សូមកំដរអារម្មណ៍ថ្ងៃឈប់សម្រាកជាមួយកាព្យនិទាន!

សូមកំដរអារម្មណ៍ថ្ងៃឈប់សម្រាកជាមួយកាព្យនិទាន វែងបន្តិចហើយបើប្រិយមិត្តមិនចង់អានក៏មិនថ្វីដែរ...!
< សំណោកថ្មដា >
(បទពាក្យប្រាំពីរ)
៙ នេះចង់ចារចែងថ្លែងចរចា
មានដុំសិលាប្តីប្រពន្ធ
រស់តែពីរកាយឆ្ងាយហ្វូងជន
ខាំមាត់អត់ធន់ពន់ប្រមាណ។
៙ តាំងពីចាប់ដៃច្នៃគ្រួសារ
ពុំដែលទៅណាពីភូមិឋាន
សន្តតិវង្សពង្សសន្ដាន
ក៏ហាក់ខកខានបានទៅមក។
៙ ត្រមង់ត្រមោចពីរអង្គា
ពឹងយកមេឃាជាជម្រក
យកសត្វជាមិត្តគិតរាប់រក
ជជ្រក់ជជ្រកជោកជាំដាំ។
៙ ប៉ុន្តែផ្លូវចិត្តស្និទ្ធស្នេហ៍ស្មោះ
លើសលន់ឥតខ្ចោះទាស់បំណាំ
ថើបថែស្នេហ៍ស្និទ្ធជិតប្រចាំ
ឥតដែលប្រេះស្រាំគ្រាំគ្រាចិត្ត។
៙ ថ្ងៃមួយទេសចរឆរមកលេង
គគ្រឹកគគ្រេងប្រឡែងស្និទ្ធ
កក្អាយកក្អៀកកៀកផ្តេកផ្តិត
ផ្តួចផ្តើមជម្ពិតនិត្យស្នេហា។
៙ ប្រកៀកប្រកើយឆ្លើយសាសង
ប្រគាក់ប្រគងសងវាចា
ល្អូកល្អឺនភ្លើនលង់ក្នុងកាមា
ភ្លេចគិតថ្មដាឈរនៅក្បែរ។
៙ ថ្មជាភរិយាទារប្តីថា
កើតជាមនុស្សាល្អម៉្លេះទេ
ចង់ក្លាយជាមនុស្សដូចពួកគេ
បងឆ្លៀតទំេនរកែអូនផង។
៙ ថ្មប្តីនៅទ្រឹងសម្លឹងមុខ
ប្រពន្ធរំអុកទុក្ខសៅហ្មង
ជលនេត្រហូរជ្រែកភ្នែកទាំងសង
យំលួងអន្ទងបងជាប្តី។
៙ រីឯស្វាមីស្រដីថា
ម្នាលអូនសិលាឆ្លាគិតខ្លី
ក្លាយទៅជាម្នុស្សឈ្មោះអប្រិយ
រស់លើផែនដីអ្វីមិនខ្មោច។
៙ បំផ្លិចបំផ្លាញគ្មានសោកស្ដាយ
កាប់គាស់កកាយធ្លាយដាច់ដោច
ជ្រោះជ្រៅជ្រលងរងឆេះខ្លោច
បង្ហិនបង្ហោចសព្វសារពើ។
៙ មច្ឆាសត្វព្រៃក្ស័យគ្មានសល់
ចម្បាំងរាំងជល់វល់ល្ងីល្ងើ
ដណ្ដើមទន្ទ្រានរានព្រៃឈើ
ពាលពុតពោលពើធ្វើស្រងោច។
៙ ពិតមែនតែមនុស្សមានវិញ្ញាណ
លោភលន់ស្រេកឃ្លានលានអសោច
ប្រជែងគ្នារស់ឈ្លោះប៉ប៉ោច
រលាយឆេះខ្លោចហោចមិនខ្វល់។
៙ បោកប្រាស់បន្លំផ្សំកុហក
