អគ្គិសនីកម្ពុជា៖ ចាប់ពីថ្ងៃទី០១ ខែមករាតទៅ ថ្លៃភ្លើងតាមបារែមថ្មីរបស់រាជរដ្ឋាភិបាល៤៨០៛/kw


(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំថា ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ តម្លៃអគ្គិសនីតាមបារែមថ្មី របស់រាជរដ្ឋាភិបាល ៤៨០រៀលក្នុងមួយគីឡូវ៉ាត់នោះ នឹងដំណើរការ នៅតាមផ្សារនានា ពិសេសផ្សារនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
ការប្តេជ្ញារបស់អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជា គឺធ្វើឡើងដើម្បីឲ្យស្របទៅតាម អនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញ ឲ្យបញ្ចុះតម្លៃអគ្គិសនីបន្ថែម នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
ការបញ្ជាក់បែបនេះ របស់អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជា ត្រូវបានធ្វើឡើង នៅពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគ និងផ្សារឯកជនទាំងអស់ នៅក្នុងរាជធានី នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ មន្រ្តីជំនាញពាក់ព័ន្ធ និងប្រធានផ្សារទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។
លោក កែវ រតនៈ បានលើកឡើងថា អគ្គិសនីកម្ពុជា មានបញ្ហាប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិសនី ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលរកស៉ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅក្នុងខុនដូ។ សម្រាប់ខុនដូ ភ្លើងដែលផ្គត់ផ្គង់ដោយឯកជន ចែកចាយបន្តមានតម្លៃ ចាប់ពី១៥០០ ទៅ២០០០រៀល ហើយបញ្ហានេះ បាននឹងកំពុងប្រជុំ ដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជា ជាអ្នកលក់ដូរភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី។
ពាក់ព័ន្ធនឹងបញ្ហានេះលោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់សហការ ជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក័យបត្រភ្លើងនៅក្នុងផ្សារ ដើម្បីធ្វើសំណើរមកក្រុង ក៏ដូចជាទៅខុទ្ទកាល័យសម្តេចតេជោ និងក្រសួងពាក់ព័ន្ធ។ នៅពេលសំណើរនេះចុះមកវិញ ត្រូវអនុវត្តន៍តែម្តង ដើម្បីអនុវត្តន៍តម្លៃភ្លើងថោក ទៅតាមអនុសាសន៍សម្តេចតេជោ។
លោក កែវ រតនៈ បានបញ្ជាក់ថា «ការអនុវត្តនេះ ក្រុមការងារ ក្រោមការសហការពីអាជ្ញាធររាជធានី យើងនឹងធ្វើឲ្យបានជោគជ័យ យ៉ាងយូរក្នុងសប្តាហ៍ទី៣ ក្នុងខែមករា ២០១៩នេះ ដោយអគ្គិសនី នឹងបញ្ចុះតម្លៃទៅតាមប៉ារ៉ែមថ្មី របស់រដ្ឋាភិបាលគឺ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ ទោះបីក្នុងស្ថិតក្នុងរូបភាពយ៉ាងណាក៏ដោយ។ តែផ្ទុយទៅវិញ បើក្រុមហ៊ុនឯកជន នៅក្នុងផ្សារនានា មិនអនុវត្តន៍តាម យើងនឹងបិទអាជីវកម្មតែម្តង»។
លោកបញ្ជាក់ទៀតថា បើប្រជាពលរដ្ឋមានបញ្ហាមិនប្រក្រតី ពាក់ព័ន្ធនឹងអគ្គិសនី សូមទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈចូលមកហ្វេសប៊ុក អគ្គិសនីកម្ពុជានឹងចាត់ការជូនភ្លាមៗ។ លោកបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះ នឹងកែទម្រង់វិក័យបត្រថ្មី ដើម្បីឲ្យសេវាខិតជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។
លោកឃួង ស្រេង បានជំរុញឲ្យផ្នែកជំនាញ អាជ្ញាធរខណ្ឌទាំងអស់ ធ្វើការងារពាក់ព័ន្ធនឹងការ តបណ្តាញភ្លើងរដ្ឋចូលផ្សារនេះ ឲ្យបានលឿន ពោលគឺអាចឲ្យអាជីវករ បានប្រើប្រាស់ភ្លើងរដ្ឋបានយ៉ាងយូរ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ លោកបន្តថា អាជីវករ ក៏ជាប្រជាពលរដ្ឋដែរ ដូច្នេះត្រូវប្រើប្រាស់ភ្លើងតម្លៃរដ្ឋ។
