប៉ា​ធុម ជាដើម បាន​ធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់ ដោយសារ​មាន​កម្ទេចធូលី​ជាច្រើន​គេ​ស្គាល់​ឈ្មោះថា PM2.5 ដែល​ភាគល្អិត នៃ​ធូលី​មាន​ទំហំ ២,៥​មីក្រូ​ម៉ែត្រ ហើយ​ត្រូវបាន​ចាត់ទុកថា មាន​គ្រោះថ្នាក់​បំផុត ដោយសារ​ទំហំ​ដ៏​តូច​របស់​វា​អាច​ចូល​ជ្រៅ​ទៅក្នុង​សួត និង​ប៉ះពាល់​សរីរាង្គ​ផ្សេងទៀត​។​ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់ទៀតថា ទាក់ទង​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​ប្រទេស​ថៃ បានប្រកាស​ឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយចំនួន បិទ​ដំណើរការ​ជា​បណ្ដោះ អាសន្ន ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​សុខភាព​របស់​សិស្ស​និស្សិត​ទាំងអស់​។​ ​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​យ៉ាងច្បាស់​ជូន​សាធារណជន​ថា នៅ​ប្រទេស​កម្ពុជា​យើង មិន​ថា​នៅ​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​នោះទេ គឺ​មន្ត្រី​ជំនាញ​បាន​តាមដាន តាម​ឧបករណ៍​វាស់​ស្ទង់​ខ្យល់ ហើយ​វាយតម្លៃ​រៀងរាល់ ២៤​ម៉ោង​ម្តង ដោយ​បញ្ជាក់ថា ខ្យល់​នៅ​កម្ពុជា​យើង មានគុណ​ភាពល្អ មិន​រង​ឥទ្ធិពល​ខ្យល់​កខ្វក់​ពី​ប្រទេសជិតខាង​នោះទេ​។​ ​សូមជម្រាបថា ផ្សែង​អ័ព្ទ​ពុល​បាន​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​ក្រុង​បាងកក​ចេញ​បទបញ្ជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក គឺ​បិទ​សាលារៀន​ជិត​៤៥០​កន្លែង កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែមករា ឆ្នាំ​២០១៩ ស្រប​ពេលដែល​ក្រុម​អាជ្ញាធរ​ខំប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​បរិយាកាស​ផ្សែង​អ័ព្ទ​ពុល​ដែល​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​។ ​ទីក្រុង​បាងកក​ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​អស់​ជាច្រើន​សប្ដាហ៍​ដោយ​បង្ខំ​ពួក​អ្នកស្រុក​ពាក់​ម៉ាស និង​ធ្វើការ​រិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំពោះ​ការឆ្លើយតប​មិនបាន​ល្អប្រសើរ​ដោយ​រដ្ឋាភិបាល​នេះ​។ ទន្ទឹមនេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​របស់ខ្លួន ឲ្យ​ប្តូរ​ពី​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន មក​ប្រើ​មធ្យោបាយ​សាធារណៈ​វិញ ក្នុង​បំណង​ជួយ​កាត់បន្ថយ​នូវ​ការបង្កើត​ផ្សែង​បំពុល​ក្នុង​ទីក្រុង​បាងកក​។​ ​ហេតុផល​ជាច្រើន​ដែល​បង្កឱ្យមាន​ផ្សែង​អ័ព្ទ​អាក្រក់​និង​អស់​ពេល​ជា​យូរ​មកនេះ គឺ​បណ្តាលមកពី​ផ្សែង​ចេញពី​យានយន្ត​ដែល​ធ្វើចរាចរ​ការសាងសង់​ច្រើន​គ្មាន​សណ្តាប់ធ្នាប់ ការដុត​ស្មៅ​តាម​ស្រែចម្ការ និង​បរិយាកាស​ពុល​ចេញពី​រោងចក្រ​នានា​នៅ​ទីក្រុង​នេះ រួមទាំង​ផ្សែង​មកពី​ការ​បូជាសព​ផងដែរ​៕ ល

Comments

yash0108
SUBMIT YOUR ARTICLE FOR 2th FEBRUARY IN THE COMMENT LINK AND GET UPVOTES!! https://serey.io/yash0108/@yash0108/submit-an-article-for-2th-february-2019-and-get-free-free-benefits