ប្រជុំការគ្រប់គ្រងសំណង់ ក្រោយទទួល លិខិតពីក្រសួង ដែនដីឲ្យបញ្ឈប់ ចេញលិខិតសាងសង់

K
![855009D3-E43C-4E83-8596-B391ACADEDF1.jpeg](https://serey.io/imageupload_data/3e9dbf1630f05252472a329934b150dc78b1f702) ![9CFDAB44-8B84-4CF1-A3C9-608B67DE49A4.jpeg](https://serey.io/imageupload_data/b63485d98d7c8ca6d63f793c468ad89c223cfb20) ភ្នំពេញ ៖ បន្ទាប់ពីបានទទួល លិខិតពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេល ថ្មីៗនេះ ដើម្បីឲ្យបញ្ឈប់ការចេញ លិខិតអនុញ្ញាត ជាគោលការណ៍ដល់ម្ចាស់ សំណង់ឲ្យ ដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាត ពីស្ថាប័នមាន សមត្ថកិច្ច នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋាននានា ស្តីពីការគ្រប់គ្រងសំណង់ ច្បាប់ការងារ និងបញ្ហាបរិស្ថាន ដោយមានការ ចូលរួមពីអាជ្ញាធរដែនដី មន្ត្រីជំនាញ ម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងដែនដី បានផ្ញើ លិខិតទៅអភិបាលខេត្តព្រះសីហនុ ឲ្យបញ្ឈប់ការចេញលិខិតសាងសង់ ក្រោយពីសង្កេត ឃើញមានការសាងសង់ នូវអគារខ្ពស់យ៉ាងស្កេះស្កះ ពីសំណាកអ្នកវិនិយោគ មកពីបណ្តា ប្រទេសជាច្រើន ជាពិសេសពីថៅកែជនជាតិចិន ដោយគ្មានការដឹងលឺ ពីក្រសួងមានសមត្ថកិច្ច ។ លិខិតបន្តថា រដ្ឋបាលខេត្តត្រូវពង្រឹងការគ្រប់គ្រង ការដ្ឋានសំណង់ឲ្យគោរព ច្បាប់បទ ដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។ លោក យន្ត មីន បានបញ្ជាក់ក្នុងកិច្ចប្រជុំថា “កន្លងមកខេត្តបានចេញគោល ការណ៍ឲ្យ សំណង់ខ្លះបានសាងសង់បណ្តើរ រត់ច្បាប់ជាបណ្តើរ ដើម្បីឆ្លើយតបនឹងសភាពការណ៍ អភិវឌ្ឍន៍យ៉ាងគំហុកនៅខេត្តព្រះសីហនុ ។ ការឲ្យសាងបែបនេះ ខ្ញុំបានពន្យល់ថា ក៏មាន មន្ត្រីជំនាញបានចុះពិនិត្យ ជាក់ស្តែងនៅទីតាំង និងលក្ខណៈបច្ចេកទេស នៃសំណង់នោះ ដែរ”។ លោកថា ថ្មីៗនេះក្រសួងដែនដី បានប្រាប់រដ្ឋបាលខេត្តឈប់ ឲ្យចេញលិខិតគោលការណ៍ ឲ្យសាសង់មុនច្បាប់អនុញ្ញាតដោយ តម្រូវឲ្យរងចាំរត់ច្បាប់រួចរាល់សិន។ ប៉ុន្តែទោះបីជាមានលិខិតពីក្រសួងក៏ដោយ ក៏លោកបានអះអាងថា ចំពោះសំណង់ត្រឹម ៣.០០០ការ៉េ ចុះក្រោមជាសមត្ថកិច្ចរបស់ខេត្ត ហើយខេត្តនឹងពិនិត្យជម្រុញ ការរត់ច្បាប់ បានលឿនបំផុត តែចំពោះសំណង់ណាដែលជាសមត្ថកិច្ចរបស់ក្រសួងលោក ក៏នឹងជួយ ជម្រុញឲ្យបានលឿនផងដែរ។ អភិបាលខេត្តព្រះសីហនុបន្តទៀតថា ទោះជាបែបនេះក្តី ម្ចាស់គម្រោងនៃសំណង់ខ្លះ នៅតែទទូចស្នើសុំសាងសង់បណ្តើរ រត់ច្បាប់បណ្តើរ ដោយលើកហេតុផលថា ការរត់ច្បាប់ ហាក់ ត្រូវចំណាយពេលយូរពេក ។ ណាមួយទៀតពួកគាត់ខ្លះយកប្រាក់កម្ចីពីធនាគារដើម្បីធ្វើការវិនិយោគ ។ បើកាលណាការ រត់ច្បាប់ចំណាយពេលយូរនាំឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម ។ ចំណែកលោក ជិន សេង អនុប្រធានមន្ទីរដែនដី ខេត្តព្រះសីហនុ លើកឡើងថា “តាមបទដ្ឋាន បច្ចេកទេសនៃសំណង់ត្រូវតែគោរពតាមលក្ខខណ្ឌចាំបាច់ ដែលច្បាប់បានកំណត់ និងស្នើឲ្យ អ្នកម៉ៅការ ឬម្ចាស់គម្រោងទាំងឡាយ ត្រូវចូលរួមអនុត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាភាពល្អ ប្រសើរ”។ លោកបន្តថា ទន្ទឹមនឹងនេះក្រសួងដែនដី ក៏បានបង្កើតក្រុមការងារ ចំពោះកិច្ចមួយដើម្បី តាមដាន ការដ្ឋានសំណង់ទាំងឡាយនៅខេត្តព្រះសីហនុ ។ ប្រសិនជាការដ្ឋានសំណង់ ណាមិនបានបំពេញគ្រប់ តាមលក្ខខណៈបច្ចេកទេសត្រឹមត្រូវទេ នឹងផ្អាកសំណង់ជាបណ្តោះ អាសន្ន។ លិខិតដ៏កម្រចេញដោយក្រសួងដែនដី កាលពីថ្ងៃ៣ តុលា បន្តទៀតថា ការដ្ឋានសំណង់ជា ច្រើន ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិងកំពុងដំណើរការ សាងសង់ខ្លះជិតរួច ទាំងស្រុងទៅហើយ ពុំមានលិខិតអនុញ្ញាតសាងសង់ទេ មានតែគោលការណ៍ឲ្យដំណើរ ការសាងសង់មុនទទួលបានលិខិតអនុញ្ញាត សាងសង់ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ដែលផ្ទុយទៅនឹងស្មារតីនៃអនុក្រឹត្យ ចេញកាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការអនុញ្ញាត សាងសង់បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់ ៕ ដោយ៖ ធី លីថូ

Comments