ល្បិចល្បួងអាក្រក់ឆ្មក់កិច្ចកល
ញុះញង់ចាក់រុកទុក្ខកង្វល់
នាំក្តៅក្រហល់ដល់ចិន្ដា។
៙ កិបកេងប្រវ័ញ្ចបាញ់សម្លាប់
ឆក់ប្លន់ចាក់កាប់អ័ព្ទពិចារណ៍
វីវក់លក់លង់ក្នុងកាមា
សីលប្រាំប្រការហាខុសក្បួន។
៙ ដណ្តើមអំណាចគ្នាធ្វើធំ
សូកសុីសន្សំឫកហំហួន
ជិះជាន់គំរាមទាមរុកកួន
លាក់លួចបំពួនខ្លួនកូនចៅ។
៙ សង្គមស្មុតទ្រុឌស្រុតគុណធម៍
អាក្រក់ជាល្អសជាខ្មៅ
អ្នកចេះវិជ្ជាវាកម្លៅ
រីអ្នកល្ងង់ខ្លៅទៅប្រាជ្ញប្រាយ។
៙ អ្នកមានខ្ពង់ខ្ពស់រស់ដូចស្ដេច
អ្នកក្រដូចអាចម៍សឹងដាច់បាយ
អ្នកថ្កើងដូចខែខ្សែស្រឡាយ
អ្នកផ្គាប់ពាក់ផ្កាយចាយឋានៈ។
៙ អ្នកប្រឹងតស៊ូយូរបានរស់
ក្រសក្ដិក្រយសព្រោះស្មោះស្ម័គ្រ
អ្នកខ្លះថ្កុំថ្កើងឡើងវណ្ណៈ
ព្រោះបុិនរាក់ទាក់យកគួរគាប់។
៙ គ្មានភាពភក្ដីប្តីប្រពន្ធ
ផិតសហាយស្មន់អន់គ្រប់សព្វ
ជីវិតស្រស់ថ្លាប្រែស្រពាប់
ស្រពោនមានជាប់សព្វវេលា។
៙ នៅជាតិជាថ្មល្អពេកដែរ
មានបងនៅក្បែរថែរក្សា
បើឃ្លាតទៅឆ្ងាយកាយភស្ដា
ក្រែងគ្មាននរណាសាសងស្ដី។
៙ ភរិយាបង្គំពុំតបត
កែវភ្នែកអង្វរសសម្ដី
ក្រាបទួញសសឹកក្នុងទ្រូងប្តី
ពេញមួយរាត្រីឥតបីស្រាន្ត។
៙ ឃើញច្នេះអាណិតចិត្តភរិយា
ប្តីប្រឹងស្ទុះស្ទាដាប់ឆ្លាក់ប្រាណ
ទាំងយប់ទាំងថ្ងៃឥតសម្រាន្ត
សែនស្រស់ភុំផានលើសឋានត្រៃ។
៙ ឆ្លាក់តែងលម្អពណ៌ពស្ត្រា
សំពត់ក្រមាអាវសាវស្បៃ
គ្រឿងអលង្ការវ៉ែនកងដៃ
ត្បូងកែវចរណៃក្រៃលើសលប់។
៙ ក្រោយពីបានក្លាយកាយជាមនុស្ស
ឆើតឆាយល្អស្រស់មានទាំងសព្វ
វិញ្ញាណស្មារតីដឹងគ្រប់ដប់
ចង់ភប់ប្រសព្វសង្គមថ្មី។
៙ គិតហើយក៏ងាកចូលកៀកកិត
លួងលោមយកចិត្តថ្មជាប្តី
សុំលេងនឹងមនុស្សប្រាំពីរថ្ងៃ
រួចនឹងវិលវៃជួបប្តីវិញ។
៙ សិលាជាប្តីក៏យល់ព្រម
ពោលពាក្យល្មៃល្មមពុំម្នោម្នេញ
កុំទៅយូរពេកបងទន្ទេញ
លើសឆ្នាំមកវិញបងមរណា។
៙ សិលាប្រពន្ធត្រេកអរណាស់
