ក្រុមហ៊ុនសំរាម ជប៉ុនបោះទុនវិនិយោគតម្លើងោងចក្រកែច្នៃសំរាមធំមួយនៅខេត្តស្វាយរៀង

នៅថ្ងៃទី២២ ខែឧសភា ឆ្នា២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) តំណាងអង្គការ JICA និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគដំឡើងរោងចក្រកែច្នៃសំរាមក្នុងខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បានជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ ដែលរហូតមកដល់បច្ចុប្បន្នបាននិងកំពុងត្រៀមដំឡើង និងសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសរួចមកហើយនោះ។
លោកនាយកក្រុមហ៊ុនជប៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាលខេត្ត ដែលតែងតែគាំទ្រ និងសហការជាមួយក្រុមហ៊ុន ហើយព្រោះតែកិច្ចសហការគាំទ្រយ៉ាងល្អប្រសើរនេះ ទើបក្រុមហ៊ុនរបស់លោកឈានមកដល់សម្រេចលទ្ធផលគួរជាទីមោទនៈបែបនេះ និងសូមសំណូមពរដល់ឯកឧត្ដមអភិបាលខេត្ត បន្តជួយសហការដើម្បីអនុវត្តកិច្ចការដែលនៅសេសសល់ឲ្យសម្រេចបានលទ្ធផល ១០០% នាពេលខាងមុខ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានជ្រើសរើសការវិនិយោគនៅក្នុងខេត្តស្វាយរៀង និងសម្ដែងនូវការគាំទ្រចំពោះគម្រោងនេះ ហើយរយៈពេលជាង១ឆ្នាំកន្លងមក ចាប់តាំងពីបានជួបពិភាក្សាជាមួយក្រុមហ៊ុនលើកទី១ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ហើយនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះសម្រេចបានលទ្ធផលជោគជ័យជាស្ថាពរ ព្រោះថាការបង្កើតរោងចក្រកែច្នៃសំរាមទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារឹមនេះ មិនត្រឹមតែបានផ្ដល់ការងារធ្វើបន្ថែមជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណទីក្រុងផងដែរ៕
អត្ថបទដោយ៖ ម៉ន វុទ្ធា
[email protected]

