៚ជិះសេះលេងកម្សាន្តនៅកែប មានប្រជាប្រិយភាពពីទេសចរណ៍






ក្រៅពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតថែមទាំងតំបន់ ទេសចរណ៍ធម្មជាតិ មានកោះ និងជ្រលងភ្នំ ដែលមិនរំលងចក្ខុ ជាមួយនឹងឱជារស អាហារសមុទ្រដ៏គួរឲ្យទទួលទានហើយនោះ បច្ចុប្បន្នខេត្តតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅទិសនិរតីមួយនេះ ក៏បានផុសចេញនូវសេវាទេសចរណ៍ដ៏ថ្មីស្រឡាងដើម្បីទាក់ទាញភ្ញៀវ បន្ថែមទៀតនោះគឺជាសេវាដឹកភ្ញៀវទេសចរណ៍ដោយប្រើយានជំនិះសត្វជើង បួន ។
ការបង្ហើបឲ្យដឹងពីម្ចាស់សេវាកម្មជិះសេះជាជនជាតិបារាំង បានដឹងថា ៖ «នៅស្រុកខ្មែរការជូនដំណើរភ្ញៀវដោយប្រើសេះនេះ មានមិនលើសពីកង់បីឡើយ បូករួមនឹងកន្លែងខ្ញុំ» ។ ក្នុងវ័យ ៥៥ឆ្នាំជនជាតិបារាំងឈ្មោះ ឌី យ៉េ បានរៀបរាប់មួយៗថា សម្រាប់សេវាជិះសេះលេងនេះត្រូវបានបើកលើកដំបូងនៅខេត្ត សៀមរាប ទីពីរនៅរាជធានីភ្នំពេញ និងទីបីស្ថិតនៅក្នុងខេត្តកែប ។
លោក បានប្រាប់ថា ៖ «បន្ទាយសេះរបស់ខ្ញុំនៅក្រុងកែបនេះ ចាប់កំណើតឡើងនៅឆ្នាំ ២០០៣ ដោយមានចំនួនសេះ ៩ក្បាល។ តែមកដល់ពេលនេះ កើនដល់ ១២ក្បាលហើយ» ។ ទោះយ៉ាងណា ចំនួនសេះកើនឡើងបែបនេះក៏ជាឧបសគ្គមួយសម្រាប់កន្លែងរបស់លោកផងដែរ ។ អង្អុយនៅខ្នងសេះ ដូចជាតួកុនហូលីវូដ ម្ចាស់«បន្ទាយសេះ»រូបនេះបានពោលថា៖ វាមិនប្រសើរមែន សម្រាប់ការបើកចិញ្ចឹមសត្វសេះនេះ បើទោះមានភ្ញៀវទេសចរណ៍និយមមកជួលជិះដើរកម្សាន្តក៏ដោយ។
ពេលនេះសេះបានកើនច្រើនពី៩ក្បាលទៅជាង១០ក្បាលហើយ ពេលរដូវនេះ ខែប្រាំងមិនសូវសម្បូរចំណីទេ យើងគិតលក់វាចេញខ្លះទុកទៅ៨ក្បាលវិញបានហើយ។ លោកបានប្រាប់ថា៖ ភ្ញៀវមកជួលសេះជិះកម្សាន្ត ភាគច្រើនមានតែភ្ញៀវបរទេស។ ពួកគេខ្លះមកដល់ខេត្តកែបក៏ទាក់ទង ហើយខ្លះទាក់ទងមុនតាមទូរស័ទ្ទ និងអុីនធឺណិត ដោយក្នុងនោះមានភ្ញៀវខ្មែរមកមួយៗ។
ប៉ុន្តែលោក ឌី យ៉េបានបញ្ជាក់ថា៖ «ខ្ញុំមកស្រុកខ្មែរគឺមកចិញ្ចឹមសេះ ព្រោះកូនៗនៅបារាំងគាត់ចូលចិត្តសត្វសេះហើយពួកគេនៅទីនោះ ជាកីឡាករជិះសេះ។ ដូចនេះទោះជាការចិញ្ចឹមសេះមានភាពលំបាក ឬមិនចំណេញក៏ដោយ ក៏ខ្ញុំរីករាយដែរ»។
អ្នកនាង សុខ ស្រីមុំដែលជាអ្នកគ្រប់គ្រងបន្ទាយសេះ និងជាភរិយារបស់លោក ឌី យ៉េ នោះបានឲ្យដឹងថា៖ «ពិតណាស់ការបម្រើសេវាជួលសេះឲ្យភ្ញៀវជិះកម្សាន្តនៅតំបន់ខេត្តកែប ចង់ជិះចូលព្រៃឡើងភ្នំ ឬដើរក្នុងក្រុងក៏បាន។ សេវាកម្មនេះញេញនិយមណាស់សម្រាប់ទេសចរណ៍ ជាពិសេសភ្ញៀវបរទេស។ មួយយ៉ាងហោចណាស់ក៏មានភ្ញៀវមកមួយក្រុមទៅពីរក្រុមដែរ មិនដែលមានថ្ងៃណាអត់មានភ្ញៀវនោះទេ»។
អ្នកគ្រប់គ្រងបន្ទាយ រូបនេះបានប្រាប់ថា៖ «ការជួលសេះនៅទីនេះកំណត់ម៉ោង ១ម៉ោងសេះសម្រាប់មួយក្បាលមានតម្លៃ២៥ទៅ៣០ដុល្លារ។ ប៉ុន្តែចំណូលនេះយកមកទូទាត់ចំណាយ លើចំណីវាប្រចាំថ្ងៃ និងអ្នកថែប្រចាំខែនោះ មិនមានសល់ចំណេញទេ មានតែខាតក៏មាន»។
អ្នកនាងបានអះអាងថា៖ «ប៉ុន្តែកន្លែងយើងមិនបិទទេសម្រាប់សេវានេះ តែប្រហែលជាត្រូវលក់សេះចេញវិញខ្លះទុកតែ៧ឬ៨សេះ ព្រោះខែប្រាំងពិបាករកស្មៅឲ្យសុីណាស់»។ គួររំឮកផងដែរថាកាលលោក ហាស សារ៉េតនៅជាអភិបាលខេត្តកែប លោកធ្លាប់ថ្លែងពីគម្រោងស្ថាបនាផ្លូវព័ទ្ធជុំវិញភ្នំសម្រាប់ឲ្យភ្ញៀវជិះសេះកម្សាន្តហើយពេលនោះ លោកក៏បានជំរុញឲ្យពលរដ្ឋខេត្តកែបចិញ្ចឹមសេះ ទុកសម្រាប់ភ្ញៀវជួលផងដែរ។
លោកស្រី ព្រំ ចំរើនអភិបាលរងខេត្តមានប្រសាដន៍ថា៖ «ការចិញ្ចឹមសេះរបស់ជនជាតិបារាំងធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ច្រើន»។ ឥលោកស្រីអភិបាលរងបន្តថា ភ្ញៀវទេសចរណ៍កាន់តែកើនឡើងក្នុងមួយឆ្នាំៗដូច្នេះលោកស្រីគាំទ្រដល់ការចិញ្ចឹមសេះសម្រាប់ជួលឲ្យភ្ញៀវជិះលេងកម្សាន្តហើយវាគឺជាមោទនភាពរបស់ខេត្តកែបផងដែរ ដែលមានសេវាសកម្សាន្តអារម្មណ៍ប្លែកៗក្រៅពីមុជទឹកសមុទ្រ និងទទួលយកខ្យល់សមុទ្របរិសុទ្ឌផងដែរ៕