លោកបានបន្ថែមថា ប៉ុន្តែតម្លៃខាតបង់យ៉ាងម៉េច អាជ្ញាធរជាអ្នកប៉ះប៉ូវ ចំពោះក្រុមហ៊ុនឯកជន។ បញ្ហារៀបចំបណ្តាញភ្លើង បើមិនប្រក្រតីអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវស្នើមកអគ្គិសនីកម្ពុជា ដើម្បីឲ្យគាត់រៀបចំ។
បើតាមលោក ឃួង ស្រេង ចំពោះគណៈកម្មាការផ្សារ ត្រូវធ្វើរបាយការណ៍មកខណ្ឌ មករាជធានី ដើម្បីរៀបចំបញ្ចុះតម្លៃភ្លើង។ គណៈកម្មាការផ្សារ ត្រូវមើលឲ្យមែនទែន ការឡើងថ្លៃទឹក ភ្លើង បើផ្សារគ្រប់គ្រងមិនបានទេ ប្រធានផ្សារមានបញ្ហាហើយ ដោយលោកនឹងដកចេញ ហើយអាចដាក់បញ្ចូលសហគមន៍ ក្នុងផ្សារធ្វើជាប្រធានវិញ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធិសម្ពោធបើកឲ្យប្រើប្រាស់ វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង បានបានប្រកាសថា តម្លៃប្រើប្រាស់អគ្គីសនី នៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗ។
ប្រភេទទី១៖ ការទិញតាមចរន្តតុងស្យុងខ្ពស់ បច្ចុប្បន្ននេះគឺតម្លៃ 0,1240$/Kwh (៥០៣៛) និងចុះនៅត្រឹម 0,1170$/Kwh (៤៧០៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០/ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម អនុស្ថានីយ នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះតម្លៃ 0,1475$/Kwh (៥៩៨៛) និងចុះទៅដល់ 0,1350$/Kwh(៥៤៧៛) នៅឆ្នាំ២០១៩ និងនៅឆ្នាំ២០២០ 0,1330$/Kwh (៥៣៩៛)/ អ្នកទិញតាមចរន្តតង់ស្យុងមធ្យម តាមខេត្តដែលតម្លៃបច្ចុប្បន្នគឺ 0,1260$/Kwh (៥១១៛) ដែលនឹងចុះដល់ 0,1220$/Kwh (៤៩៥៛) នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ តម្លៃរក្សាដដែល។
ប្រភេទទី២៖ ប្រភេទប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យម នៃតំបន់ចែកចាយ ដែលបច្ចុប្បន្នគឺតម្លៃ 0,1650$/Kwh (៦៧៦៛) នៅក្នុងរាជធានីភ្នំពេញ និង 0,1640$/Kwh (៦៧២៛) នៅតាមខេត្ត ដែលនឹងបញ្ចុះតម្លៃចុះ 0,1470$/Kwh (៥៩៥៛) ឆ្នាំ២០១៩ និង 0,1460$/Kwh(៥៩២៛) ឆ្នាំ២០២០។
ប្រភេទទី៣៖ គឺប្រើប្រាស់ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យម នៃតំបន់ចែកចាយ តម្លៃបច្ចុប្បន្នគឺ 0,1650$/Kwh (៦៧៦៛) នៅទីក្រុងភ្នំពេញ 0,1640$/Kwh(៦៧២៛)នៅតាមបណ្ដាខេត្ត ដែលនឹងចុះនៅត្រឹម 0,1590$/Kwh (៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះនៅត្រឹម 0,1580$/Kwh (៦៤០៛) នៅឆ្នាំ២០២០។
ប្រភេទ៤៖ ប្រភេទប្រើប្រាស់តាមលំនៅស្ថាន ១ដល់១០Kwh ក្នុង១ខែ ដែលការប្រើប្រាស់បច្ចុប្បន្នភ្នំពេញគឺ ៦១០៛/Kwh និងតាមខេត្ត៤៨០៛/Kwh ដែលនឹងចុះនៅត្រឹម៣៨០៛/Kwh នៅឆ្នាំ២០១៩ និង២០២០/ ការប្រើប្រាស់ចាប់ពី ១១ដល់៥០Kwh ដែលការប្រើប្រាស់បច្ចុប្បន្នគឺ ៦១០៛/Kwh នឹងចុះនៅត្រឹម៤៨០៛/Kwh នៅឆ្នាំ២០១៩ ២០២០/ ការប្រើប្រាស់ចាប់ពី ៥១Kwh ដល់ ២០០Kwh ក្នុង១ខែ ដែលពេលនេះ នៅភ្នំពេញគឺ ៧៧០៛/Kwh តាមបណ្ដាខេត្ត៧២០៛/Kwh នឹងចុះនៅត្រឹម៦១០៛/Kwh នៅឆ្នាំ២០១៩ ២០២០/ លំនៅដ្ឋានដែលប្រើប្រាស់លើសពី ២០០Kwhក្នុង១ខែ ដែលបច្ចុប្បន្នតម្លៃគឺ ៧៧០៛/Kwh នៅក្រុងភ្នំពេញ និង៧៥០៛/Kwhនៅតាមខេត្ត ដែលនឹងចុះថ្លៃនៅត្រឹម ៧៤០៛/Kwh នៅឆ្នាំ២០១៩ និង៧៣០៛/Kwh នៅឆ្នាំ២០២០។
ប្រភេទទី៥៖ ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩៖០០យប់ ដល់ម៉ោង៧៖០០ព្រឹក ត្រូវបង់៤៨០៛/Kwh នៅបន្ត ៤៨០៛Kwh ដដែល។
ប្រភេទទី៦៖ ការប្រើប្រាស់នៅតាមសាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព តម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងចុះនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ និង២០២០។
ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើឲ្យកម្ពុជា ទទួលបាននូវសមិទ្ធិផលថ្មីៗ ធំៗ ជាបន្តបន្ទាប់ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕
By Fresh News


