សេរីភាព និងដុំបាយ (បទពាក្យ៩)



កំណាព្យ៖
ទោះអ្នកតូចក៏ដូចធំតែងស្រដី ទារសេរីភាពរស់នៅលើលោកា
ឯសេរីភាពនិយាយស្តីធម្មតា គេត្រូវការចង់បានពេកពន់លើលោក។
រីសេរីភាពសរសេរតែងនិពន្ធ បញ្ញាជនសែនស្រឡាញ់ជាប់ចិត្តជោក
ចង់ផ្សព្វផ្សាយផ្តល់មតិដោយប្រាជ្ញព្រោក តាមអធ្យាស្រ័យរបស់មនុស្ស។
មានសេរីភាពអ្នកតូចអ្នកធំដែរ ឬអ្នកស្រែអ្នករាជការកម្មករកុះ
ក៏ត្រូវការសេរីភាពព្រមស្របស្រុះ ពិនិត្យចុះសេរីភាពនោះខុសគ្នា។
បើច្រើនម៉្លេះតើសេរីភាពប្រសើរ អើនោះតើអ្វីទៅក្នុងលោកា
ហៅសេរីភាពតាមផ្លូវច្បាប់នេះណា ជាសមតាមសម្រាប់មនុស្សគ្រប់ៗរូប។
រីដុំបាយជាវត្ថុចាំបាច់ណាស់ លើសន្និវាសសម្រាប់សត្វលោកស្រស់ស្រូប ទោះនរណាក៏ត្រូវការដុំបាយហូប គ្រប់ៗរូបដើម្បីរស់រាន់លើលោក។
អ្នកតូចឃ្លានអ្នកធំមានហូបមិនអស់ អ្នកក្រខ្សោះអ្នកមាននោះសល់គរគោក នៅជិតគ្នាគួរជួយគ្នាតាមអធ្យោគ លោកអើយលោកប្រមើលមើលអ្នកក្រផង។
ដុំបាយថ្លៃអើយសែនថ្លៃពេលទុរភិក្ស ថ្លៃពន្លឹកជាងសេរីភាពតែម្តង ពេលសន្តិភាពសេរីភាពល្អកន្លង អស់រាស្រ្តផងស្នេហ៍សេរីភាពជាងបាយ។
អ្នកចេះដឹងប្រឹងទាមទារសេរីភាព ជនពាលទាបត្រូវការធនធានរីករាយ មិនមានទុក្ខមរណៈក្នុងរូបកាយ ពឺតសប្បាយសប្បាយហិនអីហិនទៅ។

