ប្រភេទសត្វថ្មីៗដែលរុករកឃើញនៅឆ្នាំ២០១៨

ប្រភេទសត្វថ្មីៗដែលរុករកឃើញនៅឆ្នាំ២០១៨
ឆ្នាំ២០១៨ មិនមែនជាឆ្នាំដ៏ស្រស់បំព្រងសម្រាប់ពិភពធម្មជាតិឡើយ ដោយសារមានបាតុភូតធម្មជាតិជាច្រើនបានកើតឡើងនៅក្នុងឆ្នាំនេះ ដូចជា ផ្ទាំងទឹកកករលាយ ការបំភាយឧស្ម័នផ្ទះកញ្ចក់កើនឡើង ការថយចុះនៃសត្វល្អិតមួយចំនួនធំ។ល។ ថ្វីបើយ៉ាងនេះក្តី ២០១៨ ក៏ជាឆ្នាំល្អផងដែរ ពីព្រោះមានសត្វជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងឆ្នាំនេះ។ ក្នុងឆ្នាំ២០១៨ សត្វចំនួន ១៨.០០០ប្រភេទ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ ប៉ុន្តែក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត ដែលយើងបាននិងកំពុងបំផ្លាញផងដែរ។ លោក Shannon Bennetth ប្រធានក្រុមផ្នែកវិទ្យាសាស្ត្រប្រចាំវិទ្យាស្ថាន California Academy of Science នៅរដ្ឋ San Francisco បានឱ្យដឹងថា «អ្នកវិទ្យាសាស្ត្រផ្នែកជីវៈចម្រុះ បានប៉ាន់ស្មានថា ប្រភេទសត្វថ្មីៗមិនដល់ ១០ភាគរយទេដែលមាននៅលើផែនដី»។ ក្នុងចំណោមសត្វថ្មីៗដែលអ្នកវិទ្យាសាស្ត្របានរកឃើញ មានដូចជា៖
ប្រភេទពីងពាងសំប៉ែត (Flattie spiders with Ultra fast spin moves)៖ ពីងពាងដែលស្ថិតក្នុងអំបូរ Selenopidae ចំនួន ៣ប្រភេទ ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អាហ្វ្រិក អូស្ត្រាលី និងអាស៊ី។ ពីងពាងប្រភេទនេះ បង្វិលខ្លួនបានលឿនបំផុតដែលអាចឱ្យវាផ្លាស់ទីបានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
ប្រភេទអន្ទង់ក្រឡា (Leopard eel)៖ វាស្ថិតក្នុងអំបូរ Siren reticulate ដែលក្រឡេកមើលមួយភ្លេច ស្មានថាជាថ្លែន មិនមែនជាអន្ទង់ឡើយ។ វាខុសពីអន្ទង់ផ្សេងទៀត ត្រង់ថាវាមានស្នាមអ៊ុចខ្មៅៗ ដូចខ្លាដំបងនៅលើខ្លួន។ អន្ទង់ប្រភេទនេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
ក្រពើ Mecistops Leptorhynchus៖ វាត្រូវបានរកឃើញនៅអាហ្វ្រិកខាងលិច ហើយជាក្រពើដែលស្ថិតក្នុងអំបូរជិតផុតពូជ។ ក្រពើប្រភេទនេះ មាននៅសល់ប្រហែលជា ៥០០ក្បាលប៉ុណ្ណោះ នៅក្នុងព្រៃ។
កូនត្រីឆ្លាម Genie៖ កូនត្រីឆ្លាមប្រភេទទឹកជ្រៅ Squalus Clarkae ត្រូវបានគេហៅឈ្មោះថា «កូនត្រីឆ្លាម Genie» តាមជីវវិទូ Eugenie Clark ដែលជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវទាក់ទងនឹងត្រីឆ្លាម។ កូនត្រីឆ្លាមប្រភេទថ្មីនេះ ក៏ត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១៨នេះផងដែរ។
ផ្កាថ្មី Thesea Dalioi៖ ផ្កាថ្មប្រភេទថ្មីនេះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅតាមឆ្នេរប៉ាណាម៉ា។ វាខុសពីផ្កាថ្ម Thesea Variabilis ត្រង់ថាវាមានពណ៌ក្រហមភ្លឺ។ ការរុករកឃើញថ្មីនេះ ពញ៉ាក់ស្មារតីយើងឱ្យយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានជីវៈចម្រុះក្រោមបាតសមុទ្រ។
ក្រៅពីប្រភេទសត្វថ្មីៗដែលបានរកឃើញខាងលើ នៅមានសត្វជាច្រើនប្រភេទទៀតដែលអ្នកវិទ្យាសាស្ត្របានរុករកឃើញនៅក្នុងឆ្នាំ២០១៨នេះ។
ប្រភព៖ https://www.weforum.org/agenda/2018/12/spinning-spiders-leopard-eels-red-coral-noteworthy-new-species-discovered-in-2018