លើកករសំពះពោលប្រាប់ថា
អូនទៅកុំព្រួយមួយសប្តាហ៍
បើខុសសន្យាសង្ខារក្ស័យ។
៙ គ្រាន់តែចូលជុំសង្គមមនុស្ស
ចិត្តប្រែប្រួលអស់ខ្សោះឥតន័យ
ងប់ងល់វល់វក់ជក់ជាប់ដៃ
ភ្លេចគិតប្ដីថ្លៃក្រៃកម្សត់។
៙ ចាប់ផ្តើមមានមិត្តទីជិតឆ្ងាយ
ខ្ជះខ្ជាយសប្បាយភ្លេចគ្រាអត់
ភ្លើតភ្លើនពុលភ្លើងគ្មានចេះហត់
ខូចខុសបែបបទទាំងថ្ងៃយប់។
៙ ចាយរូបរាងកាយចាយសម្ផស្ស
ទាក់ទាញបុរសឥតឈរឈប់
ពីម្នាក់ទៅម្នាក់មិនចេះគ្រប់
មិនថាព្រលប់យប់រាត្រី។
៙ ថ្លែងពីស្វាមីដែលនៅចាំ
ជាច្រើនខែឆ្នាំក្រំហទ័យ
ទន្ទឹងទន្ទេញរេញរីងរៃ
រង់ចាំស្រីថ្លៃទាំងសោកា។
៙ កាលនៅជាថ្មល្អនឹងគ្នា
ទោះបើវេទនាជាម្តេចម្តា
ស៊ូប្រឹងខាំមាត់អត់ចិន្តា
ពុំទោមនស្សាវាចាស្តី។
៙ ទោះបីក្ដៅខ្លាំងរាំងរងា
ស៊ូខំពុះពារភរិយាប្តី
សុីអត់សុីឃ្លានគ្មានស្រដី
ហេតុផលដើម្បីក្តីមង្គល។
៙ ឥឡូវអូនបានប្រាណជាមនុស្ស
ភ្លេចកំណើតអស់លែងសេសសល់
មហិច្ឆតាមិនស្កប់ស្កល់
ថ្ងៃមួយគង់យល់ជាក់មិនខាន។
៙ ពីរឆ្នាំផុតទៅនាងសិលា
រោគជាប់កាយាយាយីប្រាណ
មិត្តភក្តិធ្លាប់រាប់រកប៉ុន្មាន
ប្តូរចិត្តសាមាន្យបានបោះបង់។
៙ រស់រងកម្សត់តែឯកឯង.
កណ្តោចកណ្តែងរែងត្រមង់
នឹកដល់ស្វាមីធ្លាប់ស្មោះត្រង់
ដែលខ្លួនបោះបង់ក្បត់សន្យា។
៙ ទៅដល់កន្លែងរែងរន្ធត់
ឃើញតែសមុទ្រព្រៃព្រឹក្សា
ថ្មប្តីមិនដឹងបាត់ទៅណា
សល់តែថ្មដាតូចមួយដុំ។
៙ ដឹងជាក់ថ្មនេះពិតជាប្តី
បងមានរឿងអ្វីមិនចាំខ្ញុំ
ពោលចប់ស្រវាឱបទួញយំ
មកពីរូបខ្ញុំពុំសច្ចៈ។
៙ មិនគួរបងឆាប់ក្ស័យសង្ខារ
ព្រោះខ្ញុំឫស្យាចំពោះអ្នក
សូមស្បថម្តងទៀតសូមជឿជាក់
ខ្ញុំយាមផ្នូរអ្នកលុះមរណា។
៙ កវីបញ្ចប់តែត្រឹមនេះ
បងប្អូនត្រិះរិះជួយវិចារ
បើសិនលើសលស់ខុសខ្លឹមសារ
សូមប្រោសមេត្តាត្រាប្រណី។
< ចប់ >
អត្ថបទកំណាព្យ៖ ម៉ុក សាខន
រូបភាព ប្រភព ៖ Facebook


