ឆ្ងល់យូរហើយម៉េចបានប៉មពិីសា (Pisa Tower) មានរាងទ្រេត? ពេលនេះរកចម្លើយឃើញហើយ!



តោះថ្ងៃនេះទៅលេងប៉មទ្រេតពីសា (Pisa Tower) ដ៏ល្បីឈ្មោះលើពិភពលោកជាមួយ Anarchak! អ្វីដែលពិសេសបំផុតនោះគឺប្រិយមិត្តនឹងដឹងថាហេតុអ្វីបានជាប៉មនេះទ្រេត?
ប៉មទ្រេតពីសាគឺជាស្ថាបត្យកម្មដ៏អស្ចារ្យ ក៏ដូចជាអច្ឆរិយវត្ថុមួយរបស់ប្រទេសអ៊ីតាលី ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងពីសា ប្រទេសអ៊ីតាលីផ្ទាល់តែម្តង។
ប៉មទ្រេតពីសាមានកំពស់ ៥៥.៨៦៣ម៉ែត្រ គិតចាប់ពីផ្ទៃដីទៅដល់កំពូលទាបបំផុតរបស់ប៉ម និង ៥៦.៧០ម៉ែត្រគិតចាប់ពីផ្ទៃដីទៅដល់កំពូលខ្ពស់បំផុតរបស់ប៉ម ហើយប៉មទ្រេតនេះមាន ៨ជាន់ និងជណ្តើរដែលមាន ២៩៦កាំ។
ប៉មនេះមានអង្កត់ផ្ចិតខាងក្នុងប្រវែង ៧.៣៦៨ម៉ែត្រ និងអង្កត់ផ្ចិតខាងក្រៅប្រវែង ១៥.៤៨៤ម៉ែត្រ ហើយមានទំងន់ប្រមាណ ១៤៥០០តោន។
សព្វថ្ងៃនេះ ប៉មទ្រេតពីសាទ្រេតចេញពីអ័ក្សឈរនៅក្រោមមុំប្រមាណ ៣.៩៩ដឺក្រេ ក៏ប៉ុន្តែប៉មទ្រេតពីសាធ្លាប់ទ្រេតចេញពីអ័ក្សឈរនៅក្រោមមុំប្រមាណ ៥.៥ដឺក្រេឯណោះ។ ក្រោយមកអ្នកជំនាញក៏កែតម្រូវភាពទ្រេតនៃប៉មមួយនេះនៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ២០០១ ។
ប៉មទ្រេតមួយនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ១១៧៣ ក្នុងគោលបំណងទាក់ទាញប្រជាពលរដ្ឋនៃទីក្រុង និងតំបន់ដទៃទៀតឱ្យមកទស្សនា និងធ្វើទេសចរណ៍នៅក្នុងទីក្រុងពីសា ដោយហេតុថាទីក្រុងនេះធ្លាប់បម្រើការជាកំពុងផែសមុទ្រដ៏ធំមួយរបស់ប្រទេសអ៊ីតាលី។
លោក Bonanno Pisano និងលោក Gherardo din Gherardo ត្រូវបានគេស្គាល់ថាជាស្ថាបត្យករជនជាតិអ៊ីតាលីពីរនាក់ ដែលទទួលខុសត្រូវលើការសាងសង់ប៉មពីសានៅក្នុងដំណាក់កាលដំបូងបង្អស់។
ក៏ប៉ុន្តែការសាងសង់ប៉មពីសានេះត្រូវបានអាក់ខានដោយសារ សង្គ្រាមរាំរៃ បំណុលដែលធ្វើឱ្យខ្វះខាតថវិកាសាងសង់ ព្រមទាំងការរង់ចាំនូវរាល់ដំណោះស្រាយទាំងឡាយរបស់ក្រុមវិស្វករ ដើម្បីកែតម្រូវភាពទ្រេតនៃប៉មមួយនេះ។
តាមការពិតទៅ នៅក្នុងរយៈពេល៥ឆ្នាំដំបូងនៃការសាងសងប៉មពីសា ប៉មមួយនេះនៅឈរត្រង់នៅឡើយទេ ក៏ប៉ុន្តែបន្ទាប់ពីសាងសង់ជាន់ទីបីនៃប៉មនេះរួចរាល់នៅក្នុងឆ្នាំ១១៧៨ ប៉មពីសាក៏ចាប់ផ្តើមទ្រេតបន្តិចម្តងៗ ដោយសារតែវាត្រូវបានគេសាងសង់ឡើងនៅលើសណ្ឋានដី ដែលមានសមាសភាគដីឥដ្ឋដែលមានលក្ខណៈជ្រាយទន់ និងមិនអាចទ្រទ្រង់ទម្ងន់ធ្ងន់បាន។
រហូតមកដល់ឆ្នាំ ១៣៧២ ទើបប៉មទ្រេតពីសាត្រូវបានសាងសង់ចប់សព្វគ្រប់រួចរាល់ ក្រោមការគ្រប់គ្រង និងទទួលខុសត្រួវរបស់ស្ថាបត្យករជនជាតិអ៊ីតាលីមួយរូប ដែលមានឈ្មោះថា Tommaso di Andrea Pisano។
ការពន្យាពេលការសាងសង់ប៉មទ្រេតពីសាអស់រយៈពេលយ៉ាងយូរបែបនេះ បានធ្វើឱ្យសណ្ឋានដីនៃតំបន់នោះមានការប្រែប្រួលបន្តិចម្តងៗទៅជាហាប់ណែនជាងមុន ដែលអនុញ្ញាតិឱ្យប៉មទ្រេតពីសាមួយនេះនៅឈរបានយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃនេះ៕
ប្រភព អាណាចក្រ
By Dani


